ព្រះសីហនុ ៖ មនុស្សប្រុស/ស្រីចំនួន២នាក់ ដែលមានអាយុ៥៨ឆ្នាំដូចគ្នា បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម លើផ្លូវជាតិលេខ៤។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គេសង្ស័យថា អ្នកបើកម៉ូតូប្រុងវ៉ាជែងរថយន្តហីណូ តែវ៉ាមិនផុតក៏រេចង្កូត ជ្រុលទៅបុកតួរថយន្ត ហើយដួលចូលក្រោមរថយន្ត។
ករណីគ្រោះថ្នាក់ចរាចរណ៍មើលទៅគួរឲ្យរន្ធត់ញាប់ញ័រនេះ បានកើតមានឡើងនៅម៉ោង១៤និង៥០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ បង្កឲ្យមនុស្សស្លាប់បែកក្បាល ធ្លាយខួរ ដេកគរលើជើងគ្នានេះ អ្នកបើកបរបានឈប់រថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នា ទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចិន ស្រីពៅ ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានបើកវ៉ារថយន្ត១គ្រឿង ម៉ាក ហ៊ីណូ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣E ២៧៤៥ ទិសដៅស្របគ្នា ប៉ុន្តែក្នុងខណៈពេលបើកឡើងវ៉ានោះ មិនដឹងជាមានបញ្ហាអ្វីទេ ស្រាប់តែម៉ូតូទើបតែឡើងវ៉ាក្បាលបានទន្ទឹមនឹងតួកណ្តាលរថយន្ត ស្រាប់តែម៉ូតូរចង្កូត ហើយរអិលដួលចូលក្រោមកង់រថយន្ត រួចក៏ត្រូវរថយន្តកិនពីលើស្លាប់ភ្លាមនៅក្នុងថ្លុកឈាម។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សពអ្នករងគ្រោះមាន ១-ឈ្មោះ ចិន ស្រីពៅ អាយុ៥៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែង។ ២.ឈ្មោះ តា ចា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅដូចគ្នា ស្លាប់នៅនឹងកន្លែង។
បច្ចុប្បន្ន វត្ថុតាង សមត្ថកិច្ច បានយកមករក្សាទុកនៅអធិការនគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយ។ ដោយឡែក សាកសព កំពុងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments