រតនគិរី ៖ មនុស្ស៥នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីម៉ូតូ២គ្រឿងបានបោលបុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមុខដីឈ្មោះសាយ លើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ តិល បាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខកំពង់ចាម១E៧៨៨១ ជិះម្នាក់ឯង។
រីឯជនរងគ្រោះ ឈ្មោះ ឆាយ សល់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា រងរបួសធ្ងន់ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ។
អ្នករួមដំណើរ៣នាក់ ៖
១-ឈ្មោះ ក្រូត លីង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិទំពួន រងរបួសធ្ងន់។
២-ឈ្មោះ ប្លាង ហេង ភេទស្រី អាយុ១៩ឆ្នាំ រងរបួសធ្ងន់។
៣-ឈ្មោះ វៀ យ៉ង ភេទស្រី អាយុ១ឆ្នាំ ជនជាតិទំពួន រងរបួសធ្ងន់។
មន្ត្រីនគរបាលបានបន្តថា មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នេះមកពីម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ផ្ទៃមេឃ បើកបរក្នុងល្បឿនលឿននៅពេលយប់ ខណៈមិនប្រកាន់ស្តាំ បណ្ដាលឲ្យបុកជាមួយម៉ូតូជនរងគ្រោះកំពុងតែធ្វើចរាចរក្នុងបញ្ច្រាសគ្នា។
ក្រោយកើតហេតុ នគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ ដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿង ត្រូវបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកលំផាត់ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments