Ad Code

រដ្ឋបាល​ក្រុង​បាន​លុង សាងសង់​ផ្លូវ​បេតុង​១​ខ្សែ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​ដល់​ប្រជាពល​រដ្ឋ​



​រតនគិរី ៖ អភិបាលរងក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ ប្រវែង​ជាង​៣០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​អូ​រក​ន្ទិ​ល និង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី បន្ទាប់ពី​រង​ការខូចខាត និង​ដោយសារ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​នោះ​ផង រដ្ឋបាល​ក្រុង​បាន​លុង បាន​ប្រើប្រាស់​ថវិកា​ជាង​១៨០​លាន​រៀល ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ។​

នេះ​បើតាម​ការ​បញ្ជាក់​របស់ លោក ពុធ ដា​នី អភិបាលរងក្រុង​បាន​លុង ដែល​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃ​ទី​៦​ធ្នូ​នេះ។​

​លោក​អភិបាលរងក្រុង​បាន​លុង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ​ខាងលើ ដែល​រង​ការខូចខាត​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក និង​ជា​ផ្លូវ​តូច​ចង្អៀត​ទៀត​នោះ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ពិបាក​ក្នុង​ការ​ធ្វើដំណើរ ត្រូវ​បាន​រដ្ឋបាល​ក្រុង​ធ្វើការ​ស្ថាបនា​កសាង​ជាង​ផ្លូវ​បេតុង ប្រភេទ អា​បេ ប្រវែង​៣០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​សង្កាត់​ខាងលើ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ ក្នុង​កា​រ​ធ្វើ​ចរាចរណ៍​ទៅមក។​

គួរ​បញ្ជាក់ថា កាលពី​ថ្មីៗ​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី បាន​ធ្វើ​ការ​ជួសជុល​​ផ្លូវ​ដែល​រង​ការខូចខាត​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន​៤​ខ្សែ ដែល​ក្នុង​នោះ​មាន​ផ្លូវជាតិ​ក្រាល​កៅស៊ូ​ចំនួន​២​ខ្សែ ស្ថិត​ក្នុង​ស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​លំផាត់ បូករួម​ហ្នឹង​ផ្លូវ​ក្រួស​ក្រហម​២​ខ្សែ​ផ្សេង​ទៀត​ ស្ថិតនៅក្នុង​ស្រុក​វើ​ន​សៃ និង​ស្រុក​តា​វែង ទន្ទឹម​ហ្នឹង​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ក៏បាន​បង្ហាញ​អំពី​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន​៥​ខ្សែ ក្នុង​ក្រុង​បាន​លុង ប្រវែង​សរុប​៦​ពាន់​ម៉ែត្រ ទទឹង​៦​ម៉ែត្រ និង​៧​ម៉ែត្រ ព្រមទាំង​ចិញ្ចើម​ក្រាល​គ្រួស​ក្រហម​ទទឹង​១​ម៉ែត្រ សង​ខាង ឲ្យ​រួចរាល់​នា​ចុង​ឆ្នាំ​២០១៨​នេះ​ផង​ដែរ ដែល​ផ្លូវ​ទាំង​៥​ខ្សែ​នោះ​រួមមាន ទី​១, ផ្លូវ​ក្រុង​លេខ​៤៦-១ ទី​២, ផ្លូវ​ចូល​រមណីយដ្ឋាន​កា​ចាញ ទី​៣, ផ្លូវ​សត្តឃាត ទី​៤, ផ្លូវ​លេខ ៩២ និង​ទី​៥, ផ្លូវ​លេខ ៦៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu