ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលកំពុងអភិវឌ្ឍ ដូច្នេះប្រជាពលរដ្ឋហាក់ដូចជាមានសេរីភាពច្រើនក្នុងការប្រើប្រាស់នូវបណ្តាញសង្គម ដើម្បីទំនាក់ទំនង និងទទួលព័ត៌មានក្នុងសង្គម។ មនុស្សមួយចំនួន បានប្រើប្រាស់បណ្តាញសង្គម ដើម្បីគោលបំណងផលប្រយោជន៍រួម ពោលគឺជាការផ្តល់ព័ត៌មានទៅឲ្យសាធារណជន ចំណែកឯមនុស្សមួយចំនួនទៀតបានប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងវាយប្រហារអ្នកដទៃ តាមរយៈសកម្មភាពអសីលធម៌ផ្សេងៗ រាប់ទាំងសកម្មភាពល្មើសច្បាប់ និងគ្មានក្រមសីលធម៌មួយចំនួនផងដែរ។ តើការលាបពណ៌គ្នាក្នុងសង្គម បានកើតឡើងដោយសារតែមានការប្រើប្រាស់ បណ្តាញសង្គម យ៉ាងសេរីពេកមែនទេ?
ពាក្យថាការលាបពណ៌មួយមាត់ វាពិតជាមានន័យអវិជ្ជមាន និងធំទូលាយណាស់ ព្រោះវាត្រូវបានប្រើដោយអ្នកនយោបាយកម្ពុជា និងអ្នកវិភាគឯករាជ្យមួយចំនួន។ បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យា និងកម្រិតជីវភាពធូរធាររបស់ប្រជាពលរដ្ឋខ្មែរ ទើបពួកគាត់មានលទ្ធភាពក្នុងការប្រើប្រាស់បណ្តាញសង្គម ហើយឈានដល់ការប្រើប្រាស់របស់ទាំងនេះក្នុងផ្លូវមិនល្អ។ ការប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវមិនល្អ គឺមានន័យថាពួកគាត់ប្រើប្រាស់ ដើម្បីធ្វើរឿងអ្វីមួយ ដែលប៉ះពាល់ដល់សង្គម និងបង្កចលាចលក្នុងសង្គម ឬដើម្បីលាបពណ៌អ្នកដទៃជាដើម។
ក្នុងចំណោមប្រទេសក្នុងតំបន់ជាមួយគ្នា មានតែប្រទេសកម្ពុជាទេ ដែលមានសេរីភាពនៃការបញ្ចេញមតិប្រសើរជាងគេ។ ប្រសើរជាងប្រទេសមួយចំនួននៅត្រង់ថា ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់នូវប្រព័ន្ធសង្គម បានយ៉ាងសេរី។ សេរីនៅត្រង់ថាពួកគាត់អាចប្រើប្រាស់វា ដើម្បីប្រមាថអ្នកដទៃ ដែលមានគោលនយោបាយ ឬគំនិតខុសពីខ្លួន។ សេរីភាពនៃការប្រើប្រាស់បណ្តាញសង្គម របស់ពួកគាត់ ឬរបស់ក្រុមមួយចំនួននោះ មានដូចជាការកាត់តរូបភាពអាសអាភាស ការប្រើប្រាស់ពាក្យសម្តី ដោយគ្មានក្រមសីលធម៌ជាដើម។ ដូចអ្វី ដែលយើងបានដឹងហើយថា អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបានប្រើប្រាស់ពាក្យសម្តី មិនសមរម្យមកលើអ្នកមាននិន្នាការផ្ទុយពីខ្លួន ហើយថែមទាំងចោទប្រកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលថាបានបិទសិទ្ធិបញ្ចេញមតិរបស់ពួកគេទៀតផង។
តើការលាបពណ៌ថារដ្ឋាភិបាលបានបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិជារឿងសមហេតុផលឬទេ? ចម្លើយសម្រាប់សំណួរនេះគឺមិនសមហេតុផលទេ ពោលគឺគ្មានហេតុផលត្រង់ណាមួយ ដែលអាចបញ្ជាក់ថា រដ្ឋាភិបាលបានបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ។ ជាក់ស្តែងការប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សម្រាប់កម្ពុជានៅពេលនេះ គឺមានតែហួសពីព្រំដែនសេរីភាពទៅទៀត។ ហួសពីព្រំដែនសេរីភាព នៅត្រង់ថាមនុស្សមួយចំនួន បានជេរប្រមាថបុគ្គលដទៃ ដោយគ្មានញញើតមាត់ឡើយ។
ដោយសារតែពាក្យសិទ្ធិសេរីភាពនៃការបញ្ចេញមតិ មនុស្សមួយចំនួនបានស្រែកជេរប្រមាថថ្នាក់ដឹកនាំមួយចំនួន ដោយមិនខ្លាចក្រែងនឹងច្បាប់អ្វីបន្តិចឡើយ។ មែនទែនទៅ ការប្រើប្រាស់សិទ្ធិទាំងនោះ បានរំលោភលើសិទ្ធិសេរីភាពរបស់អ្នកដទៃ។ ជាក់ស្តែងដូចជាការប្រើប្រាស់លេសសេរីភាពបញ្ចេញមតិ មកដើរតវ៉ានៅតាមផ្លូវថ្នល់ជាដើម ដែលបង្កជាផលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃ។ ឧទាហរណ៍ បើមានមនុស្សម្នាក់មានផ្ទៃពោះ ហើយត្រូវទៅមន្ទីរពេទ្យ។ តែជាអកុសលគាត់មិនអាចទៅមន្ទីរពេទ្យបាន ដោយសារតែការសម្តែងមតិរហូតឈានដល់ការបិទផ្លូវ នោះអ្នកមានផ្ទៃពោះអាចនឹងបាត់បង់ជីវិតនៅកណ្តាលផ្លូវក៏អាចថាបាន។ តើនៅត្រង់នេះ គេមិនហៅថាការប្រើសិទ្ធិសេរីភាពហួសដែនកំណត់ទេឬ?
ការសម្តែងមតិលាបពណ៌គ្នានៅតាមបណ្តាញសង្គមអាចនឹងធ្វើឲ្យមានកំហឹងសង្គមកើតឡើង។ នេះអាចជាបញ្ហារសើបមួយ ដែលអាចកើតឡើងបានគ្រប់ពេលនៅកម្ពុជា។ ជាក់ស្តែងប្រសិនបើក្រុមមួយបានចោទប្រកាន់ថាក្រុមណាមួយទៀតជាក្រុមអាក្រក់ហើយ នោះជម្លោះប្រាកដជាអាចកើតមានឡើងតាមរយៈការឆ្លើយឆ្លងសម្តី រហូតឈានដល់អំពើហិង្សា។ ម្យ៉ាងវិញទៀត ការប្រកែកគ្នា ឬចោទប្រកាន់គ្នាទៅវិញទៅមក វាអាចក្លាយទៅជាការបែកបាក់គ្នានៅក្នុងសង្គមមួយទៀតផង។
ដូច្នេះ សូមយុវជនទាំងអស់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ត្រូវប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវការសម្តែងមតិរបស់អ្នកដទៃ ហើយទង្វើនេះវានឹងធ្វើឲ្យការលាបពណ៌គ្នា តាមរយៈការប្រើប្រាស់បណ្តាញសង្គមនឹងត្រូវលុបបំបាត់បានពីសង្គមជាតិយើង៕
0 Comments