រតនគិរី ៖ គោយន្តកែច្នៃមួយគ្រឿង បើកលឿន មិនបានប្រុងប្រយ័ត្ន ត្រង់ចុះចំណោត បណ្តាលឲ្យក្រឡាប់ខ្លួនឯងរងរបួសធ្ងន់៣នាក់។
ហេតុការណ៍បង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភ្នំកាច់ចង្កេះ ស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ។
មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា អ្នកបើកបរគោយន្ត ឈ្មោះ រិន បញ្ញារ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី (រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង)។
អ្នករួមដំណើរពីរនាក់ ១-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅដូចគ្នា(រងរបួសធ្ងន់សន្លប់ធំ)។ ២-ឈ្មោះ នាង ឆេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅដូចគ្នា(រងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំ)។
នគរបាលបន្តថា មុនពេលកើតហេតុ គោយន្តកែច្នៃមួយគ្រឿងនេះ បើកបរពីត្បូងទៅជើង ត្រង់ចំណុចចុះចំណោតផងនោះ ក៏បើកលឿន ខណៈជាន់ហ្វ្រាំងមិនស៊ី បានរេចង្កូត ទើបបណ្តាលឲ្យក្រឡាប់តែម្ដងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ទំនាក់ទំនងទៅរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទាំង៣នាក់ ទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់។
បច្ចុប្បន្ន គោយន្តកែច្នៃ ត្រូវបានក្រុមគ្រួសារស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments