ចាត់ទុកជាធម្មតាទៅហើយដែលអ្វីជាតម្រូវ ការរបស់មនុស្សនោះមិនអាចបំពេញបានគ្រប់គ្រាន់នោះទេ។ អ្វីដែលមនុស្សមានបំណងប្រាថ្នាចង់បាននោះ មិនអាចចប់សព្វគ្រប់នោះឡើយ គឺគេបាននេះហើយ ខ្វះនោះទៀត។ នេះហើយដែលជាសមុទ្រតណ្ហាដ៏ធំធេងដែលពាក្យចាស់បានប្រៀបធៀបអំពីបំណងប្រាថ្នារបស់មនុស្ស។
សេចក្តីប្រាថ្នានិងការចង់បានរបស់មនុស្សកាន់តែមានលក្ខណៈខ្លាំងក្លាប្រកបដោយការស្រេកឃ្លាន កាលណាគេកាន់តែចង់បានថែមទៀត។ គេតែងធ្វើការប្រៀបធៀបដូចអ្នកផឹក ទឹកអំបិលដែលកាន់តែស្រេកទឹកខ្លាំងឡើងៗ កាលណាគេកាន់តែផឹកច្រើន។ យ៉ាងណាមិញរោគមួយដ៏សាហាវនៅក្នុងចិត្តមនុស្សហៅថា លោភៈនោះ ក៏មិនចេះស្កប់ស្កល់និងមិនចេះគ្រប់គ្រាន់នោះដែរ។
ក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាក៏បានបញ្ជាក់ដែរ ថា៖ "នត្ថិតណ្ហាសមានទី" ប្រែថា នទី (ផ្ទែទឹក) ស្មើដោយតណ្ហាមិនមាន។ មានន័យថា បាននេះខ្វះនោះ ហើយអ្វីដែលជាកង្វះខាតតែងបណ្តាលអោយចិត្តស្ទុះកញ្ជ្រោលរោលរាលឥតជ្រុងជ្រោយឡើុយ។ ទន្ទឹមនេះដែរក៏ដូចពាក្យចាស់បានពោលថា "ចាប់ត្រីបានថា ត្រីតូច ចំណែកឯត្រីរួចនោះ គិតថាជាត្រីធំ"។ ដូចនេះអ្នកប្រាជ្ញខាងចិត្តសាស្ត្របាននិយាយថា ជីវិតមនុស្សពុំមានអ្វីដែលមានសម្ផស្សក្រៅពីការឈឹចាប់និងការអស់សង្ឃឹមនោះទេ។ ព្រោះអ្វីដែលគេបានទទួលរបស់នៅក្នុងដៃហើយ គេមិនត្រឹមតែយល់ថា អាចមានដំណើរការសមតាមបំណងនោះឡើយ ពោលគឺគេតែងសម្លឹងមើលនូវអ្វីខាងលើឬខាងមុខទៀតថា ល្អប្រសើរជាងនេះ។ ដូចមានរឿងព្រេងនិទានអំពីជនឆោតល្ងង់យកឃ្មុំក្នុងទឹកយ៉ាងនោះដែរ គឺវាជាស្រមោលឃ្មុំដែលគេមិនអាចយកបាន។ ក្នុងសេចក្តីប៉ងប្រាថ្នាដែលក៏មានសុភាសិតបរទេសមួយឃ្លាពោលថា "បក្សីមួយនៅក្នុងដៃវាប្រសើរជាងបក្សីជាច្រើននៅក្នុងគុម្ពោធព្រៃ"។ បានសេចក្តីថា កាលណាព្រានព្រៃព្រលែងបក្សីមួយដែលនៅក្នុងដៃស្រាប់ហើយនោះ បែរទៅរកបរបាញ់បក្សីជាច្រើននៅក្នុងគុម្ពោធព្រៃនោះ វាតែងបានទទួលលទ្ធផលមិនប្រាកដដូចសេចក្តីប្រាថ្នាទេ គឺជួនកាលបាននិងជួនកាលទៀតក៏មិនបាន។ នេះហើយដែលជារឿងផ្សងព្រេង ស្ទុះតាមស្រមោលនៃគំនិត មិនខុសពីពាក្យចាស់ពោលថា "ចាក់អង្ករចោលទៅយកអង្កាម"ហ្នឹងឯង។
ជាការពិតណាស់ អ្វីដែលនាំអោយចិត្តមានការប្រែប្រួលសាវានោះ គឺតណ្ហាតែម្ដងដែលបាននេះហើយចង់បាននោះទៀត ប្រកបដោយការស្រេកឃ្លានយ៉ាងក្រៃលែងនិងយ៉ាងអន្ទះសាដោយសភាពតក់ក្រហល់បំផុត។ ប៉ុន្តែទោះជាទទួលបានលទ្ធផលឬសម្ភារៈល្អឯកយ៉ាងណាមកដល់ខ្លួនហើយនោះ ក៏ការអបអរសប្បាយមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ បន្ទាប់មកចិត្តចេះតែសម្លឹងមើលអ្វីដែលមានគុណភាពល្អលើសហ្នឹងទៅទៀតដើម្បីយកមកបំពេញបំណងរបស់ខ្លួនក្រែងវាមានប្រសិទ្ធភាពក្នុងការស្កប់ស្កល់និងគ្រប់គ្រាន់។ ប៉ុន្តែសម្ភារៈនិងរបស់របរទាំងអម្បាលម៉ានវាមិនអាចផ្គាប់ចិត្តមនុស្សបាននោះទេ។
ជាក់ស្តែងមហាជោគជ័យនៃថ្ងៃ៧មករា ១៩៧៩ គឺជាទិវានៃព្រលឹងជាតិរស់ឡើងវិញដោយប្រជាជនខ្មែរទាំងអស់បានរើរួចពីសេចក្តីស្លាប់ពីនឹមដែកអំរែកថ្មនៃរបបប៉ុល ពត និងចាកផុតពីគ្រោះទុរ្ភិក្សដែលហៅថា ជាការស្រេកឃ្លានដោយខ្វះជាតិអាហារ។ ព្រោះក្នុងរបបប៉ុលពត ទាំងយើងទាំងគេ មានតែបំណងប្រាថ្នាតែមួយគត់គឺអោយបានរស់ជីវិតនិងបានបាយហូប។ ប៉ុន្តែក្រោយថ្ងៃ៧មករា១៩៧៩ យើងបានរស់ហើយនិងយើងបានបាយបរិភោគឆ្អែត ព្រមទាំងមានអ្វីៗនៅពេលនេះ វាតែងកើតមានជាបន្ដបន្ទាប់ទៅតាមការប្រាថ្នាចង់បានហើយ តើវាខ្វះខាតអ្វីទៀត?
ជាការពិតណាស់ សេចក្តីខ្វះខាតនិងតម្រូវការរបស់មនុស្សតែងមានមិនចេះចប់ឡើយ។ ប៉ុន្តែទោះជាយើងតែងមានតម្រូវការថ្មីៗបន្ដទៀតមែន តែយើងនៅចងចាំធាតុដើមនៃព្រលឹងជាតិរបស់យើងថា ពិតជា៧មករា ១៩៧៩ ជាមាតាទី២របស់ខ្មែរពិតប្រាកដ។ ព្រោះបើគ្មានថ្ងៃ៧មករា១៩៧៩ទេនោះ ក៏គ្មានអ្វីៗថ្ងៃនេះឡើយ គឺយើងក៏មិនបានរស់ក្នុងពិភពតណ្ហាមិនចេះចប់នេះដែរ៕
លី ហាក់សេង
0 Comments