ភ្នំពេញ ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសំណូមពរដល់សាលារាជធានីភ្នំពេញ ស្នើធ្វើយ៉ាងណារៀបចំខឿនផ្លូវឲ្យមានកម្ពស់ស្មើគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ជនពិការភាព។ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី “ការកសាងសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣” កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសណ្ឋាគារភ្នំពេញលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានបញ្ជាក់ថា នៅកម្ពុជាយើង ជាពិសេសនៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ អ្នកធ្វើផ្ទះមុនគាត់មានការរៀបចំនូវខឿនការ៉ូឡារបស់ពួកគាត់ទាប ដល់អ្នកធ្វើក្រោយគាត់ខ្លាចហុងស៊ុយអត់ដល់គាត់ធ្វើខ្ពស់។ អញ្ចឹងទៅធ្វើឲ្យកន្លែងដើរមានសភាពទាបខ្ពស់ៗ កុំថាឡើយបងប្អូនដែលមានពិការភាពគាត់ធ្វើដំណើរតាមរទេះទៅ ឬតាមឈើច្រត់មានការលំបាក សូម្បីតែសាធារណជនទូទៅក៏មានការលំបាកដែរ។
ម្យ៉ាងទៀតប្រជាពលរដ្ឋនៅតាមដងវិថីនានា ភាគច្រើនគាត់បានយកចិញ្ចើមផ្លូវសាធារណៈនេះ ជាកម្មសិទ្ធិរបស់ផ្ទះពួកគាត់។ ក្នុងនាមអ្នករៀបចំគោលនយោបាយថ្នាក់ជាតិនៅក្នុងវិស័យពិការភាពនេះ សូមសំណូមពរដល់សាលារាជធានីភ្នំពេញ ព្រោះថា លោក ខួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ ក៏ក្នុងនាមជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការមួយរូបដែរ ហើយលោកក៏បានបង្ហាញនូវឆន្ទៈនេះថា នឹងរៀបចំផ្លូវដើរក្នុងរាជធានីភ្នំពេញឲ្យបានសមស្រប សម្រាប់បងប្អូនមានពិការភាព។
លោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏សូមថ្លែងអំណរគុណដល់ក្រសួងធម្មការ និងសាសនា ដែលបានដឹកនាំការងារជួយនៅតាមវត្តអារាមមានការកសាងផ្លូវជម្រាលឡើងព្រះវិហារសម្រាប់ជនមានពិការភាព ហើយលោកក៏សូមកោតសរសើរផងដែរដល់ព្រលានយន្តហោះទាំងបីរបស់កម្ពុជាយើងដែលបានលប់ចោលស្ទើរទាំងស្រុងនូវការយកកម្រៃលើកដាក់ជនពិការបន្ថែម ពេលដែលគាត់ធ្វើដំណើរតាមយន្តហោះ និងបានធ្វើផ្លូវជម្រាលសម្រាប់ជនមានពិការភាពជិះរទេះ។
លោក ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសារឲ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឲ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្តិ ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាពសម្រាប់ជនមានពិការភាពគ្រប់រូបនៅកម្ពុជា។
ជាងនេះទៀត ដើម្បីធានាដល់ការធ្វើបរិយាប័ន្ន និងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាព២០១៤-២០១៨ ដែលបានអនុវត្តប្រកបដោយជោគជ័យភាព និងត្រៀមបន្តកសាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ធ្វើយ៉ាងណាឲ្យជនមានពិការភាពកាន់តែទទួលបាននូវការគាំទ្រពីសង្គម ទទួលបានការយកចិត្តទុកដាក់ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ និងមានសិទ្ធិស្មើគ្នា និងផ្តល់ឱកាសដល់ជនមានពិការភាពប្រើប្រាស់ភាសាលើកទឹកចិត្តដោយមិនអនុញ្ញាតឲ្យប្រើពាក្យអសុរោះ ក្នុងន័យប្រមាថមាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការភាពបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន អង្គភាពនានាសរុបចំនួន២,៨៣៩នាក់ ស្ត្រីមានពិការភាពចំនួន៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់មានចំនួន១,៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤,៤៧១នាក់ ស្មើនឹង១.៩៣ភាគរយ។
បច្ចុប្បន្ននេះ ទៀត គ្រប់ក្រសួង ស្ថាប័នរដ្ឋ កំពុងជ្រើសរើសឲ្យគ្រប់តាមអត្រាកំណត់ចំនួន ២ ភាគរយ នៅក្នុងឆ្នាំ២០១៩។ ក្រៅពីនេះជនមានពិការភាពក្រីក្រនៅតាមសហគមន៍ចំនួន៨,៧០០នាក់ និងកំពុងទទួលនូវផលប្រយោជន៍តាមរយៈការអនុវត្តការផ្តល់របបគោលនយោបាយ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ និងគោលនយោបាយជាតិនានា ទាក់ទិននឹងការកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមនេះលើផ្នែកសុខភាពសាធារណៈ ក្រសួងសុខាភិបាល បានពង្រីកសកម្មភាពពិនិត្យ ព្យាបាល ជំងឺដល់ជនមានពិការភាព និង ចាស់ជរា ដែលមានជីវភាពលំបាក គ្មានទីពឹង ដោយឥតគិតថ្លៃ និងផ្តល់សេវា ស្តាលទ្ធភាពពលកម្មនៅតាមសហគមន៍ ដើម្បីរួមចំណែកជួយដល់ជនមានពិការភាពក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តាលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងមុខរបរ ជាពិសេសសម្រាប់ជនពិការគ-ថ្លង់ និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍន៍ផងដែរដូចជា ៖ ការហាត់រៀនភាសាអក្សរស្ទាប ភាសាសញ្ញា ត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា នៃវិស័យអប់រំព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឲ្យការផ្ដល់ព័ត៌មានជូនជនមានពិការភាពផងដែរ៕
Source: Kampuchea Thmey Daily
0 Comments