មណ្ឌលគិរី ៖ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផលដែលបានរៀបចំនៅសាលាខេត្តមណ្ឌលគិរី ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈគ្រប់រាជធានីខេត្ត និងមន្ត្រីជំនាញ នៃក្រសួងមុខងារសាធារណៈ សរុបចំនួន១២៥នាក់ ក្នុងនោះស្ត្រីមាន១៥នាក់។
អង្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែម ដើម្បីកែសម្រួលជាលើចុងក្រោយ នៅក្នុងក្របខ័ណ្ឌ នៃក្រសួងមុខងារសាធារណៈលើការរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទ នៃរដ្ឋបាលសាធារណៈរបស់កម្ពុជា មុននឹងចាប់ផ្ដើមធ្វើការពិគ្រោះយោបល់ជាមួយអន្តរក្រសួង និង រដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅក្នុងសន្ទរកថាបើកអង្គសិក្ខាសាលា និងដើម្បីមានមូលដ្ឋានក្នុងការពិភាក្សា លោកកិត្តិបណ្ឌិត បានមានមតិផ្តាំផ្ញើជូនដល់អង្គសិក្ខាសាលា ឲ្យយកចិត្តទុកដាក់លើសំណួរមួយចំនួនដូចជា តើត្រូវធ្វើដូចម្ដេច ដើម្បីធានាបាននូវសុក្រឹតភាព និងសុចរិតភាពក្នុងការវាយតម្លៃ? និង តើត្រូវប្រើប្រាស់ប្រព័ន្ធលើកទឹកចិត្តបែបណា ដើម្បីគាំទ្រដល់ការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល៕
Source: Kampuchea Thmey Daily
0 Comments