ភ្នំពេញ ៖ ស្របពេលដែលទទួលបានដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ និងដោយមានក្តីអាណិតអាសូរខ្លាំងដល់តារាប្រុសសម្តែង និងកំប្លែងវ័យក្មេង កំប៉ោយ ចៅតា ដែលបច្ចុប្បន្នកំពុងតែចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ, កំពូលតារាចម្រៀងលោកខេមរៈ សិរីមន្ត បានចំណាយថវិកាផ្ទាល់ខ្លួនឧបត្ថម្ភជួយដល់ កំប៉ោយ ចៅតា ចំនួន២លានរៀន។
បើតាមប្រភពពីរង្វង់អ្នកសិល្បៈបានបញ្ជាក់ថា តារាប្រុស កំប៉ោយ ចៅតា បច្ចុប្បន្នកំពុងតែដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ បន្ទាប់ពីតារាវ័យក្មេងរូបនេះបានធ្លាក់ខ្លួនឈឺធ្ងន់និងត្រូវបានក្រុមគ្រួសារបញ្ជូនចូលសង្គ្រោះបន្ទាន់ជាច្រើនថ្ងៃមកហើយនោះ។ ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់ កំប៉ោយ ចៅតា បានធ្វើឲ្យអ្នកគាំទ្រនិងសិល្បៈរួមអាជីពជាច្រើនបង្ហាញក្តីព្រួយបារម្ភហើយថែមទាំងផ្ញើសារជូនពរគ្រប់គ្នាផងដែរ។
ទន្ទឹមពេលជាមួយគ្នានោះតារាចម្រៀងរបស់ផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត ដែលត្រូវបានទស្សនិកជនដឹងថា កន្លងមកលោកធ្លាប់រួមការងារជាមួយកំប៉ោយ ចៅតា តាមរយៈការសម្តែងក្នុងឈុតចម្រៀងរបស់ខ្លួននោះ ក៏មិនឱបដៃឈមើលលើការខ្វះខាតនិងភាពលំបាករបស់ កំប៉ោយ ចៅតា នោះដែរ។ មិនតែប៉ុណ្ណោះលោក ខេមរៈ សិរីមន្ត បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន២លានរៀលឧបត្ថម្ភដល់ កំប៉ោយ ចៅតា ទៀតផង។
ផ្អែកតាមប្រភពពីម្ចាស់Account Facebookមួយបានរៀបរាប់ថា ខ្ញុំបានយកថវិការបស់ប្អូន ខេមរៈ សិរីមន្ត ចំនួន២លានរៀលជូនប្អូន ប៉ោយ ដែលជាតារាសម្តែង និងកំប្លែងដោយប្អូនមានទុក្ខជាទម្ងន់ដោយសារមានជំងឺធ្ងន់ធ្ងរកំពុងព្យាបាលនៅមន្ទីរពេទ្យ ហើយប្អូន ខេមរៈ សិរីមន្ត បានអំពាវនាវដល់សិល្បករទាំងអស់សូមជួយដល់ប្អូនប៉ោយផងព្រោះគាត់នៅក្មេងអនាគតនៅវែងឆ្ងាយ ជួយគ្នាដោយក្តីអាណិតអាសូរ។
សូមបញ្ជាក់ថា ចំពោះការសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនឧបត្ថម្ភជួយដល់ កំប៉ោយ ចៅតា ពីសំណាក់តារាចម្រៀងលោក ខេមរៈ សិរីមន្ត នាពេលនេះដោយហេតុថា កន្លងមកនៅក្នុងបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត មួយចំនួនគេតែងសង្កេតឃើញមានវត្តមានរបស់ កំប៉ោយ ចូលរួមសម្តែងជាមួយកំពូលតារាចម្រៀងប្រុសរូបនេះបង្កឲ្យមានការគាំទ្រតាមរយៈភាពកំប្លុកកំប្លែងរបស់ កំប៉ោយ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments