ត្បូងឃ្មុំ ៖ នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត បានរៀបចំ សម្អាតអនាម័យ បរិស្ថាន ចាប់ពីមុខសាលាខេត្តត្បូងឃ្មុំ ឆ្ពោះទៅដងផ្លូវជាតិលេខ៧ និងតាមដងផ្លូវ ច្រាំងទន្លេ កន្លែងកម្សាន្ត និងទីសាធារណៈនានា តំបន់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត និងសិស្សនិស្សិតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបប្រមាណជាង៥០០នាក់។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា ការចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថាននៅក្នុងសហគមន៍ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការប្រមូលសំរាម នៅតាមសាលារៀន នៅតាមផ្ទះ តាមដងផ្លូវសាធារណៈ ក៏ដូចជារមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត។
ឯកឧត្ដមបណ្ឌិតថា សំរាម និងកាកសំណល់ជាច្រើន អាចជាប្រភពជំងឺ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វនិងការលូតលាស់របស់រុក្ខជាតិ។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ទៀតថា «ដើម្បីឲ្យទីរួមខេត្តយើងស្អាត ប្រកបទៅដោយបរិស្ថានល្អ ទាល់តែមានការចូលរួម ដោយផ្ដើមចេញពីយើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ មន្ទីរ អង្គភាព អាជីវករ និងប្រពលរដ្ឋ ទូទាំងខេត្តទាំងអស់ ដោយក្នុងនោះដែរ ប្អូនៗក្មួយៗ សិស្សានុសិស្សដែលចូលរួមនៅពេលនេះ ជាអ្នកផ្សព្វផ្សាយបន្ត ដល់ឪពុកម្ដាយ បងប្អូនជិតខាងនៅតាមមូលដ្ឋាន ដើម្បីឲ្យគាត់ជ្រាបកាន់តែច្បាស់ថា ដើម្បីការពារបរិស្ថានយើងឲ្យបានស្អាតល្អជាទីក្រុងបៃតងនោះ គឺត្រូវតែជា «ទីក្រុងស្អាត គ្មានសំរាម គ្មានក្លិនមិនល្អ ចោលសំរាមក្នុងធុងសំរាម» ក្នុងន័យ ដើម្បីសោភ័ណភាព បរិស្ថានទីក្រុងខ្លួន សុខភាពខ្លួន និងបងប្អូនកូនចៅរបស់ខ្លួន ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យ មកលេងកម្សាន្តផងដែរ»។
ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានកាអនាម័យ នៅតាមទីសាធារណៈជាប្រចាំ ដោយត្រូវប្រមូលសំរាមតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើ តាមមូលដ្ឋានរបស់ខ្លួន ក្នុងនោះត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ អាជ្ញាធរត្រូវធ្វើចលនាសិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា និងគ្រប់ពេលជាប្រចាំ៕
Source: Kampuchea Thmey Daily
0 Comments