Ad Code

រូបសំណាក​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ ​នឹង​លេចចេញ​ជា​រូបរាង​បង្ហាញ​សាធារណជន​នៅ​រង្វង់​មូល​ស្រអែម នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​



ព្រះវិហារ​ ៖​ រូបសំណាក​គោ​បូ​រៈ​ទី​៥​នៃ​ប្រាសាទព្រះវិហារ​ស្ថិតនៅលើ​ទីតាំង​រង្វង់​មូល​ស្រអែម ទីប្រជុំជន​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នឹង​លេចចេញ​ជា​រូបរាង​បង្ហាញ​អោយ​សាធារណជន​បានឃើញ​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះហើយ ។​

នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះបឋមសិលា​សាងសង់​រង្វង់​មូល​ស្រអែម​នេះ កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពី​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តព្រះវិហារ​លោក​មាស សុភា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍ លេខ​៣ លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្តព្រះវិហារ​ជាច្រើនរូប​ទៀត​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​រូបសំណាក​ប្រាសាទព្រះវិហារ​រង្វង់​មូល​ស្រអែម ស្ថិតនៅ​ទីប្រជុំជន​ឃុំ​ស្រអែម លើ​បង្គោល​ភ្លើង​លេខ​១៦២ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នេះ​នឹងត្រូវ​សាងសង់ឡើង ក្រោម​ការ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​សំណាក់ លោក ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស មាស សុភា​, លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​, លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​, ព្រមទាំង​សប្បុរសជន​នានា​ផងដែរ។​

លោក​ប្រធាន​មន្ទីរ​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ការសាងសង់​រង្វង់​មូល​ស្រអែម​នេះ នឹងត្រូវ​សាងសង់​ឲ្យ​រួចរាល់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​​ដែល​មក​ទស្សនា​កំសាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារ ជាពិសេស​គឺ​ប្រាសាទព្រះវិហារ​នេះ​តែម្តង ហើយ​ចំពោះ​ការសាងសង់​រូបសំណាក​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង ក្នុងនោះ​ត្រូវ​សាងសង់​រង្វង់​មូល​ដែលមាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ រូបសំណាក​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ខ្នាត​១​លើ​២៥ ស្មើនឹង​៧៥%​នៃ​តួ​ប្រាសាទ​ព្រះវិហារ​ដើម មាន​រូប​នាគ​២ ហើយ​នៅ​លើ​រង្វង់​មូល​នេះ​ ក៏​នឹង​មាន​ការដាំ​ស្មៅ ផ្កា​និង​ដើមឈើ លម្អ​​យ៉ាង​ស្រស់​ស្អាតផងដែរ។ ប៉ុន្តែ​ដើមឈើ​ដែល​ត្រូវ​ដាំ​នោះ​ដាច់ខាត​មិនអោយ​បាំង​រូបសំណាក​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​នេះឡើយ​។​

លោក​សំ លាង​ទ្រី​បានបញ្ជាក់​ទៀតថា នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្តព្រះវិហារ បន្ទាប់ពី​ផ្លូវភ្លោះ និង បុស្បុក​លោកតា​សួង ដែលមាន លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត​ដឹកនាំ​ក្នុងការ​កសាងឡើង។ ​ជាងនេះទៅទៀត​ចំពោះ​បណ្តាញ​គមនាគមន៍​វិញ ត្រូវបាន​ជួសជុល​និង​ស្ថាបនា​ឡើង​ស្អាត មិនមាន​គ្រលុក​សំបុកមាន់​ឡើយ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​ក្នុង​ខេត្តព្រះវិហារ​។​

ក្នុងឱកាស​នោះដែរ លោក​សំ លាង​ទ្រី​ក៏បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដោយ​កុំ​ដឹក​លើស​ទម្ងន់ ដឹក​សំពីងសំពោង និង​ពេល​ស្រវឹង​កុំ​បើកបរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu