នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May កាលពី​ថ្ងៃ​ពុធ​បាន​រួច​ផុតពី​ការបោះឆ្នោត​សម្តែង​ទំនុកចិត្ត​មួយ​ដោយ​សមាជិកសភា​របស់​លោកស្រី​ផ្ទាល់​ ប៉ុន្តែ​បាន​បាត់បង់​ការគាំទ្រ​មួយ​ភាគបី​ពី​សហសេវិក​របស់លោក​ស្រី​ដែល​នេះ​បង្ហាញ​ពី​ការប្រយុទ្ធ​ដែល​លោកស្រី​នៅតែ​ប្រឈមមុខ​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង Brexit តាមរយៈ​រដ្ឋសភា​។​

លោកស្រី May បានឈ្នះ​ការគាំទ្រ​ពី​សមាជិកសភា​អភិរក្ស​ចំនួន​២០០​នាក់​ប៉ុន្តែ​១១៧​នាក់​បាន​បោះឆ្នោត​ទម្លាក់​លោកស្រី​ហើយ​បន្ទាប់មក លោកស្រី​បាន​សារភាពថា លោកស្រី​នឹង​ចុះ​ចេញពី​តំណែង​មុន​ការបោះឆ្នោត​ឆ្នាំ​២០២២​។​

លោកស្រី​បាន​និយាយ​នៅ​ខាងក្រៅ​ការិយាល័យ Downing Street របស់​លោកស្រី​បន្ទាប់ពី​លទ្ធផល​ត្រូវបាន​ប្រកាសថា “​ខ្ញុំ​រីករាយ​ដែល​បានទទួល​ការគាំទ្រ​ពី​មិត្ត​រួម​ការងារ​របស់ខ្ញុំ​នៅក្នុង​ការបោះឆ្នោត​នា​រាត្រី​នេះ​ប៉ុន្តែ​មាន​មិត្ត​រួមការ​ងារ​ជាច្រើន​បាន​បោះឆ្នោត​ប្រឆាំង​ខ្ញុំ​ហើយ​ខ្ញុំ​បាន​ស្ដាប់​នូវ​អ្វីដែល​ពួកគេ​និយាយ​”​។​

លោកស្រី​បាន​និយាយទៀតថា លោកស្រី​ចង់​បន្តការងារ​ជាមួយនឹង​ការនាំមក​នូវ​កិច្ចព្រមព្រៀង Brexit និង​ចង់ឃើញ “​អ្នកនយោបាយ​នៅ​គ្រប់ទិសទី​ទាំងអស់​មក​រួបរួមគ្នា​”​។​
​លទ្ធផល​ដែល​ប្រកាស​បន្ទាប់ពី​ការបោះឆ្នោត​សម្ងាត់​មួយ​ត្រូវបាន​អបអរ​ជាមួយនឹង​ការលើកទឹកចិត្ត​ដ៏​ធំធេង​ពី​សំណាក់​អ្នកគាំទ្រ​លោកស្រី May ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្នុង​រដ្ឋសភា​។​

ការបោះឆ្នោត​សម្តែង​ទំនុកចិត្ត​នេះ​បានធ្វើ​ឡើង​ក្រោយ​ការសម្រេចចិត្ត​របស់លោក​ស្រី​កាលពី​ថ្ងៃ​ចន្ទ​ក្នុងការ​ពន្យារពេល​ការបោះឆ្នោត​តាម​ផែនការ​មួយ​នៅក្នុង​សភា​ស្តីពី​កិច្ចព្រមព្រៀង​នេះ​ពីព្រោះ​លោកស្រី​ភ័យខ្លាច​នៃ​ការទទួល​បរាជ័យ​។​

លោកស្រី​បាន​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោត​នោះ​នៅ​ថ្ងៃទី​២១​ខែមករា​។ លោកស្រី​អាច​នឹង​នៅតែ​ចាញ់​នៅពេលនោះ​ហើយ​ធ្វើអោយ​ដំណើរការ Brexit ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ថ្មី​។​

លោកស្រី May បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប្រ៊ុ​ស​សែ​ល​នៅ​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​មុន​ការគ្រោងទុក​ដែល​នៅ​ទីនោះ លោកស្រី​នឹងដាក់​សម្ពាធ​លើ​មេដឹកនាំ​ដទៃទៀត​អោយ​ផ្តល់​អ្វីមួយ​ដល់​លោកស្រី​ដើម្បី​បញ្ជាក់​កិច្ចព្រមព្រៀង Brexit ចំពោះ​សមាជិកសភា​ដែលមាន​ការសង្ស័យ​៕ AFP



Source: Kampuchea Thmey Daily