បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង រវាងរថយន្ត និងរថយន្ត បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ក្នុង ចំណុចលើកំណាត់ផ្លូវជាតិលេខ៦Aខាងកើតស្ពានទី២ ប្រហែល៧០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តម៉ាកកាមរីស៊េរី៩៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង២A៣៦១១ បើកដោយឈ្មោះសុន ឡេងមុយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនទាំងយប់ងងឹត ដោយបាត់បង់ម្ចាស់ការ លុះបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូត ទៅបុកនឹងរថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២C៩៦១៣ ដែលបើកស្របទិសគ្នា ពីក្រោយពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ ស្លាប់ និងរបួសនៅនឹងកន្លែង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះ១-ឈ្មោះ ទឹម លន់ជី ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិជើងវត្ត ឃុំព្រះន្រេតព្រះ ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។ អ្នកជិះតាក់ស៊ីស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ២-ឈ្មោះទឹម គឹមជួន ភេទស្រី អាយុ៥៩ឆ្នាំ បងប្អូនបង្កើត រស់នៅភូមិជាមួយគ្នារបួសធ្ងន់។ ៣-ឈ្មោះសុន ឡេងមុយ ភេទប្រុស អាយុ២៤ឆ្នាំ អ្នកបើករថយន្ត កាមរី៩៥ អ្នកបង្ក របួសធ្ងន់។
ក្រោយពីកើតហេតុ អ្នករបួស បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីសង្គ្រោះបន្ទាន់។ រីឯសព ក្រោយពីកើតហេតុហើយ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿងត្រូវបានប៉ូលិសស្នងការវាស់វែងយកទៅរក្សាទុកនៅស្នងការដើម្បីចាត់តែងធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments