Ad Code

ម្ចាស់​ពានរង្វាន់​ស្វាយរៀង​ខាប់​លើក​ទី​០៤ ឆ្នាំ​២០១៨​នេះ បាន​ទៅលើ​ក្រុមបាល់ទាត់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជ​ ​ក្រុង​ស្វាយរៀង​



ស្វាយរៀង ​៖​ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់ លើក​ទី​៤ ឆ្នាំ​២០១៨ និង​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក រវាង​ក្រុម​បាល់ទាត់​ ស.ស​យ.ក​.​ក្រុង​ស្វាយរៀង និង​ក្រុមបាល់ទាត់​អធិការ​នគរបាល​ក្រុង​បាវិត នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដែល​សហការ​រៀបចំ​ដោយ​សមាគម​កីឡាបាល់ទាត់​ខេត្តស្វាយរៀង និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត នា​ល្ងាច​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៩​នេះ។



ក្នុង​ពិធី​នេះ ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី សិស្សានុសិស្ស និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ជាច្រើនរូប​ទៀត​សរុប​ប្រមាណ​ជាង​៤០០០​នាក់។​

ក្នុង​ឱកាស​នោះ ​លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល សម្រាប់​ព្រឹត្តិការណ៍ បាល់ទាត់​ពានរង្វាន់​ស្វាយរៀង​ខាប់​លើក​ទី​៤​នៅក្នុង​ពិធី​នេះ​ផងដែរ​។​



សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់ លើក​ទី​៤ ឆ្នាំ​២០១៨​នេះ ផ្តួចផ្តើមឡើង​ដោយ​លោក​ឌី វិជ្ជា ​ហើយ​បាន​ចាប់ផ្ដើម​​​ប្រកួត​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩ ដែល​មាន​៥២​ក្រុម​ចូលរួម​ប្រកួត​នាពេល​កន្លងមក​។



ចំពោះ​ក្រុមបាល់ទាត់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​បាល់ ស.ស.​យក​.​ក្រុង​ស្វាយរៀង ទទួលបាន​មេដាយមាស​១ ពានរង្វាន់​១ និង​ថវិកា ៨​លាន​រៀល ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុមបាល់ទាត់​អធិការនគរបាល​ក្រុង​បាវិត ទទួលបាន​មេដាយប្រាក់​១ និង​ថវិកា​៤​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុមបាល់ទាត់ ស.ស​.យ.ក​.​ស្រុក​រមាសហែក ទទួលបាន​មេដាយសំរិទ្ធិ​១ និង​ថវិកា ២​លាន​៥​សែន​រៀល និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុមបាល់ទាត់​សុភ​ក្រ​ម៉ូ​ទ័​រ​អែ​ហ្វ​ស៊ីជី​ភូ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១​លាន​៥​សែន​រៀល​។

ចំពោះ​លទ្ធផល​ជ័យលាភី​គ្រូ​បង្វឹក​ល្អ​ទទួលបាន​ថវិកា ៦​សែន​រៀល​, ជ័យលាភី​អ្នកចាំទី​ទទួលបាន​ថវិកា​៦​សែន​រៀល​, ក្រុម​គោរព​វិន័យ​ល្អ​ទទួលបាន​ថវិកា ៨​សែន​រៀល និង​ក្រុម​អាជ្ញាកណ្តាល​ទទួលបាន​ថវិកា​១​លាន​រៀល​៕ ​







Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu