ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2018 បានចេញប្រតិបត្តិការ ចាប់បានជនល្មើសម្នាក់ក្នុងចំណោម៤នាក់ ដែលបានលួចចូលកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ ស្ថិតនៅចំណុចអូរក្របីងាប់ ក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស។ កិច្ចប្រតិបត្តិការការចាប់បានជនល្មើសខាងលើនេះ បានធ្វើឡើង នៅម៉ោង10និង30 នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
លោក ជួន សំអុល នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះបាននិយាយអោយដឹងថា ៖ ជនល្មើស លបលួចកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃ ដែលសមត្ថកិច្ចចាប់បានខាងលើនេះមានឈ្មោះ អេង ស៊ីណេត អាយុ 18 ឆ្នាំ មានទីលំនៅក្នុងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស វត្ថុតាងគឺសមត្ថកិច្ចដកហូតបានកាំបិតកកុក១ដើម។
តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា ៖ គេជាអ្នកស៊ីឈ្នួលកាប់ព្រៃឲ្យឈ្មោះ ឡាំ ឡាវី អាយុ 43 ឆ្នាំរស់នៅភូមិខ្លុងពពក ដែលបានជួលឲ្យខ្លួន កាប់ព្រៃនៅចំណុចអូរក្របីងាប់ យកដីនោះធ្វើជាកម្មសិទ្ធិ និងលក់ទៅឱ្យឈ្មួញ ដោយពួកគេបានលួចកាប់ព្រៃនៅចំណុចខាងលើនេះមានរយៈពេល 4 ថ្ងៃមកហើយ បានចំនួនប្រមាណ២ហិកតា ហើយកន្លងមកឈ្មោះ ឡាំ ឡាវី ក៏ធ្លាប់បានប្រើខ្លួននាំឈ្មួញមកមើលដីព្រៃដែលពួកខ្លួនបានកាប់រានហើយនោះផងដែរ។ ជនល្មើសខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសតាមផ្លូវច្បាប់។
សមត្ថកិច្ចការពារដែនជម្រកសត្វព្រៃ បានបញ្ជាក់អោយដឹងទៀតថា ៖ កន្លងមកជាង១ខែនេះ មានជនល្មើសបានលបលួចចូលកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃ នៅក្នុងចំណុចអូរក្របីងាប់ និងអូរអន្លុងជ្រូក ក្នុងភូមិកោះក្ទម្ព ឃុំជៀប អស់ប្រមាណជាង៥ហិកតា ដែលតាមការស្រាវជ្រាវបានដឹងថា៖ មានមេខ្លោងឈ្មោះ ឡាំ ឡាវី ជាអ្នកជួលអោយគេកាប់ព្រៃ យកជាកម្មសិទ្ធិ សម្រាប់លក់អោយពួកឈ្មួញ។
មន្ត្រីបរិស្ថាន ជាសមត្ថកិច្ចការពារដែនជម្រកសត្វព្រៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំចូលកាប់ព្រៃនៅក្នុងដែនជម្រកសត្វព្រៃខុសច្បាប់ជាបន្តទៀត ព្រោះសមត្ថកិច្ចការពារដែលជម្រកសត្វព្រៃ នឹងមិនលើកលែង និងមិនអនុញ្ញាតឲ្យបុគ្គលណាមួយកាប់បំផ្លាញព្រៃ នៅក្នុងដែនជម្រកសត្វព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិបាននោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments