Ad Code

លួច​ម៉ូតូ​បាន​៧​ថ្ងៃ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ម្នាក់ និង​២​នាក់​ទៀត​គេច​ខ្លួន​បាត់​



ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឫស្សី​កែវ បានធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្ខពួក​៣​នាក់ បន្ទាប់ពី​រូបគេ​ និង​បក្ខពួក​២​នាក់​ទៀត ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយគ្រឿង ​ម៉ាក​ហុងដា F-T-R ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK-4130 ពី​ក្នុង​បន្ទប់​ជនរង​គ្រោះ កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ​ចំណុច​បន្ទប់​ជួល​លេខ​១៧ ផ្លូវ​លេខ​៥ ​ក្រុមទី​៤ ​ភូមិ​ក្រោលគោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ​។​

​បើតាម​អធិការ​នគរបាល​ខណ្ឌ​ឫស្សី​កែវ លោក​វរសេនីយ៍ទោ គល់ យី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ទូច ម៉ា​ថេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ​មាន ឈ្មោះ ញ៉ែម ហៃ ហៅ ហៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ រត់​តុ​ការ ស្នាក់​នៅផ្ទះ​ភូមិ មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ (​មាន​សារធាតុ​ញៀន​)​។​

ប្រភព​បន្តថា បន្ទាប់ពី​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ​។​

​លោក គល់ យី បាន​បន្ត​ឲ្យ​ដឹងទៀតថា ក្នុង​ថ្ងៃទី​០៤​ធ្នូ​ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅក្នុង​បន្ទប់​ជួល​លេខ​១៧ ដោយបាន​ចាក់សោ​ត្រឹមត្រូវ ហើយ​ជនរងគ្រោះ​ចេញទៅ​ធ្វើការ​នៅពេល​យប់​បាត់ លុះ​រហូត​ភ្លឺ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​៥​ធ្នូ រូបគេ​បាន​ត្រឡប់​ពី​ធ្វើការ​វិញ មក​បន្ទប់​ដែល​ខ្លួន​ស្នាក់ ស្រាប់​តែ​ឃើញ​ទ្វារ​បន្ទប់​ចំហ ហើយ​មិនឃើញ​ម៉ូតូ​។

ក្រោយ​កើតហេតុ​ ជនរងគ្រោះ​ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ឲ្យ​​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។ បន្ទាប់ពី​ទទួលបាន​បណ្ដឹង​ពី​ជនរងគ្រោះ​ហើយ​នោះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ម្នាក់​យក​មក​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ ជនសង្ស័យ ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាង​លើ​នោះ​ពិតមែន តែ​មិនមែន​ធ្វើ​តែម្នាក់ឯង​ទេ គឺ​មាន​បក្ខពួក​ចំនួន​២​នាក់​ផ្សេងទៀត​។ បច្ចុប្បន្ន​ជន​សង្ស័យ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​ផ្លូវច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu