​ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​ហួសចិត្ត​ និង​មិន​អាច​ទទួល​យក​បាន​ ទើប​កំពូល​តារាចម្រៀង​ស្រី​ចាស់​វស្សា​លំដាប់​ប្រទេស​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​ អ្នកនាង ម៉េង កែវពេ​ជ្ជ​តា ថ្មីៗ​នេះ ​បាន​ទម្លាយ​សារ​ចេញពី​ចិត្ត​រៀបរាប់​នូវ​ហេតុការណ៍​ដ៏​កម្រ​ដែល​ខ្លួន​ទើបនឹង​ជួបប្រទះ​នា​អំឡុងពេល​ចូលរួម​អបអរ​ពិធីជប់លៀង​គម្រប់​ខួបអាពាហ៍ពិពាហ៍​របស់​មិត្តភ័ក្ដិ ​និង​អ្នកគាំទ្រ​ខ្លួន​។​

ការបញ្ចេញ​សារ​រៀបរាប់​ហាក់​មាន​អារម្មណ៍​មិន​អស់ចិត្ត​នឹង​ទង្វើ​របស់​បុគ្គល​មួយ​ក្រុម​ មាន​គ្នា​៣ ​ឬ​៤​នាក់​ពី​តារា​ស្រី​ អ្នកនាង ម៉េង កែវ​ពេ​ជ្ជា​តា នោះ​គឺ​បាន​ផ្ដើម​ចេញពី​ការ​សុំ​ថតរូប​អនុស្សាវរីយ៍​។ ​ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ បែរជា​ត្រូវ​ជួប​រឿង​ហួសចិត្ត​ទៅវិញ ​គឺ​បុគ្គល​ម្នាក់​ ស្ថិតក្នុង​ក្រុម​នោះ ​បែរជា​និយាយ​បំផ្លើស​ការពិត​ លើសពី​អ្វីដែល​នាង​បាន​និយាយ​។​

ផ្អែក​តាម​សារ​របស់ ​អ្នកនាង ម៉េង កែវពេជ្ជតា បាន​រៀបរាប់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា តើ​ខ្ញុំ​ខុស​ដែរ​មែន​ទេ?​ យប់មិញ​ពេល​ខ្ញុំ​ច្រៀង​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​នៅ​សណ្ឋាគារ​ប្រណិត Sokha Hotel ចប់​ខ្ញុំ​ក៏​បន្ត​មក​កម្មវិធី​ឥត​ព្រៀងទុក​មួយ​របស់​ហ្វ៊ែ​ន ( ម៉ោង ប្រហែលជា​១១ យប់ )​គឺជា​ខួប​អាពាហ៍ពិពាហ៍ ដែល​ប្រារព្ធ​នៅក្នុង​ភោជនីយដ្ឋាន។ ​ពេល​ខ្ញុំ​ដើរ​ចូលទៅ និង​បាន​អង្គុយ​មិនទាន់​ទាំង​ញ៉ាំ​អ្វីមួយ​ម៉ាត់​ផង ក៏​មាន​ភ្ញៀវ​តុ​ផ្សេង មិនមែន​ភ្ញៀវ​ពិធី​ទេ ​ដើរ​មក​សុំ​ខ្ញុំ​ទៅ​តុ​របស់​គាត់ ​ដើម្បី​ថតរូប​ជាមួយ​បងប្រុស​គាត់។​

អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយទៀតថា ទោះ​ពេលនោះ​ខ្ញុំ​កំពុង​ហេវ​ហត់ អស់កម្លាំង និង​ឃ្លាន​យ៉ាងណា តែ​ដោយ​គោរព​លើ​គាត់​ជា​ទស្សនិកជន ខ្ញុំ​ក៏បាន​ទៅ​ឈរ​ថត​ជាមួយ​គាត់ ព្រមទាំង​មាន​បុរស​ពីរ​នាក់​ទៀត​ក្នុងស្ថានភាព​ស្រវឹង​ដូចគ្នា។

​ក្នុងពេល​ថត ពួកគាត់​បាន​លូកដៃ​ឱប​ចង្កេះ​ខ្ញុំ និង​ចង់​ប្រកៀក​ស្មា​ខ្ញុំ ដែល​កាយវិការ​នេះ​ខ្ញុំ​មិនដែល​ទេ​ក៏​មិន​ចូលចិត្ត​ដែរ ខ្ញុំ​ទើសទាល់​ណាស់​ ប៉ុន្តែ​ខ្ញុំ​បាន​ត្រឹម​ងាក​ចេញ​ ហើយ​ខំ​សើច​យកចិត្ត​ក្នុង​ន័យ​កុំ​ឲ្យ​គាត់​ខឹង​ ព្រោះ​មើល​ទៅ​វា​មិន​ទំនង​មែន។

តារាចម្រៀង​សំឡេង​មនោសញ្ចេតនា ​អ្នកនាង ម៉េង កែវពេជ្ជតា បន្តថា ​ក្រោយពី​ថត​រួច ​ខ្ញុំ​ក៏​សំពះ​អរគុណ​ និង​លាមក​តុ​របស់ខ្ញុំ​ ដែលមាន​បងៗ​ខ្ញុំ​អង្គុយចាំ​។

​ក្រោយ​ញ៉ាំ​អាហារសម្រន់​ការ​ឃ្លាន​បន្តិច ខ្ញុំ​ក៏​ឡើង​ច្រៀង​ជូនពរ​ម្ចាស់​ពិធី និង​បាន​ដើរ​ត្រលប់​បម្រុង​​មក​អង្គុយ​តុ ស្រាប់តែ​ភ្ញៀវ​ដដែល​ដើរ​មក​រក​ខ្ញុំ ហើយ​សុំ​ខ្ញុំ​ថតរូប​ជាមួយ​បងប្រុស​គាត់​ម្តងទៀត​។​
ពេលនោះ​ខ្ញុំ​ក៏បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា " ថត​ទៀតហើយ ? តែ​ក្រែង​មុននេះ​ថត​ច្រើន​ប៉ុស្តិ៍​ដែរ​មែន​ទេ​បង? ខ្ញុំ​សូមទោស​ កុំ​ថត​ទៀត​អី ថត​រួចហើយ ប៉ុណ្ណឹង​បាន​ហើយ ខ្ញុំ​សូម​អនុញ្ញាត​ហូបបាយ​សិន​ណា​បង។​

ជាងនេះទៅទៀត ​តារាចម្រៀង​ អ្នកនាង ម៉េង កែវពេជ្ជតា បាន​លើកឡើងថា ស្រាប់តែ​ភ្ញៀវ​នោះ​គាត់​ប្រែ​ទឹកមុខ​ខឹង​ភ្លាម​ ហើយ​និយាយ​ពាក្យ​បំផ្លើស​ប្រាប់​ទៅ​គ្នា​គាត់​ថា " គេ​មិន​ថត​ជាមួយ​បង​ឯង​ទេ គេ​ថា​មុខ​បង​ឯង​មិន​ស្អាត គេ​ថា​បង​ឯង​មិន​សម​នឹង​គេ​ ណ្ហើយ​មិន​ថត​ក៏បាន .." ។ ខ្ញុំ និង​បងប្អូន​ម្ចាស់​ពិធី​ឮ​ហើយ​ហួសចិត្ត​ណាស់ ​ប៉ុន្តែ​ពួកយើង​ខ្ជិល​វែងឆ្ងាយ​ចាត់ទុកថា​គាត់​ស្រវឹង​ទៅ​ចុះ។ ប៉ុន្តែ​ខ្ញុំ​មិន​អស់ចិត្ត​ទេ ​ព្រោះ​ហេតុ​អី​ក៏​គាត់​កាឡៃ​ពាក្យ​នៅ​នឹង​មុខ​ខ្ញុំ​ទៅជា​រឿង​ផ្សេង​ទៅវិញ ? ហើយ​ការដែល​ខ្ញុំ​បដិសេធន៍​ដូច្នេះ តើ​ខុស​ដែរ​មែន​ទេ?​។ ម៉េ​

ហេតុ​អី​ក៏​សិទ្ធ​អ្នកសិល្បៈ​កាន់តែ​រួញ​ខ្លី​បែបនេះ​? តើ​មកពី​សិល្បៈ​គ្មាន​សិទ្ធ​ ឬក៏​មកពី​អ្នកនោះ​ចង្អៀត​ចង្អល់ ? សោកស្តាយ​ដែល​ខំ​ឆ្លើយតប​សំណូមពរ​ប៉ុណ្ណឹង​ហើយ​ ចុងក្រោយ​នៅតែ​គេ​ខឹង​បាន​..​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ក៏​ចេះ​ខឹង និង​ចេះ​អន់ចិត្ត​ដែរ​។ ​នេះ​ជាស​ម្តី​បន្ថែម​របស់​តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា ចំពោះ​ហេតុការណ៍​ខាងលើ​៕




Source: Kampuchea Thmey Daily