ភ្នំពេញ ៖ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញនិងលើកទឹកចិត្តឲ្យក្រុមហ៊ុនវិនិយោគលើវិស័យសំណង់ទាំងអស់ត្រូវគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនិងបទដ្ឋានគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធនឹងការគាំពារបរិស្ថានដើម្បីធានាសំណង់មានគុណភាពនិងស្តង់ដារបរិស្ថានខ្ពស់។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអគារការិយាល័យ THE POINTកាលពីព្រឹកថ្ងៃទី១២ធ្នូ លោក សាយ សំអាល់ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនវិនិយោគលើវិស័យសំណង់ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនិងបទដ្ឋានគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធនឹងការគាំពារបរិស្ថាន គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដើម្បីធានាបាននូវសោភណ្ឌភាពគុណភាពសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «ពិតណាស់ការអនុវត្តតាមច្បាប់គតិយុត្តិជាធរមានពីសំណាក់វិនិយោគិននៅកម្ពុជា គឺជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋបរិស្ថានល្អ សុខដុមរមនាក្នុងសង្គម»។
លោករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុន 3DS PROPERTY MANAGEMENT ដែលសាងសង់អគារTHE POINTនឹងកសាងអគារនេះឲ្យក្លាយជាអគារគំរូដោយរួមបញ្ចូលនៃទិដ្ឋភាពសំខាន់ៗនៃអគារឆ្លាតវៃទាំងគុណភាពបច្ចេកទេសទាំងសោភណ្ឌភាពប្រកបដោយរចនាបថដែលឆ្លុះបញ្ចាំងពីវប្បធម៌និងអរិយធម៌ខ្មែរមានដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ធានានូវសន្តិសុខសុវត្ថិភាពព្រមទាំងស្តង់ដារបរិស្ថានសម្រាប់គាំពារកិច្ចបរិស្ថានអនាម័យសុខុមាលភាពដូចជារៀបចំប្រព័ន្ធលូឲ្យបានត្រឹមត្រូវនឹងមានលំហបៃតងសមស្រប។
លោកសាយ សំអាល់ បានបន្ថែមថា វត្តមានអគារTHE POINT នេះនឹងចូលរួមកាត់បន្ថយអត្រានៃភាពក្រីក្រ តាមរយៈការបង្កើតការងារ កាត់បន្ថយចំនួនកម្មករចំណាកស្រុក និងលើកកម្ពស់សេដ្ឋកិច្ចជាតិរបស់យើងមួយកម្រិតទៀត។
លោក ផូរ សុធារៈ អគ្គនាយកក្រុមហ៊ុន 3DS PROPERTY MANAGEMENT បានមានប្រសាសន៍ឲ្យដឹងថា The Point ត្រូវបានរចនាឡើង ជាគោលដៅសម្រាប់ជាកន្លែងទិញទំនិញ ពិសាភោជនីយអាហារ និងជាសួនលំហែដែលមានដើមឈើធំៗព័ទ្ធជុំវិញទៅដោយអគារខ្ពស់ៗ។ កន្លែងលក់ទំនិញដ៏សម្បូរបែបដែលស្ថិតនៅជាន់ផ្ទាល់ដីរបស់ The Point ធ្វើឲ្យអ្នកមកទស្សនាមានភាពងាយស្រួល និងមានអារម្មណ៍ដូចជាកំពុងដើរកំសាន្ត។
ក្រៅពីនេះភាពទាក់ទាញផ្សេងទៀតនឹងកើតមានលើអាងបៃតងដ៏ប្រណិតអមជាមួយដើមឈើធំៗ ដែលជាម្លប់ដល់កន្លែងអង្គុយសម្រាក។
លោកបានបន្តថា អគារ The Pointនេះមានកម្ពស់ ៦ជាន់ និងទំហំ10187.92 ម៉ែត្រការ៉េដែលអាចទទួលបុគ្គលិកបានដល់ 1,000 នាក់ដោយគ្មានជាបញ្ហាចោទនោះទេ។ រីឯចំណតយានយន្ត អាចផ្ទុករថយន្តបានរហូតដល់ 200 គ្រឿង និងទោចក្រយានយន្តរាប់រយគ្រឿងទៀត។
លោកបានបញ្ជាក់ថា អគារនេះគ្រោងបញ្ចប់ការសាងសង់នៅត្រីមាសទី៤ឆ្នាំ២០១៩ខាងមុខនេះដោយគ្រោងនឹងចំណាយថវិកាក្នុងការសាងសង់ប្រមាណជាង៧លានដុល្លារអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments