កំពង់ស្ពឺ ៖ ចោរមួយក្រុម មានគ្នា០៤នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចូលគាស់ទូដែករបស់ក្រុមហ៊ុនស្ករអំពៅភ្នំពេញ ស៊ូហ្គើរ ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២ទៀបភ្លឺ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានគ្នា០៤នាក់ ជនជាតិចិន០៣នាក់ ខ្មែរម្នាក់ ជាអ្នកបើករថយន្ត។
នគរបាលនិយាយថា ជនសង្ស័យទាំង០៤នាក់ ស្គាល់ឈ្មោះ០២នាក់ រួមមាន ៖ ទី១-ឈ្មោះ ហ័ង ជីងធាន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មានស្រុកកំណើតស្រុកនីងយៀន ខេត្តហួណាន ប្រទេសចិន បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ភ្នំពេញថ្មីរីករាយ ស្ថិតនៅផ្លូវ២៦០០ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ឆាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ស្រុកកំណើត ខេត្តហួណាន ប្រទេសចិន ជាមេខ្លោង រត់គេចខ្លួនបាត់ និង០២នាក់ទៀតមិនស្គាល់ឈ្មោះ ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ជាអ្នកបើករថយន្តធ្វើសកម្មភាព។
នគរបាលប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើគាស់បង្អួចបន្ទប់រដ្ឋបាលរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីចូលលួចលើកយកទូដែក ប៉ុន្តែត្រូវបានសន្តិសុខសហការជាមួយសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ឈ្មោះ ហ័ង ជីងធាន ជនជាតិដោយគ្មានឯកសារជាប់ខ្លួនឡើយ។ ចំណែក០៣នាក់ទៀត បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ករណីនេះ ជំនាញបាន និងកំពុងចុះធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments