ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការពន្យល់អំពីអត្ថន័យ និងផលប្រយោជន៍ពិតប្រាកដ ដែលបានមកពីនយោបាយ ឈ្នះ ឈ្នះ ។ ក្នុងនៅនយោបាយ ឈ្នះ ឈ្នះ បានផ្តល់នូផលប្រយោជន៍មួយចំនួន ដែលនាំមកនូវការឯកភាពទឹកដីបានបញ្ចប់សង្គ្រាមប្រដាប់អាវុធទាំងស្រុងដែលនាំមកនូវការអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍«នយោបាយឈ្នះ ឈ្នះ»និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម«នយោបាយឈ្នះ ឈ្នះ»របស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានពន្យល់អំពីអត្ថន័យនិងផលប្រយោជន៍ពិតប្រាកដនៃនយោបាយ ឈ្នះ ឈ្នះ។
ផលប្រយោជន៍ទី១-សង្គ្រាមនិងជម្លោះប្រដាប់អាវុធត្រូវបានបញ្ចប់ទាំងស្រុងការស្លាប់ ឬ របួស ឬការប្រើប្រាស់ដោយសារសង្គ្រាមមិនមានទៀតទេ រយៈពេល២០ឆ្នាំចុងក្រោយនេះ។ យើងត្រូវដាក់តាំងជាសំណួរថា ប្រសិនរយៈពេល២០ ឆ្នាំនេះ សង្គ្រាមនៅតែបន្តតើជីវិតមនុស្សស្លាប់អស់ប៉ុន្មាន ?ពិការប៉ុន្មាន? ត្រូវប្រើថវិកាប៉ុន្មាន? តើយើងមានលទ្ធភាពដើម្បីកសាងប្រទេសដូចសព្វថ្ងៃនេះឬទេ? នោះហើយជាសំណួរដែលមនុស្សគ្រប់រូប សូម្បីតែអ្នកដែលប្រឆាំងផ្កាប់មុខដល់ណាក៏ដោយ ក៏សូមទទួលស្គាល់នូវការពិតនេះ អ្នកបានចូលមហាវិទ្យាល័យ អ្នកបានចូលសាលា អ្នកបានធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងផ្ទៃប្រទេសគឺវាបានចាប់ផ្ដើមចេញពីការបញ្ចប់សង្គ្រាមទាំងស្រុង ហើយយុទ្ធជន យុទ្ធនារី របស់យើងគឺមិនមានការស្លាប់ឬរបួស ឬការព្រាត់ប្រាស់គ្នាទៀតទេ ក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះ។
ផលប្រយោជន៍ទី២-ដំណើរការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ ឈ្នះ ពីដើមឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ ១៩៩៨ ជាង២ឆ្នាំនេះ យើងមិនបានប្រើប្រាស់គ្រាប់កាំភ្លើងសូម្បី ១គ្រាប់ដើម្បីដោះស្រាយនោះទេ។ យើងដោះស្រាយដោយការយោគយល់ជឿជាក់រវាងខ្មែរ និង ខ្មែរដោយគ្មានការបង្គាប់បញ្ជាពីបរទេស ការជឿទុកចិត្តគ្នានេះហើយដែលធ្វើអោយយើងមានសន្តិភាពរឹងមាំរយៈពេល ២០ ឆ្នាំកន្លងមកនេះជាចំណុចពិសេសខ្លាំងណាស់។ ប្រទេសខ្លះមានកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់មិនបានអនុវត្តទេ ទាំងប្រទេសនៅក្នុងតំបន់យើងនេះនិងមានប្រទេសនៅក្រៅតំបន់យើងសុទ្ធតែមានកិច្ចព្រមព្រៀងឈប់បាញ់ ។ ក៏ប៉ុន្តែនយោបាយ ឈ្នះ ឈ្នះ របស់យើងខ្ញុំពុំមានកិច្ចព្រមព្រៀងណាមួយនោះទេ សូម្បីមួយតួអក្សរ គ្រាន់តែមានគោលនយោបាយ ៣ ចំណុច ដូចដែលបានបញ្ជាក់តែប៉ុណ្ណោះ។ នេះការដោយសារជឿទុកចិត្តគ្នា។
ជំនឿទុកចិត្តនោះហើយ ដែលធ្វើឲ្យយើងខ្ញុំមិនចាំបាច់មានកិច្ចព្រមព្រៀងឈប់បាញ់ហើយក៏គ្មានសកម្មភាពនេះហាក់មានការលេចឡើងណាមួយជម្លោះរវាងក្រុមនេះឬក្រុមនោះ នោះទេ នេះគឺជារឿងដ៏ពិសេសពិសាលបំផុតដែលបានធ្វើឲ្យអតីតបួនភាគទីមកនៅតែភាគីមួយប៉ុណ្ណោះ ហើយក្លាយទៅជាកងទ័ពជាតិតែមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង។
ផលប្រយោជន៍ទី៣-សំខាន់បំផុតគឺជាការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដ៏យូរលង់និងឈឺចាប់រាប់រយឆ្នាំរបស់កម្ពុជា។ សម្តេចបានរំលឹកថា ប្រវត្តិសាស្ត្ររបស់កម្ពុជា តាមរយៈមហាបុរសខ្មែរ យើងនឹងបានដឹងថា ចាប់តាំងពីសម័យក្រោយពញាយ៉ាតនាឆ្នាំ១៤៧០ រហូតមក ជាតិខ្មែរតែងមានតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយ។
ផលប្រយោជន៍ទី៤-ប្រជាពលរដ្ឋដែលរស់នៅតំបន់សមរភូមិប្រយុទ្ធ លែងមានការព្រួយបារម្ភរឿងសង្គ្រាមនិងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។
ផលប្រយោជន៍ទី៥-កម្ពុជាគឺជាប្រទេសដែលទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបនិងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយពីបញ្ចប់សង្គ្រាមគឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ ២ សំខាន់ក្នុងការអភិវឌ្ឍប្រទេសគឺ១.ប្រែក្លាយតំបន់សមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍និងតំបន់ទីផ្សារ និង ២. ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍។
ផលប្រយោជន៍ទី៦-ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈកិច្ចប្រជុំអន្តរជាតិសំខាន់ៗជាច្រើនដូចជា EMEC, CLMV និង CLV ជាដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន២លើកមកហើយ និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើនទៀត។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិផងដែរ។
ផលប្រយោជន៍ទី៧-ក្រោយពេលបញ្ចប់សង្គ្រាមភ្លាមគឺមានពាណិជ្ជករនិង អ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ជាពិសេសចំនួនភ្ញៀវទេសចរគឺកើនឡើងជារៀងរាល់ឆ្នាំ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍«នយោបាយឈ្នះ ឈ្នះ»និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោ បាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោហ៊ុន សែន។
ក្នុងសម្លៀកបំពាក់ជានាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះនេះ នឹងបើកឱកាសឲ្យសិស្សានុសិស្ស យុវជន និងប្រជាពល រដ្ឋទាំងអស់មកសិក្សាស្វែងយល់។ សម្តេចតេជោ ហ៊ុន សែន បានថា ផលនៃនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចជាស្ថាបនិកគឺសម្រាប់ប្រជាជនគ្រប់ៗរូប ហើយសម្តេចបានឧទ្ទិសផលនៃនយោបាយឈ្នះ ឈ្នះ នេះ ជូនដល់ប្រជាជននៅទូទាំងប្រទេស បើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ ។ ពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោបានគូសបញ្ជាក់ដែរថា បើមានតែគំនិតតែគ្មានការចូលរួមអនុវត្តន៍ក៏មិនទទួលបានលទ្ធផលជោគជ័យបែបនេះដែរ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ពេលនេះអ្វីដែលជាចំណុចសំខាន់ ដែលសម្តេចចង់លើកឡើងនៅទីនេះពាក់ព័ន្ធជាមួយនឹងដំណើរជាតិដែលវែងឆ្ងាយរបស់កម្ពុជាដែលគួរតែត្រូវបញ្ជាក់នៅពេលវេលាមួយដែលសមស្រប គឺរយៈពេល២០ឆ្នាំ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការចូលរួមទាំងអស់របស់ព្រះសង្ឃគ្រប់អង្គលោក លោកស្រី បងប្អូនជនរួមជាតិក្នុ ងនោះសូមស្វាគមន៍ចំពោះប្រិយមិត្តបរទេសគណៈប្រតិភូមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម,សាធារណរដ្ឋប្រជាមានិតឡាវ,រាជាណាចក្រថៃនិងសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកចូលរួមអបអរសាទរនៅទីនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នយោបាយ ឈ្នះ ឈ្នះ វាជារបស់រួមរបស់ជាតិកម្ពុជា បើទោះបីជាអ្នកនោះមាននិន្នាការនយោបាយខុសគ្នាយ៉ាងណា ក៏ដោយពួកគេមិនទទួលស្គាល់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេបានទទួលផលរួចស្រេចទៅហើយអំពីនយោបាយឈ្នះ ឈ្នះនេះ។ សម្តេចតេជោបន្តថា ក្នុងន័យនេះ ខ្ញុំសូមឧទ្ទិសនូវសមិទ្ធផលនៃនយោបាយឈ្នះឈ្នះជូនចំពោះជនរួមជាតិនៅគ្រប់ទីកន្លែងគ្រប់ទិសទីហើយសូមឲ្យសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ ទាំងនេះបន្តនៅគង់វង្សស្ថិតស្ថេរជាអមតៈនៅលើទឹកដីដ៏កំសត់របស់យើងនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរព្រះគុណចំពោះអតីតព្រះមហាក្សត្រនិងសម្តេចម៉ែដែលកន្លងមកតែងតែគាំទ្រដល់ដំណើរការបង្រួបបង្រួមនិងផ្សះផ្សាជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះរំលឹកពាក់ព័ន្ធនឹងតួនាទីប្រវត្តិសាស្ត្ររបស់សម្ដេចព្រះវរបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ប្រសិនបើព្រះអង្គមិនផ្ដោតលើការគាំទ្រនេះទេ យើងពិតជាមិនអាចសម្រេចនូវការអនុវត្តន៍នយោបាយឈ្នះ ឈ្នះនេះបានទេ ព្រោះព្រះមហាក្សត្រគឺជាព្រះប្រមុខរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថ្វាយចំពោះព្រះករុណាជាអង្គម្ចាស់សម្ដេចព្រះបាទព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលរបស់រាជរដ្ឋាភិបាលក្នុងដំណើរការទូទៅបន្តពីព្រះរាជកិច្ចរបស់ព្រះបិតារបស់ព្រះអង្គ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានគាំទ្រដល់ការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ រហូតបានជោគជ័យ។ សូមយកឱកាសនេះអរគុណចំពោះថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិចនៅក្នុងក្របខណ្ឌដៃគូនៃរដ្ឋាភិបាលចម្រុះ បើទោះបីមានបញ្ហាខ្លះក៏ដោយ ក៏ប៉ុន្តែយើងក៏បានធ្វើកិច្ចការរួមគ្នាដើម្បីនាំមកនូវជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ។ អរគុណចំពោះអតីតកម្លាំងខ្មែរក្រហមដែលគាំទ្រនូវនយោបាយឈ្នះឈ្នះ របស់ខ្ញុំ។ អរគុណបងប្អូនជនរួមជាតិដែលបានគាំទ្រគោលនយោ បាយនិងអនុវត្តនូវនយោបាយនេះ។
សម្តេចតេជោបានបន្តថា អ្វីដែលជាកង្វល់ធំរបស់សម្តេចនៅពេលនោះ គឺប្រជាជនអាចមានការសងសឹកគ្នា។ ប៉ុន្តែទីបំផុតប្រជាជនកម្ពុជាពុំមានការសងសឹកគ្នាណាមួយនោះទេ នេះហើយជាចំណុចល្អដែលធ្វើឲ្យខ្ញុំក៏ដូចជារាជរដ្ឋាភិបាលងាយស្រួលដោះស្រាយបញ្ហា។
