ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញអ្នកវិនិយោគវៀតណាម ឲ្យមកស្វែងរកឱកាសវិនិយោគ ក៏ដូចជាវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការយកចិត្តទុកដាក់ជាមួយការបង្កបរិយាកាសល្អប្រសើរជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។
ការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពេលអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។
វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រី វៀតណាម ឯកឧត្តម ង្វៀន សួនហ្វ៊ុក ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងធុរកិច្ចជនប្រទេសទាំងពីរចំនួន៥០០នាក់។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវៀតណាម និងកម្ពុជា»។ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន»។ នេះជាការអះអាងរបស់សម្ដេចតេជោ ដើម្បីជាការផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគរបស់វៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបង្ហាញពីសក្ដានុពល និងឧត្ដមភាព នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណុចសំខាន់ៗចំនួន៦ ដែលជាសក្ដានុពលខ្ពស់សម្រាប់អ្នកវិនិយោគវៀតណាម ចាប់យកឱកាសវិនិយោគនៅកម្ពុជា។
ចំណុចសំខាន់ទាំង៦នោះរួមមាន ៖
ទី១-ភាពអំណោយផល នៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
ទី២-កម្ពុជា ស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះ បាននិង កំពុង ក្លាយជា «រោងចក្រ នៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាល នៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។
ទី៣-កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើង នៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្ដាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា។
ទី៤-កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។
ទី៥-ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ២៥០លាននាក់ ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ៦៣០លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ៣ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
ទី៦-កម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០១៦។
ការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន៧៥គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២,៤ ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕
Source: Kampuchea Thmey Daily
0 Comments