បន្ទាយមានជ័យ ៖ ជម្លោះក្នុងគ្រួសារមួយរវាងបុរសជាប្តីត្រូវនាងជាប្រពន្ធចាក់២កាំបិតចិតបន្លែចំក្បាល និងក បណ្តាលឲ្យរងរបួសធ្ងន់គ្រាន់តែរឿងប្តីហាមមិនឲ្យប្រពន្ធស្លៀកពាក់ខើចខ្លីពេក នៅព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត់ អឿម អាយុ២៣ឆ្នាំ ចំណែកជនដៃដល់ជាប្រពន្ធឈ្មោះ ភាព ពៅ អាយុ២១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនកើតហេតុគ្រួសារមួយនេះបានផ្ទុះជម្លោះនឹងគ្នា គឺបុរសជាប្តីហាមមិនឲ្យប្រពន្ធស្លៀកពាក់ខើច ឬខ្លីពេក ខ្លាចអ្នកស្រុកពេបជ្រាយ តែនាងជាប្រពន្ធខឹងក៏ផ្ទុះជាជម្លោះឡើងឈានដល់កាប់ប្តី២កាំបិតឲ្យរបួសធ្ងន់
តែម្តង។ ចំណែកស្ត្រីជាម្តាយជនរងគ្រោះដែលដឹកបញ្ជូនកូនចូលមន្ទីរពេទ្យប្រាប់អ្នកយកព័ត៌មានថា ករណីហិង្សាក្នុងគ្រួសារ កូនគាត់កើតមានញឹកញយ ហើយកាលលើកមុននាងជាប្រពន្ធក៏ធ្លាប់កាប់ប្តីឲ្យរបួសម្តងដែរ។
យ៉ាងណាក៏ដោយក្រោយកើតហេតុគេឃើញសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថបានចុះទៅចំណុចនោះភ្លាម ហើយដើម្បីសួរនាំរកមូលហេតុ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីខាងលើជាអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែមិនបានប្រាប់លម្អិតពីដំណើររឿងទាំងស្រុងនោះទេ ហើយថា ស្ត្រីដៃដល់ពេលនេះកំពុងសាកសួរនៅឡើយ។ គេគិតថា បើគ្មានភ្លើងក៏គ្មានផ្សែងដែរ អាចបុរសជាប្តីកើតរោគប្រចណ្ឌ ឬរករឿងប្រពន្ធទើបកើតមានអំពើហិង្សាឡើង ក៏មានដែរ៕
Source: Kampuchea Thmey Daily
0 Comments