សម្តេចតេជោ ហ៊ុនសែនក៏បានអរគុណជាពិសេសចំពោះប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ ពិសេសសម្តេច ទៀ បាញ់,លោក កែ គឹមយ៉ាន,លោក ប៉ុល សារឿន, លោក មាស សុភា និង លោក ម៉ុល រឿប រួមទាំងបណ្តាមេបញ្ជាការយោធភូមិភាគ កងពលធំ និង កងពលតូចនៅតាមបណ្តាខេត្តដែលនៅជាប់ផ្ទាល់ ដូចជាខេត្តកំពត កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ ។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះអតិតមេទ័ពខ្មែរក្រហមមួយចំនួនដូចជា លោក កែវ ពង្ស ,លោក អ៊ី ឈាន និង លោក សុខ ភាព ដែលដំបូងគ្រាន់តែជាអ្នកបះបោរ បន្ទាប់មក បានក្លាយជាប្រតិបត្តិករ ដោយសារពួកគេបានក្លាយជាកម្លាំងរបស់រាជរដ្ឋាភិបាល។
ការប្រារព្ធពិធីសម្ពោធវិមាននយោបាយ ឈ្នះឈ្នះ និងការអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនេះធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ដោយពេលរាត្រីនឹងមានការបាញ់កាំជ្រួចនិងការប្រគុំតន្ត្រីសម្រាប់ជាការកម្សាន្តរបស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនោះក៏ នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតរួមជាការតាំងពិព័រណ៍ផលិតផលជាច្រើនផងដែរ។
ការសាងសង់ឡើងនូវវិមានអនុស្សាវរីយ៍«នយោបាយឈ្នះ ឈ្នះ»គឺជាការកសាងឡើងនូវនិមិត្តរូបនៃការបង្រួបបង្រួមជាតិបិទបញ្ចប់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាព។ វិមានអនុស្សាវរីយ៍នេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៨ហិកតា មានកម្ពស់៥៤ម៉ែត្រនិងទទឹង៣៦ម៉ែត្រស្ថិត នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ»ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខ្មែរសុទ្ធសាធនិងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន ទី១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១.ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីពនិងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ),ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមនិងសារសំខាន់ ទី៣. តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយឈ្នះ ឈ្នះទទួលបានជោគជ័យ។
បរិវេណនៃវិមានអនុស្សាវរីយ៍នេះ មានចែកចេញជា៣ តំបន់រួមមាន តំបន់ទី១ តួវិមានឈ្នះឈ្នះ ដែលបង្ហាញពីនយោបាយឈ្នះឈ្នះ ដោយបង្កប់នូវអត្ថន័យទៅលើការធានា៣យ៉ាង…យុទ្ធសាស្ត្រទាំង៥នៃការរំលាយអង្គការខ្មែរក្រហមនិងកត្តាទាំង៧ដែលធ្វើឲ្យ នយោបាយឈ្នះ ឈ្នះ ទទួលបានជោគជ័យ។ នៅជុំវិញតួវិមានសាងសង់ជាចម្លាក់ហង្ស គ្រុឌ និងរូបដំរីក្បាលបី នាគ និង តោ។ តំបន់ទី២៖ គឺតំបន់សាមគ្គីផល ដែលដាំដើម ឈើ មានតាំងរថ គ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ។ តំបន់ទី៣៖ជាតំបន់សុខដុមរមណីយកម្មដែលមានការសាងសំណង់តាមរចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័នជាដើម៕
Source: Kampuchea Thmey Daily
0 Comments