​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ ឌេ​ន​ភី​ឈិ​ត​(Denphichhit ) នា​រសៀល​ថ្ងៃទី​១៥ ​ធ្នូ​ ២០១៨​ខាងមុខនេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម ។

ឌេ​ន​ភី​ឈិ​ត​នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ តែ​មិនដែល​ប៉ះ​ជាមួយ​ផល សោ​ភ័​ណ្ឌ​នោះទេ ។ ដូច្នេះ​នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ការជួបគ្នា​រវាង​ផល សោ​ភ័​ណ្ឌ និង ឌេ​ន​ភី​ឈិ​ត ។​

បើតាម​លោក​Prosith Phramkeson អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​និយាយប្រាប់​អោយដឹងថា ” ឌេ​ន​ភី​ឈិ​ត​នេះ គេ​មិន​ធ្លាប់​ដែល​ជួប​ផល​សោ​ភ័​ណ្ឌ​ទេ​.......​ជា​ដៃគូ​ទី​១​របស់​ផល សោ​ភ័​ណ្ឌ ហើយ​គេ​ក៏​ជា​កីឡាករ​លំដាប់​របស់​ទូ​រ​ទស្សន៍​ប៉ុស្តិ៍​លេខ​៧​ថៃ​ផងដែរ​...” ។​



ប៉ុន្តែ​គេ​នៅចាំ​បាន​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ​(​ឌេ​ន​ភី​ឈិ​ត​) គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ដង​ហើយ​កន្លងមក តែ​នៅ​សង្វៀន​ផ្សេង​មិនមែន​នៅ​សង្វៀន​របស់​បាយ័ន ។​ឌេ​ន​ភី​ឈិ​ត ធ្លាប់​ជួប​ប្រកួត​ជាមួយ​មាស ច័ន្ទ​មាន សមាគម​កីឡា​ក្រសួងការពារជាតិ​ពីរដង ដោយ​វាយ​ស្មើ​ពិន្ទុ​គ្នា​ម្តង និង​ចាញ់​ច័ន្ទ​មាន​ក្នុង​ទឹក​ទី​៣​ម្តង ។​

ឌេ​ន​ភី​ឈិ​ត គេ​ជា​ជើង​ខ្លាំង​ម្នាក់​ដែលមាន​កណ្តាប់ដៃ​ខ្លាំង ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​៨១​លើក វាយ​ឈ្នះ​៦៦​លើក ចាញ់​១៤​លើក និង ស្មើ​០១​លើក ។​

ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក បាន​អះអាងថា ឌេ​ន​ភី​ឈិ​ត មកជួប​ផល សោ​ភ័​ណ្ឌ លើក​នេះ គេ​ក៏​រឹតតែ​យ៉ាប់​ជាង​ជួប​មាស ច័ន្ទ​មាន​ទៅទៀត ព្រោះថា​ផល សោ​ភ័​ណ្ឌ គេ​ល្អ​ជាងមាស ច័ន្ទ​មាន ។​

ទោះជា​យ៉ាងណា ការប្រកួត​លើក​នេះ ផល សោ​ភ័​ណ្ឌ មិនអាច​ធ្វេសប្រហែស​នឹង​ឌេ​ន​ភី​ឈិ​ត បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិន​សាមញ្ញ​នោះដែរ ឆ្លងតាម​ការប្រកួត​ជាមួយ​មាស ច័ន្ទ​មាន កន្លងមក​នោះ ។

ផល សោ​ភ័​ណ្ឌ មានកំនត់​ត្រា​ប្រកួត​ចំនួន​១២១​លើក វាយ​ឈ្នះ​១០១​លើក​ហើយ ដោយ​ចាញ់​តែ​១៩​លើក​និង​ស្មើ​០១​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​៤២​លើក ។ សោ​ភ័​ណ្ឌ ប្រកួត​ចុងក្រោយ​នេះ គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ​ឃុ​ម ភេត ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៥​វិច្ឆិកា​២០១៨​កន្លងទៅនេះ ។​

យ៉ាងណា​សម្រាប់​ការជួបគ្នា​រវាង​ផល សោ​ភ័​ណ្ឌ និង ឌេ​ន​ភី​ឈិ​ត​នេះ គេ​រំពឹងថា ផល សោ​ភ័​ណ្ឌ នឹង​ឈ្នះ​ការប្រកួត​នេះ ។​ដូច្នេះ​ចាំមើល តើ​ផល សោ​ភ័​ណ្ឌ អាច​យកឈ្នះ​ឌេ​ន​ភី​ឈិ​ត បាន​មែនឬ​អត់​សម្រាប់​ជំនួប​លើកដំបូង​នេះ ? ។

ចំណែក នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ ថង​ប្រាន​២៦(Thorng Phran26 ) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ ។ ពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​កាលពី​ថ្ងៃទី​០៤​វិច្ឆិកា​២០១៨ ដោយនូវ ដា​រ៉ូ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។​



នូវ ដា​រ៉ូ ជា​អ្នក​ប្រដាល់​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ទើបតែ​បាន​៦​លើក​ប៉ុណ្ណោះ ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​៧ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ ។ ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ​គឺ​វាយ​ចាញ់​ថង​ប្រាន​២៦​នេះឯង ប៉ុន្តែ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។​

នូវ ដា​រ៉ូ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៥៥​លើក ក្នុងនោះ​វាយ​ឈ្នះ​៣៨​លើក ចាញ់​១៣ លើក និង​ស្មើ ០៤​លើក ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ដា​រ៉ូ​អាច​សងសឹក​យកឈ្នះ ថង​ប្រាន​២៦​បាន​ឬក៏​អត់​នោះទេ​? ។​

​ថង​ប្រាន​២៦. ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ ។ ដូច្នេះ នូវ ដា​រ៉ូ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៥៩​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក ។ ចាំមើល រវាង​នូវ ដា​រ៉ូ និង ថង​ប្រាន​២៦ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ?៕

 

Source: Kampuchea Thmey Daily