Ad Code

យុវជន​រហស្សនាម​កណ្ដុរ​ជ្រែក​ដី​គ្រាន់តែ​មនុស្ស​ចាស់​ក្អក​សោះ​គំរាម​កាប់​មួយ​ដាវ​ត្រូវ​នគរបាល​ចាប់ខ្លួន

កំពង់ឆ្នាំង​ ៖​ ជន​សង្ស័យ​ម្នាក់​មាន​រហស្សនាម​កណ្ដុរ​ជ្រែក​ដី​ ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​ដេញ​ចាប់​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​មុខ​ស្ថានីយ​វិទ្យុ ​មហាសាល​ស្ថិត​ក្នុង​ភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ​បាន​គំរាម​កាប់​បុរស​ម្នាក់ ដែល​គ្រាន់តែ​គាត់​ក្អក​សោះ។

លោក ម៉ា យន្ត នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ ​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៤​នាក់ បាន​ស្រែក​ឡូឡា​នៅ​ចំណុច​សួនច្បារ​ផ្សារ​ក្រោម​ ពេលនោះ​សមត្ថកិច្ច​បាន​ដេញ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ កុំ​ស្រែក​ឡូឡា​នៅ​ទីនេះ​ទៀត។ បន្ទាប់មក​ក្រុម​ ក្មេង​ទាំងនេះ​បាន​ដើរ​ត្រឡប់មកវិញ ពេល​មក​ដល់​ចំណុច​មុខ​ស្ថានីយ​វិទ្យុ​មហាសាល មាន​មនុស្ស​ចាស់ មួយ​ក្រុម​ដែល​អង្គុយ​ចាំ​រថយន្ត គាប់​ជួន​ពេលនោះ​មាន​បុរស​ម្នាក់​បាន​ក្អក ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុង ចំណោម​៤​នាក់ បាន​ស្រែក​សម្លុត​ថា អា​ក្អក អញ្ចឹង​បាន​ក្បាល​មួយ​ដាវ​ទើប​សម​មុខ គ្រាន់តែ​ឮ​គំរាម​ដូច្នេះ នោះ​បុរស​ដែល​ក្អក​នោះ​ក៏​ភ័យខ្លាច ក៏បាន​ទូរស័ព្ទ​ប្តឹង​នគរបាល ហើយ​ពេលនោះ​កម្លាំង​នគរបាល​ដែល​កំពុង​ចេញ​ល្បាត​ស្រាប់​ផង​នោះ​ក៏បាន​ទៅដល់​កន្លែង​កើតហេតុ​ព័ទ្ធ​ចាប់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​តែ​គេ​បាន​រត់​គេចខ្លួន​អស់ គឺ​ចាប់​បានតែ​ម្នាក់​ក្នុងចំណោម​ពួកគេ​៤​នាក់។

លោក ម៉ា យន្ត​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជន​​​សង្ស័យ​រូប​នោះ​មាន​ឈ្មោះ សុខ ម៉ាក់ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ជា​មុខសញ្ញា​ចាស់ ដែល​មាន​រហស្សនាម​កណ្ដុរ​ជ្រែក​ដី គឺ​ពូកែ​លួច​ណាស់ គឺ​មាន​មុខរបរ​លួច​តាំងពី​កុមារភាព​រហូតដល់​ធំ​ពេញវ័យ។

ជនសង្ស័យ​ខាងលើ​ត្រូវបាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត​ទៅ​តុលាការ​ខេត្ត ដោយ​ចោទ​ពី​បទ​ប៉ុនប៉ង​បង្ក​របួស​ស្នាម​ និង​ចរាចរណ៍​អាវុធ​ខុសច្បាប់​បង្ក​គ្រោះថ្នាក់៕

Post a Comment

0 Comments

Close Menu