កំពត ៖ អាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានបើកយុទ្ធនាការចុះបង្ក្រាបករណីជីកបំផ្លាញភ្នំយកអាចម៍ដីលក់ និងក្នុងបំណង ឈានទៅកាន់កាប់ជាកម្មសិទ្ធិឯកជន ស្ថិតនៅភូមិសាស្ត្រ នៃមូលដ្ឋានឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ជាលទ្ធផល កម្លាំងចម្រុះរឹបអូសបានត្រឹមតែគ្រឿងចក្រដែលធ្វើសកម្មភាពប៉ុណ្ណោះ ខណៈអ្នកប្រព្រឹត្តហាក់ដូចជាដឹងខ្លួនមុន។
លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានរៀបរាប់ថា ដោយមានបទបញ្ជាពីលោកអភិបាលខេត្ត កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមកិច្ចដឹកនាំរបស់ លោក ជឹង ផល្លា អភិបាលរងខេត្តកំពត កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីជីកកាយភ្នំយកអាចម៍ដីលក់ស្ថិតនៅភូមិដំណាក់អំពិល និងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ប៉ុន្តែមេខ្លោង និងបក្ខពួកដែលធ្វើសកម្មភាពល្មើសច្បាប់នេះបាននាំគ្នារត់គេចបាត់ ហាក់ដូចជាដឹងខ្លួនមុន។
លោកនាយខណ្ឌបានបញ្ជាក់ថា ជាលទ្ធផល សមត្ថកិច្ចបានរឹបអូសវត្ថុតាង គឺគ្រឿងចក្រកាយដីនៅនឹងកន្លែងប្រព្រឹត្តបទល្មើសផ្ទាល់មួយគ្រឿង ហើយនាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្អាង។ តាមរូបភាពជាក់ស្ដែង ទិដ្ឋភាព នៃការជីកកាយដីភ្នំនេះ គឺពួកគេមានបំណងយកទីតាំងដើម្បីកាន់កាប់ជាកម្មសិទ្ធិឯកជនទៀតផង។
លោក ជួន សារ៉ា បានបញ្ជាក់ថា សមត្ថកិច្ចបានកំណត់មុខសញ្ញា នៃក្រុមជនសង្ស័យរួចរាល់ហើយ ដោយកន្លងទៅអង្គភាពជំនាញធ្លាប់ដាក់បណ្ដឹងចូលសាលាដំបូង និងត្រូវបានកោះហៅមេខ្លោង ឲ្យចូលបំភ្លឺពីរលើកផងដែរ។ ប៉ុន្តែពួកគេនៅតែលួចលបធ្វើសកម្មភាព ដោយមិនកោតក្រែងបន្តិចណាសោះ។ វិធានការរបស់លោកអភិបាលខេត្តកំពតនាពេលនេះ នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ឡើយ៕
Source: Kampuchea Thmey Daily
0 Comments