ភ្នំពេញ ៖ មហាជនយ៉ាងច្រើនកុះករបានបង្ហាញវត្តមាននៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ នៅពេលព្រឹកព្រលឹមថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០១៥ជាពេលដែលការប្រារព្ធមិទ្ទិញរំឭកខួបទី៣៦ នៃទិវាជ័យជម្នះ៧មករា (៧.១.១៩៧៩-៧.១.២០១៥) បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជន កម្ពុជា បណ្តាគណបក្សសម្ព័ន្ធភាព ព្រមទាំងភ្ញៀវអន្តរជាតិផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ៣៦ឆ្នាំនៃដំណើរ ជាតិកម្ពុជាគឺជា៣៦ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ បណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលយើងសម្រេចបានក្នុងរយៈពេល៣៦ ឆ្នាំនេះ គឺមានតម្លៃមហាសាល និងអត្ថន័យសំខាន់បំផុតចំពោះស្ថិរភាព និងការរីកចម្រើនរបស់ប្រជាជាតិយើងតទៅមុខទៀត។
សម្តេច ហេង សំរិន មានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរួម រួមគ្នាចិត្តមួយថ្លើមមួយ ថែរក្សាពូនជ្រំសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះឲ្យ កាន់តែស្រស់បំព្រងឡើង ហើយបញ្ចេញអស់កម្លាំងកាយកម្លាំងចិត្ត បន្តអភិវឌ្ឍន៍មាតុភូមិឲ្យកាន់តែរីកចម្រើន ក្លាយជាប្រទេសដ៏ជឿនលឿនមួយនៅក្នុងតំបន់ ដើម្បីការរស់នៅដ៏ល្អប្រសើររបស់យើងក្នុង សង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដែលគ្មានការកើត ជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ជាតិដូច ពេលមុនទៀត។ ម្យ៉ាងទៀតគប្បីរំឭកថា ដំណើរជាតិកម្ពុជាក្នុងអំឡុង ពេលនៃសង្គ្រាមត្រជាក់ ដែលបានលេចរូបរាងច្បាស់នៅឥណ្ឌូចិន ក្នុង ទសវត្សរ៍៦០បានធ្វើឲ្យកម្ពុជា ក្លាយជាសមរភូមិប្រយុទ្ធបម្រើឲ្យមនោគមវិជ្ជារវាងលោកខាងលិច និងលោកខាងកើត ហើយប្រទេសយើង ទទួលរងនូវការបំផ្លិចបំផ្លាញ ប្រជាជនយើងវិនាសព្រាត់ប្រាស មាតុភូមិយើងក្រាលដោយឈាម និងទឹកភ្នែក។ សភាពការណ៍ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលគួរឲ្យកត់សម្គាល់ ដែលបណ្តាលឲ្យ សង្គ្រាមមនោគមវិជ្ជាបែបថ្មីកើតឡើងនៅតំបន់ផ្សេងៗ ដូច្នេះប្រជាជនយើងត្រូវរួបរួមគ្នាប្រកបដោយស្មារតីស្នេហាជាតិខ្ពស់ ធ្វើយ៉ាងណា កុំឲ្យប្រទេសយើងក្លាយជាសមរភូមិ នៃសង្គ្រាមមនោគមវិជ្ជាបែបថ្មី ហើយត្រូវរក្សាឲ្យបាននូវសមិទ្ធផល៧មករាដ៏ធំធេងនេះ៕

0 Comments