ត្បូងឃ្មុំ ៖ អគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចភូមិបីម៉ែត្រ ឃុំទួលស្នល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលម្ចាស់ផ្ទះ ឈ្មោះ លូង កេង ភេទស្រី អាយុ៨១ឆ្នាំ។
ផ្ទះនោះទំហំ៦,៧ m x ១២ m សង់អំពីឈើប្រក់ក្បឿង ខណៈម្ចាស់ផ្ទះមិននៅ គាត់ទៅស្នាក់ផ្ទះរបស់កូនគាត់មួយទៀត នៅជិតនោះដែរ។
ក្រោយពីទទួលព័ត៌មានភ្លាម លោក សាំង ហេង អធិការស្រុកក្រូចឆ្មារ បានបញ្ជាកម្លាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកចុះទៅដល់គោលដៅ និងសុំជំនួយរថយន្តអគ្គិភ័យពីក្រុងសួង និងស្រុកត្បូងឃ្មុំ ជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះ ឈ្មោះ លូង កេង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គិសនី បើកភ្លើងអំពូលទុកចោល ហើយទៅសម្រាកនៅផ្ទះមួយទៀត ជាមួយកូនគាត់។
រីឯ ការខូចខាត ផ្ទះ១ខ្នង ឆេះអស់ទាំងស្រុង លុយ២.០០០ដុល្លារ, ខ្សែកប្លាទីន៨ជី, និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត៕
Source: Kampuchea Thmey Daily
0 Comments