ប្រដាល់ ៖ នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប គឺពេជ្រ សីហា ក្លិប១៥៧គុនខ្មែរ និង ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ បានវាយចាញ់ថៃដូចគ្នា។
ពេជ្រ សីហា ប្រកួតចាញ់បួរងើន វ៉.ដេតវ៉ាន់មិត(Buanguen Wor.Dathwanmit )ក្នុងទឹកទី១ បន្ទាប់ពីត្រូវបួរងើន ទាត់ជើងក្រោមដួលក្រោកលែងរួចនោះ។ ពួកគេទាំងពីរ នឹងជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។
បួរងើន នេះ ជាអ្នកប្រដាល់ថៃជើងចាស់ ដែលធ្លាប់ជួបប្រកួតជាមួយ នី សុភី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាម្តងហើយ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ដែលក្នុងការជួបគ្នាពេលនោះ បួរងើន ត្រូវនី សុភី វាយកែងឲ្យសន្លប់ក្នុងទឹកទី២ នោះ ពេលនេះគេបានផ្ដួលពេជ្រ សីហា ក្នុងទឹកទី១ សងសឹកវិញ ។
ពេជ្រ សីហា ត្រូវបានគេទាយទុកតាំងពីមុនការប្រកួតម្ល៉េះថា ពិបាកសង្ឃឹមឈ្នះ បួរងើន ណាស់ ព្រោះថាសីហា អាក់ខានឡើងសង្វៀនប្រមាណកន្លះឆ្នាំទៅហើយ ហើយមកប៉ះជើងខ្លាំង បួរងើនទៀត គឺចប់បាត់ហើយ។
បួរងើន មានប្រវត្តិប្រកួតត្រឹមតែជាង៨០លើកនោះ ខណៈដែល ពេជ្រ សីហា មានកំណត់ត្រាប្រកួតចំនួន ១៤៣លើក ឈ្នះ១១២លើក ចាញ់២៦លើក ស្មើ៥លើក ឯណោះ។
ចំពោះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ បានប្រកួតចាញ់អ្នកប្រដាល់ថៃឈ្មោះ ផេតក្លា សានិតមួយថៃ(Petchkla Sanit muaythai) ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ ពួកគេប្រកួតគ្នាក្នុងទម្ងន់៦៥គីឡូក្រាម។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឡូញ វ៉ាន់ឌី អ្នកប្រដាល់ក្លិបពន្លឺវិបុលកីឡា ដែលត្រូវបានគេផ្តល់ឱកាសឲ្យឡើងសងសឹកជាមួយ មាស សារ៉ាក់ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរនោះ គឺបានបរាជ័យជាលើកទី២ ដោយត្រូវសារ៉ាក់ វាយអោយសន្លប់ក្នុងទឹកទី៤។
ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។ ពួកគេទាំងពីរ ធ្លាប់បានប៉ះគ្នាម្តងហើយកន្លងមក ដោយឡូញ វ៉ាន់ឌី ចាញ់មាស សារ៉ាក់ ត្រឹមពិន្ទុពិន្ទុទេ តែដល់មកឡើងសងសឹកវិញ វ៉ាន់ឌី ចាញ់ក្នុងទឹកទី៤។
•សឿន ឆ្នើម ផ្តួលសេក គឹមរួន ក្នុងទឹកទី៣ ខណៈ សុខ វិរះ ឈ្នះ ងួន គា ដោយពិន្ទុ
អ្នកប្រដាល់សេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប បានប្រកួតចាញ់សឿន ឆ្នើម អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងការជួបប្រកួតគ្នា ទម្ងន់៦៣,៥០០គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។
សេក គឹមរួន ជាអ្នកប្រដាល់ចាស់វស្សា ឆ្លងកាត់ការប្រកួតច្រើនលើកណាស់មកហើយ តែបែរជាអោយសឿន ឆ្នើម ដែលជាអ្នកប្រដាល់ស្រករក្រោយ វាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣ទៅវិញ ។
តាមពិត គឹមរួន ចាញ់ដោយសារតែគេភ្លាត់ឆ្អឹងដៃខាងស្តាំ ក្រោយពីគេបានលើករងនឹងទម្ងន់ជើងទាត់របស់សឿម ឆ្នើម នោះ។ ពុំមាននរណាជឿថា សេក គឹមរួន វាយចាញ់សឿម ឆ្នើមនោះទេ។
សុខ វិរៈ អ្នកប្រដាល់ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង បានវាយឈ្នះងួន គា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ដោយពិន្ទុ ក្រោយពីវាយគ្នា៥ទឹកពេញនោះ។ ពួកគេទាំងពីរជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
ចំណែក សល ពិសិដ្ឋ អ្នកប្រដាល់ក្លិបកុសលកីឡា ប្រកួតចាញ់ ភុន សោភ័ណ្ឌ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ក្នុងទឹកទី២។ ពួកគេជួបគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
អ្នកប្រដាល់ម៉ៅ រិទ្ធី ក្លិបយុវវាលស្បូវ ដែលបាត់មុខយូរហើយដែរនោះ ត្រូវអ្នកប្រដាល់ម៉ន រីវ៉ា ក្លិបការិយាល័យទី៥កងទ័ពជើងគោក វាយឲ្យសន្លប់ក្នុងទឹកទី៣ ក្នុងការជួបគ្នាទម្ងន់៥៤គីឡូក្រាម។ រីឯ ម៉ិល សារុន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ប្រកួតឈ្នះ ងិក ម៉ៅ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ក្នុងទឹកទី២ ក្នុងការជួបគ្នាទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments