ភ្នំ​ពេ​ញ ៖ ផ្ទះល្វែង​មួយ​ខ្នង​ ដែល​មាន​លេខ​៤៣C​ផ្លូវ​៤៣BT​ក្រុម​ទី​១​ភូមិ​ត្នោតជ្រុំ​៣​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ខណៈ​ដែល​ម្ចាស់​ស្ថិតនៅ​ក្នុងផ្ទះ​ ហើយ​បញ្ជាក់​ដល់​សមត្ថកិច្ច​ថា​ ទុសេ​ចរន្តអគ្គិសនី​។



តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​ឈ្មោះ​គឹម ស្រី ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ​ថ្ងៃទី​១២​ ខែធ្នូ​នេះ​ គាត់​កំពុង​អង្គុយ​ចុច​ទូរ​ស័ព្ទ​នៅក្នុង​ផ្ទះ​ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពី​ប្រអប់​ភ្លើង​ក្នុងផ្ទះ​ហើយ​គាត់​ក៏បាន​រត់​មក​ក្រៅ​ផ្ទះ​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​។



ភ្លាមៗ​នោះ​ អ្នកជិតខាង​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ពន្លត់​ជា​បន្តបន្ទាប់​អស់​ប្រមាណ​ជា​១១​បំពង់​តែ​មិន​រលត់​ទើប​ទូរ​ស័ព្ទ​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​បាញ់​ពន្លត់​។



ម្ចាស់ផ្ទះ​បាន​បន្ត​ថា ​មូលហេតុ​ដែល​ភ្លើង​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើងៗ​នេះ​ គឺ​ដោយសារ​ឆេះ​រាល​ទៅ​កន្លែង​ស្តុក​ចានជ័រ​ដែល​ដាក់​គរ​ក្នុងផ្ទះ​ទើប​បង្ក​ឲ្យ​កម្លាំង​អណ្តាត​ភ្លើង​ឆេះ​កាន់តែខ្លាំង​។



ទាក់ទិន​ទៅ​ករណី​អគ្គិភ័យ​នេះ​លោក​ពេជ្រ​ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ដែល​លោក​បាន​ចុះ​ទៅដល់​ចំណុច​កើតហេតុ​បាន​មានប្រសាសន៍ថា​ ក្នុង​ហេតុការណ៍​នេះ​ពុំ​មាន​អ្នកណាម្នាក់​គ្រោះថ្នាក់​និង​មិន​បង្ក​ឲ្យ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​នោះ​ទេ ​ព្រោះ​មាន​កិច្ច​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​រហូតដល់​ទៅ​៤​គ្រឿង​។



លោក​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍​កា​រទុសេ​ខ្សែភ្លើង​នៅផ្ទះ​កើតហេតុ​គឺ​មិនដឹង​មកពី​ខ្សែភ្លើង​ចាស់​ ឬ មកពី​ប្រើប្រាស់​ភ្លើង​ហួសកម្លាំង​។ ទោះជា​យ៉ាងណា​ក៏​លោក​អភិបាលខណ្ឌ​បាន​ថ្លែងអំណរគុណ​ដល់​កម្លាំង​សមត្ថកិច្ច​ចំរុះ​ដែល​បាន​ចុះមក​ជួយ​ទាន់សភាពការណ៍​ទាំង​ការ​បាញ់​ពន្លត់​និង​រៀបចំ​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​ដើម្បី​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើដំណើរ​បាន​លឿន​ទាន់ពេល​ដោយ​ពុំ​មានការ​កកស្ទះ​ចរាចរណ៍​។ ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ​គឺ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​ស្ទើរ​ទាំងស្រុង​៕



Source: Kampuchea Thmey Daily