Ad Code

ធ្វើ​សន្តិសុខ​ឯកជន ​ប្រាក់ខែ​តិច ​ចាយ​មិន​គ្រាន់ ឆ្លៀត​រត់​ម៉ូតូឌុប​ ក៏ត្រូវ​ចោរ​ហៅ​ជិះ​យក​ទៅ​អារ.ក ​ប្លន់



ភ្នំពេញ ​៖ បុរស​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ម្នាក់​ ត្រូវបាន​ចោរ​អារ.ក​ សម្លាប់ ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១​កន្លះ​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅមុខ​វត្ត​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​សាកសព​ជនរងគ្រោះ​រងគ្រោះ​ឈ្មោះ នុត ច​ន្ថ​ន អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​រោទ៍ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​។​

​មូលហេតុ​ នៃ​ការស្លាប់​នេះ ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញថា នៅមុន​ពេល​កើតហេតុ ជនរង​គ្រោះ នុត ច​ន្ថ​ន បានបញ្ចប់​ម៉ោង​យាម​ប្រចាំការ​នៅ​រោងចក្រ​ផលិត​បារី​មួយ​ មាន​ទីតាំងនៅ​ទល់មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា នៅ​ម៉ោង​២៤​យប់​។ ជា​ទម្លាប់​ក្រោយពេល​បញ្ចប់​ម៉ោង​ស៊ីឈ្នួល​យាមកាម​ឲ្យ​គេ​រួច​ គាត់​តែងតែ​ឆ្លៀត​ចេញមក​រត់​ម៉ូតូឌុប​។ នៅ​យប់​ថ្ងៃកើតហេតុ​ គាត់​ក៏ត្រូវ​ចោរ​ល្បួង​
​ហៅ​ជិះ​យកទៅ​សម្លាប់​ប្លន់​យក​ម៉ូតូ​តែម្ដង ​នៅ​ចំណុច​មុខ​វត្ត​ក្រាំង មាន​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​ស្នាក់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ក្រាំងធ្នង់​។​

​ក្រោយពេល​ចោរប្លន់​ទៅ​បាត់ ​ទើប​មាន​ប្រជាជន​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ ប្រទះ​ឃើញ​សាកសព​ជនរងគ្រោះ​នៅតាម​ផ្លូវ ក៏​នាំគ្នា​ផ្អើល​មក​រាយការណ៍​ប្រាប់​ប៉ូលិស​មូលដ្ឋាន​ឲ្យ​មក​មើល​។​

​សាកសព​មាន​ស្នាមរបួស​ដោយ​ស្នាម​អារ.ក ​នឹង​កាំបិត ឬ ឡាម​(​វត្ថុ​រឹង​) ស្លាកស្នាម​នេះ​ប៉ូលិស​សន្និដ្ឋាន​ជនល្មើស​បាន​ចាប់​អារ.ក ជនរងគ្រោះ ឲ្យ​ស្លាប់​មុនពេល​ប្លន់​យក​ម៉ូតូ​ ដែល​តាម​ការបំភ្លឺ​ពី​កូនប្រុស​របស់​សព​ម្នាក់​ ឈ្មោះ ឡាំ​ រិ​ទ្ឋី ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ បាន​ប្រាប់​ថា ម៉ូតូ​ដែល​ចោរប្លន់​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥។​

​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​អំពើ​ប្លន់​សម្លាប់​កើតឡើង​នៅ​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ក្រាំង​នោះ កាលពី​ប៉ុន្មាន​ឆ្នាំ​ គឺ​នៅក្បែរ​ប៉ុស្តិ៍​តែម្ដង ​ចម្ងាយ​ប្រហែល​តែ​ជាង​១០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​ប៉ុណ្ណោះ​។​

​ទោះបីយ៉ាងណា​ ប៉ូលិស​ភ្នំពេញ ក៏​កំពុងតែ​ប្រឹងប្រែង​ធ្វើការ​ស្រាវជ្រាវ​តាមរក​ចាប់​ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដែល​កន្លងមក​អំពើ​ប្លន់​សម្លាប់​ភាគ​ច្រើន​ត្រូវគេ​ចាប់បាន អំពើ​អាក្រក់​ជា​កម្មពៀរ ​ឈាម​ស្រែក​ស្បែក​ហៅ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu