Ad Code

នូវ ស៊ីថា​ និង​សោម តឿ​ទី ជម្រះ​បញ្ជី​គ្នា

អ្នក​ប្រដាល់​នូវ ស៊ីថា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជម្រះ​បញ្ជី​ជាមួយ​សោម តឿ ទី ​អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នៅ​លើ​សង្វៀន​SEA-TV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១ ​ខែ​មករា ​ឆ្នាំ​២០១៥​នេះ។

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ធ្លាប់​ប៉ះ​គ្នា​ម្តង​កាលពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ ឆ្នាំ​​២០១៣ ដែល​កាល ណោះ​ពួកគេ​ប្រកួត​ស្មើ​ពិន្ទុ​គ្នា។ រយៈពេល​ជិត​២​ឆ្នាំ ដែល​មិនបាន​ជួប​គ្នា​នេះ ទាំង​នូវ ស៊ីថា ទាំង​សោម តឿ​ទី សុទ្ធតែ​មានការ​រីកចម្រើន​ជាង​មុន​ដូចគ្នា។

នូវ ស៊ីថា ជា​អ្នក​ប្រដាល់​ដែល​វាយ​អាង​កម្លាំងបាយ ហើយ​ស្នៀត​ប្រចាំត្រកូល​របស់គេ គឺ​កណ្តាប់ដៃ​នេះឯង ដែល​មួយ​ដៃៗ​ដែល​គេ​វាយ​ចេញ​ទៅលើ​គូប្រកួត​នោះ គឺមាន​កម្លាំង​ខ្លាំង ហើយ​បើ​គូប្រកួត​ភ្លាត់​​​ត្រូវ​កណ្តាប់​ដៃ​របស់​គេ​នោះ ប្រាកដជា​សន្លប់​មិន​ខាន។ ប៉ុន្តែ​យ៉ាងណា ការប្រកួត​របស់​នូវ ស៊ីថា ប៉ុន្មាន​ប្រកួត​ចុងក្រោយ ពិសេស​ក្នុង​ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​កន្លងមកនេះ គឺ​ជួប​សំណាងអាក្រក់​ជានិច្ច ពោលគឺ​ពុំដែល​បានឈ្នះ​គេ​នោះទេ។ ការប្រកួត​ចុងក្រោយ​នេះ ស៊ីថា​វាយ​ចាញ់​ថៃ ប៊ុន​ហាន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​១។

សោម តឿ​ទី គេ​ក៏​មិន​ខុសពី​នូវ ស៊ីថា ប៉ុន្មាន​ដែរ គឺ​ប្រកួត​មិនដែល​ឈ្នះ​នរណា​ទេ។ តឿ​ទីនេះ ក៏​ជា​អ្នក​ប្រដាល់​មាន​ជំនាញ​ខាង​កណ្តាប់ដៃ​ដែរ ហើយក៏​ជា​អ្នក​និយម​ប្រើ​កម្លាំងបាយ ដើម្បី​ដោះស្រាយ​ភាព​ឈ្នះ​ចាញ់​ផង​ដែរ។ ការប្រកួត​ចុងក្រោយ​នេះ តឿ​ទី​វាយ​ចាញ់ ផាន់ ចំណាន អ្នក​ប្រដាល់​ក្លិប​គុជ​សា​កីឡា​ក្នុង​ទឹក​ទី​១​ដែរ។

សម្រាប់​ការ​ជួបគ្នា​រវាង​នូវ ស៊ីថា និង សោម តឿ​ទីនេះ ពិបាក​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ណាស់ ព្រោះ​កម្រិត​សមត្ថភាព​បច្ចេកទេស​ប្រដាល់​របស់​ពួកគេ​ទាំងពីរ មាន​ភាព​ប្រដំប្រសងគ្នា​​ ។ ចាំមើល ការជួបគ្នា​លើក​ទី​២​នេះ តើន​រណា​ជា​អ្នកទទួលបាន​ជ័យជំនះ​នោះ​? នឿន វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ឯក កៃ​ឈៀង អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។

ឯក កៃ​ឈៀង គេ​មិនសូវ​បាន​បង្ហាញមុខ​ញឹកញាប់​លើ​ស​ង្វៀន​ទេ គឺ​យូរៗ​បាន​ឡើង​ម្តង​ប៉ុណ្ណោះ។ ជា​អ្នក​ប្រដាល់​ដែល​មិនមាន​ឈ្មោះ​ល្បី​នោះ គេ​កម្រ​ចាប់​ផ្គូ​ឲ្យ​ប្រកួត​ណាស់។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី នឿន វ៉ាន់ឌី មិនអាច​មើលស្រាល​កៃ​ឈៀង​នោះទេ ព្រោះថា កៃ​ឈៀង​ពេលខ្លះ គេ​វាយ​មាន​ផ្លែ​ល្អ​គួរសម​ដែរ ពិសេស​គឺ​ស្នៀត​កែង​របស់គេ។

សម្រាប់​ការ​ជួបគ្នា​រវាង​នឿន វ៉ាន់ឌី និង ឯក កៃ​ឈៀង​នេះ ក៏​គ្មាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ជា​អ្នកឈ្នះ​នោះដែរ ? ការប្រកួត​ចុងក្រោយ​របស់​វ៉ាន់ឌី គឺ​វាយ​ឈ្នះ​សុខ ចិន្តា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ទឹក​ទី​២។ ចំពោះ​ការប្រកួត​ចុងក្រោយ​របស់​ឯក​កៃ​ឈៀង​វិញ គឺ​វាយ​ឈ្នះ​មាស​ឆូ​យ​អ្នក​ប្រដាល់​ក្លិប​យុវជន​កម្ពុជា​មានជ័យ​ក្នុង​ទឹក​ទី​២។

ប៊ិ​ត ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​សា ន រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។ ពួកគេ​ទាំងពីរ​នាក់​នេះ ពុំ​ដែល​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។

ទាំង​ប៊ិ​ត ប៊ុនធឿន ទាំង​សាន រាជសីហ៍ ពួកគេ​បាន​ខកខាន​ឡើង​ប្រកួត​យូរ​មក​ហើយ​ដូចគ្នា។ ដូច្នេះ​សម្រាប់​ការ​ជួបគ្នា​នេះ ពុំ​ដឹង​ថា​នរណា​ឈ្នះ នរណា​ចាញ់​នោះ​ឡើយ ?​​ ម៉ន រិទ្ធី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នឹង​ប្រកួត​ជាមួយ​សាង សី អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ទម្ងន់​ស្រាល​៥១​គីឡូក្រាម។ អ្នក​ប្រដាល់​ជើង​ថ្មី​ពីរ នាក់​នេះ​ល្អ​ និង​ខ្លាំង​គួរសម ដោយ​ពួកគេ​វាយ​មិន​ដក​ដៃ​ទេ តែ​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់ នោះ មិន​អាច​ថា​មុន​បានទេ៕

Post a Comment

0 Comments

Close Menu