Ad Code

មេធាវី​ការពារ​ក្តី ​៖ លោក កឹម សុខា ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​មកលើ​រូប​លោកសិន មុន​ឈាន​ដល់​ការ​ទទួលយក​សិទ្ធិ​នយោបាយ​មកវិញ



ភ្នំពេញ​ ៖ តាមរយៈ​មេធាវី​ការពារ​ក្តី លោក កឹម សុខា អ​តីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​រូបលោក​សិន មុន​ឈាន​ដល់​ការទទួលយក​សិទ្ធិ​នយោបាយ​មកវិញ ហើយ​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត ដែល​ជាប់​បម្រាម ក៏​រង់ចាំ​ការ​ទម្លាក់​ចោល​របស់​តុលាការ​នេះដែរ​។

ការ​លើក​ឡើង​របស់​មេ​ធា​វី​ការពារ​ក្តី​លោក កឹម សុខា នេះ បាន​ធ្វើ​ឡើងខណៈ​ការធ្វើ​វិសោធនកម្ម​ច្បាប់ គណបក្ស​នយោបាយ ជិត​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​ទាំង​១១៨​រូប ធ្វើ​នយោបាយ​ឡើងវិញ ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុ​ជា បាន​យល់ស្រប​ជា​ឯកច្ឆន្ទ ចំពោះ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះហើយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី​គណបក្ស ប្រឆាំង​ទាំង​១១៨​រូប អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

លោក ចាន់ ចេ​ន ជា​មេធាវី​ការពារ​ក្តី​មួយរូប​របស់លោក កឹម សុខា បានបញ្ជាក់​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា “​ចំពោះ​ជំហរ​លោក កឹម សុខា គឺជា​ដំបូង​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​រូប​គាត់​សិន​។ ហើយក៏​ដូចគ្នា​ដែរ ចំពោះ​ការ​ទទួលយក​សិទ្ធិ​នយោបាយ​មកវិញ​នោះ អ្នក​ផ្សេងៗ​ទៀត​ជាច្រើន​ក្នុងចំណោម​១១៧​នាក់​នោះ ក៏​គេ​រង់ចាំ​ការ​ទម្លាក់​បទ​ចោទ​លោក​ប្រធាន កឹម សុខា ដើម្បី​ឲ្យ​មាន​សេរីភាព​សិន​ដែរ​”​។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

ការ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិន​ត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu