Ad Code

មាន​ប៉ុស្តិ៍​នគរបាល​ប៉ុន្មាន​ ដែល​ដូច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​?



រតនគិរី​ ៖ ​មានការ​រិះគន់​យ៉ាងច្រើន​នៅពេលដែល​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​បាន​បង្ហោះ​​​រូបភាព​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ គ្មាន​មន្ត្រីនគរបាល​នៅ​កន្លែងធ្វើការ​សូម្បីតែ​ម្នាក់​​ ខណៈ​ដែល​ប្រធាន​មន្ទីរ​រូបនេះ​ចុះ​ទៅរក​កម្លាំង​ប៉ុស្តិ៍​ដើម្បី​សុំ​ការសហការ គ្រា​ដែល​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​វិទ្យុ​សហគមន៍​នៅក្នុង​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​កន្លងទៅ នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​។​

ភ្លាមនោះ​ លោក​ប្រធាន​មន្ទីរ​បាន​ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទៅ​លោក​អធិការរង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ម្នាក់ ​តែ​អធិការរង​រូបនោះ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មិនមែនជា​អ្នកទទួលខុសត្រូវ​ខាង​នគរបាល​ប៉ុស្តិ៍​នោះទេ​។​

បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះបាន​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា មេ​ប៉ុស្តិ៍​ឃុំ​ប៉ក់​ញ៉ៃ​នេះ មានឈ្មោះ ឌឹ​ម ជឿន ដែល​ទើបតែ​មកកាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​នៅពេល​ថ្មីៗ​នេះ​។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​ចោទ​ជា​សំណួរ​ថា តើ​ឲ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្នកណា​បើ​កន្លែង​ផ្តល់​សេវា​សាធារណៈ​មិនមាន​មន្ត្រី​នៅ​កន្លែង​យ៉ាងនេះ​? ហើយ​តើ​មាន​ប៉ុស្តិ៍​នគរបាល​ប៉ុន្មាន​ដែល​ដូច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​នេះ បើ​សូម្បីតែ​លោក ប្រធាន​មន្ទីរ​ព័ត៌មាន​ចុះមក​ធ្វើការ​ ហើយ​សុំ​សហការ ​បែរជា​មិនឃើញ​មាន​មន្ត្រី និង​នាយ​ប៉ុស្តិ៍​នៅ​កន្លែងធ្វើការ​បែបនេះ​នោះ​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu