ប្រដាល់ ៖ មឿន សុខហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា និងឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ដោយពិន្ទុដូចគ្នាដាច់ដូចគ្នា ក្នុងការជួបប្រកួតគ្នាកាលពីរសៀលថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩ នៅលើសង្វៀនCarabao របស់ SEATV។
អ្នកប្រដាល់ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច បានវាយអ្នកប្រដាល់ជើងខ្លាំងថៃ ភេត ណាក់រិន(Phat Nakrin) ឲ្យអាជ្ញាកណ្ដាលរាប់៨ក្នុងទឹកទី៣ ដោយសារកែងរបស់គេ។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ ចៅក្រមទាំង៥រូប សុទ្ធតែផ្តល់ពិន្ទុឲ្យមឿន សុខហ៊ុច ឈ្នះទាំងអស់គ្នា ។
ភេត ណាក់រិន ជាជើងខ្លាំងម្នាក់នៅស្រុកថៃ តែមកប៉ះជាមឿន សុខហ៊ុច គេរកធ្វើអី សុខហ៊ុច មិនបានឡើយ ព្រោះ សុខហ៊ុច មិនផ្តល់ឱកាសឲ្យភេត ណាក់រិន បញ្ចេញចង្កូមបានស្រួលៗនោះទេ។
ចប់ការប្រកួត អ្នកប្រដាល់ថៃចំណូលថ្មីផេត ណាក់រិន ចាញ់សុខហ៊ុចដោយពិន្ទុ។
ចំណែក អ្នកប្រដាល់ជើងចាស់ឈឿន ឆៃដែន ក្លិបនិរោធមានជ័យវិញ គេក៏បានប្រកួតឈ្នះអ្នកប្រដាល់ថៃ ឆាយ ឡេក(Chhay Lek) ដោយពិន្ទុដាច់ដែរ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
ឆាយ ឡេក អ្នកប្រដាល់ថៃចំណូលថ្មីនេះ ត្រូវឈឿន ឆៃដែន វាយសម្រុកដោយការទាត់ជើងក្រោម និងវាយមុខ សឹងតែគ្រប់ទឹក ដែលធ្វើឲ្យចប់ការប្រកួត ឈឿន ឆៃដែនឈ្នះឆាយ ឡេក ដោយពិន្ទុដាច់៥សូន្យ។
ចំពោះការប្រកួតរវាងខ្មែរនិងខ្មែរវិញ សេក គឹមសាន្ត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប គេវាយចាញ់នីម នន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ ហើយសាត ស៊ីណង អ្នកប្រដាល់ក្លិបឆ័ត្រយោង៩១១ដែរនោះ បានផ្ដួល អៀប ឆា ក្លិបតាឯកដំបងដែកមានរិទ្ធមកពីខេត្តព្រៃវែង ឲ្យសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ។
•លិញ ភារម្យ ស្មើ ម៉ុន ថង ខណៈ យ៉ាម ខេមរា ចាញ់ វ៉ាដានីរ៉ាត ហាសាន់
អ្នកប្រដាល់កម្ពុជា លិញ ភារម្យ ក្លិបឆ្មាសសែនសុខគុនខ្មែរ ប្រកួតស្មើពិន្ទុជាមួយ អ្នកប្រដាល់ថៃ ហើយយ៉ាម ខេមរា អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា ប្រកួតចាញ់អ្នកប្រដាល់អ៊ីរ៉ង់ ក្នុងការជួបប្រកួតគ្នា កាលពីយប់ថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩ នៅលើសង្វៀនGanzberg Top Fighter របស់ SEATV។
អ្នកប្រដាល់ថៃ ម៉ុន ថង (Moun Thong) គេស៊ូណាស់ និងមានមុខរឹងវាយមិនឈឺថែមទៀត។ ម៉ុន ថង ត្រូវកណ្តាប់ដៃរបស់ភារម្យ ច្រើនដៃណាស់តែមិនដួល ដែលធ្វើឲ្យភារម្យ អស់កម្លាំងដៃ និងកាយសម្បទា នៅក្នុងទឹកទី៥។
តែយ៉ាងណាចប់ការប្រកួត លិញ ភារម្យ បានស្មើពិន្ទុជាអ្នកប្រដាល់ថៃចំណូលថ្មីនេះ ព្រោះនៅក្នុងទឹកទី១ ម៉ុន ថង ត្រូវភារម្យ ទាត់ចំ ក្បាលមួយជើង បណ្តាលឲ្យដួលលើរេញ ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តងទៅហើយ។
ចំណែក យ៉ាម ខេមរា ដែលត្រូវគេផ្គូឲ្យជួបប្រកួតសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់អ៊ីរ៉ង់ វ៉ាដានីរ៉ាត ហាសាន់ នោះ បានវាយចាញ់អ្នកប្រដាល់អ៊ីរ៉ង់នេះ ក្នុងទឹកទី៤។ ខេមរាត្រូវ វ៉ា ដានីរ៉ាត វាយឲ្យអាជ្ញាកណ្ដាលរាប់៨២លើក ក្នុងទឹកទី៣ និងរាប់៨ក្នុងទឹកទី៤ ហើយបន្ទាប់មក ក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យបន្តការប្រកួតទៀត ដោយសារខេមរា អស់ខ្យល់ អស់កម្លាំងស៊ុហ្វទៅហើយនោះ។ ពួកគេពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។
ចំពោះ ការប្រកួតរវាងខ្មែរ និងខ្មែរវិញ ចេង គា អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ត្រូវ គង់ សំបូរ អ្នកប្រដាល់ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប វាយឲ្យសន្លប់ក្នុងទឹកទី៣។ ហើយចំណែក ឯម សុធី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ ដែលមកជួបសងសឹកជាមួយសៀវ ង៉ុយ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២នោះ ក៏មិនបានសម្រេចដែរ ដោយត្រូវសៀវ ង៉ុយ យកឈ្នះដោយពិន្ទុទៀត។ ពួកគេប្រកួតគ្នាក្នុង ទម្ងន់៥៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments