Ad Code

ប្ដី​បាញ់សម្លាប់​ប្រពន្ធ​ ​រួច​បាញ់សម្លាប់​ខ្លួនឯង ដោយសារ​ភ្លើង​ប្រចណ្ឌ



កំពង់ធំ ​៖​ដោយសារ​ភ្លើង​ប្រចណ្ឌ​​ ប្ដី​ដាច់ចិត្ត​យក​កាំភ្លើង​បាញ់សម្លាប់​ប្រពន្ធ ហើយ​បាញ់​ខ្លួនឯង​ស្លាប់​ជា​ក្រោយ។ ករណី​នេះ ​កើត​ឡើង ​ស្រប​ពេល​​​​ជនរងគ្រោះ​ជា​ភរិយា​ ត្រឡប់​មកពី​ញ៉ាំ​ការ ក៏​ផ្ទុះ​រឿង​ជជែក ប្រកែក​គ្នា​មួយសន្ទុះ ​រហូត​ផ្ទុះ​អាវុធ​ចំនួន​៥​គ្រាប់​បណ្ដាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ថ្លុកឈាម​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​តែម្ដង។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧និង៣០​នាទី យប់​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​បា​ល័​ង្ល សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ​ជនដៃដល់​ជា​ប្តី​ឈ្មោះ ហេង សុវណ្ណ​រា ហៅ ខ្លឹង អាយុ​៤៧​ឆ្នាំ បាន​បាញ់សម្លាប់​ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ អាយុ ៣៧​ឆ្នាំ បាញ់​ចំ​ខាងលើ​ដោះ​ធ្លាយ​ឆ្អឹងខ្នង​បណ្តាល​ឲ្យ​ស្លាប់ បន្ទាប់ពី​ប្រពន្ធ​បាន​ស្លាប់ ក៏បាន​បាញ់​សៀតផ្កា​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់។ អ្នក​ទាំងពីរ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មានកូន​២​នាក់ ប្រុស​មួយ​ស្រី​មួយ មានមុខ​របរ​លក់​បាយ និង​លាង​ឡាន។

ក្រោយពី​កើតហេតុ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​លោក ឧត្ដមសេនីយ៍ត្រី ទិ​ត សំណាង ស្នងការ​រង ទទួល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ ដឹកនាំ កម្លាំង​ជំនាញ​ចុះទៅ​កន្លែង​កើតហេតុ ដោយមាន​កម្លាំង​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន កងរាជអាវុធហត្ថ​ខេត្ត និង​ប៉ុស្តិ៍​រដ្ឋបាល​បា​ល័​ង្ល រួមទាំង​ក្រុមគ្រូពេទ្យ ដើម្បី​ពិនិត្យ​កោសល្យវិច័យ។ ក្រោយពី​ពិនិត្យ​រួចរាល់ បាន​បញ្ជាក់​ថា ជនរងគ្រោះ​ទាំងពីរ​នាក់ ប្តី​ប្រពន្ធ ​ពិត​ជា​មាន​ជម្លោះ​រឿង​ស្នេហា ដោយ​ខាង​ប្រុស​ប្រចណ្ឌ​ខាង​ស្រី ទើប​ឈាន ដល់​ការ​បាញ់​សម្លាប់​គ្នា ដោយ​អាវុធ​ខ្លី ម៉ាក​វុ​ល​រ៉ូ​វែ ចំនួន​៥ គ្រាប់ ដោយ​អាវុធ​នេះ ជនដៃ​ដល់​បាន​លួចលាក់​ទុក កាលពី​សម័យ​ធ្វើជា​កងកម្លាំង។

តាម​ការ​ឲ្យ​ដឹង​ពី សាច់ញាតិ​របស់​សាកសព ដែល​ត្រូវជា​បងស្រី​បង្កើត​បាន​ឲ្យ​ដឹងថា ប្តី​​ប្រពន្ធ​នេះ ធ្លាប់​ឈ្មោះ គ្នា​ជាច្រើនលើក​ច្រើន​សា​ ដោយ​មួយ​រយៈ​កន្លង​មក​នេះ ប្តី​របស់ ស៊ុន ពៅ ធ្លាប់បាន​ច្របាច់ក ​ប្រពន្ធ​ស្ទើរ ស្លាប់​ម្តង​រួច​មកហើយ តែ​កាលនោះ​មាន​បងប្អូន​ចូលទៅ​ជួយ​ទាន់ ហើយ​គាត់​បាន​ប្រាប់​ប្អូនស្រី​គាត់​ថា ឲ្យ​តម​មាត់​តម​សំដី ខ្លាចក្រែង​មានរឿង​ធំ​ទៀត លុះ​មកដល់ពេលនេះ​មាន​ហេតុការណ៍​ស្លាប់​ដោយសារ​រឿង​ប្រចណ្ឌ ទាល់តែ​បាន។ ក្រោយពេល​សមត្ថកិច្ច​ពិនិត្យ​សាកសព រួច​ក៏បាន​ប្រគល់​ជូន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu