Ad Code

ទឹក​ព្រះទ័យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

តាមរយៈ​សិលាចារឹក​ទុកជា​ភស្តុតាង​បង្ហាញ​អំពី​ទឹក​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​សម័យអង្គរ​ព្រះនាម​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ដែល​ក្នុង​ខ្លឹមសារ​នោះបាន​អោយដឹងថា​៖ "​ទុក្ខព្រួយ​របស់​ប្រជារាស្ត្រ​ជា​ទុក្ខព្រួយ​របស់​ព្រះអង្គ​"​។​

បន្ទាប់ទៅនេះ​ខ្ញុំ​នឹងធ្វើ​ការបកស្រាយ​អំពី​ព្រះរាជសារ​ដ៏​ខ្លី​នេះ ព្រមទាំង​លើក​បង្ហាញ​នូវ​ភស្តុតាង​ជាក់ស្តែង​អំពី​សមិទ្ធផល​ដែលជា​ស្នា​ព្រះហស្ត​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ក្នុងអំឡុង​គ​.​ស ១១៨១ ដល់ គ​.​ស​១២១៨ ដូចខាងក្រោម​នេះ​៖

សមិទ្ធផល​ពី​បុរាណ​កាលដែល​បាន​បន្សល់ទុក​យ៉ាងច្រើន​ជា​មរតក​វប្បធម៌​ក្នុងសង្គម​ខ្មែរ​ពី​សម័យ​បុ​រេ​អង្គរ​និង​ក្នុង​សម័យអង្គរ ដែល​ជា​ស្នា​ព្រះហស្ត​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​។ សមិទ្ធផល​ទាំងអស់​ជា​សម្បត្តិ​វប្បធម៌​ទាំងនោះ​ភាគច្រើន​ជា​និន្នាការ​នៃ​សាសនា ជាពិសេស​ខាង​សាសនាព្រាហ្មណ៍​និង​ហិណ្ឌូ​សាសនា​ដែល​បាន​ហូរ​ចេញពី​ប្រភពដើម​គឺ​ប្រទេស​ឥណ្ឌា​ចូលមកក្នុង​សង្គម​ខ្មែរ​ចាប់តាំងពី​សម័យ​អាណាចក្រ​នគរ​ភ្នំ​មកម្ល៉េះ​។ តាំងពី​សម័យ​អាណាចក្រ​នគរ​ភ្នំ​បន្ដ​មក​ក្នុងសម័យ​ចេនឡា​និង​នៅក្នុង​សម័យអង្គរ​នោះ ព្រះមហាក្សត្រ​ខ្មែរ​បាន​ចាត់ចែង​កសាង​ប្រាង្គ​ប្រាសាទ​ទុកជា​មូលនិធិ​នៃ​សាសនា​ក្នុង​ការបង្កើត​នូវ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​បញ្ហា​គោរព​សាសនា​នេះហើយ ដែលជា​ការនិយម​របស់​ប្រជាពលរដ្ឋ​នា​សម័យ​នោះ​។ ដូចនេះ​ព្រះមហាក្សត្រ​ព្រះអង្គ​ដឹកនាំ​កសាង​ប្រាង្គ​ប្រាសាទ ទាំង​ប្រាសាទ​សង់​អំពី​ឥដ្ឋ​ក្តី​និង​ទាំង​ប្រាសាទ​សង់​អំពី​ថ្ម​ក្តី ដើម្បី​តម្កល់​បដិមា​ទេវរូប​ឬ​ព្រះអាទិទេព​ទុកជា​ទី​សក្ការបូជា​សមតា​ម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។ មិនថាតែ​នៅតាម​ទីក្រុង​ឬ​រាជធានី​នោះទេ គឺ​នៅ តាម​ជនបទ​នានា​ក៏មាន​ប្រាង្គ​ប្រសាទ​នៅ​រាយ​ពាសពេញ​ប្រទេស​ដើម្បី​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​និង​ធ្វើ​សក្ការបូជា​ទុកជា​ផលប្រយោជន៍​។​

ប៉ុន្តែ​ចំពោះ​មជ្ឈដ្ឋាន​អ្នកតាមដាន​ប្រវត្តិសាស្ត្រ ខ្មែរ​ក៏ដូចជា​អ្នកសិក្សា​ស្រាវជ្រាវ​មរតក​វប្បធម៌​តាម​ប្រាង្គ​ប្រាសាទ​ដែរ តែងមាន​ការចាប់អារម្មណ៍​និង​ស្ងើច​សរសេរ​នូវ​ស្នា​ព្រះហស្ត​ច្នៃប្រឌិត​ថ្មី​សន្លាង​លើសពី​ព្រះមហាក្សត្រ​មុនៗ​គឺ​ស្នា​ព្រះហស្ត​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​តែម្ដង​។ ទន្ទឹមនេះ​ផងដែរ គេ​បាន​រកឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​តាមរយៈ​ការសរសេរ​លើ​ផ្ទាំង​ថ្ម​បានបញ្ជាក់ ថា "​ទុក្ខព្រួយ​របស់​ប្រជារាស្ត្រ​ជា​ទុក្ខព្រួយ​របស់​ព្រះអង្គ​"​។​

ចំពោះ​ហេតុផល​ឬ​ជា​ភស្តុតាង​ជាក់ស្តែង​ដែល​បានបង្ហាញ​អោយដឹងថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ព្រះអង្គ​មានទឹក​ព្រះទ័យ​អាណិតអាសូរ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ សម​តាម​ព្រះរាជសារ​សរសេរ​លើ​ថ្ម​ទុកជា​ចំណាំ​ជា​អមតៈ​នោះ គេ​បានដឹងថា​៖ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ព្រះអង្គ​ទ្រង់​ដឹកនាំ​កសាង​មន្ទីរពេទ្យ​ចំនួន​១០២​កន្លែង​ដែលមាន​ទាំង​ថ្នាំ​ឬ​ជា​ឱសថ​សម្រាប់​ព្យាបាល​ផង​និង​មាន​គ្រូពេទ្យ​នៅ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ​ផង​។ ព្រោះ​គេ​តែង​បានដឹងថា មនុស្ស​យើង​កាលណា​មាន​ជំងឺ​នោះ នឹងមាន​ការពិបាក​ទ្រាំ​ណាស់ ឬ​ហៅថា ជា​ទុក្ខព្រួយ​កង្វល់​។ យ៉ាងនេះ​ហើយ​ទើប​ក្នុង​ទឹក​ព្រះទ័យ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ព្រះអង្គ​ឈ្វេង​យល់ថា ទុក្ខព្រួយ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ជា​ទុក្ខព្រួយ​និង​សុខុមាលភាព​របស់​ព្រះអង្គ​។ មានន័យ​បន្ដទៅ​ទៀតថា ព្រះអង្គ​បាន​ផ្សាភ្ជាប់​ព្រះទ័យ​របស់​ព្រះអង្គ​ជាមួយនឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឬ​ហៅថា ព្រះអង្គ​បានដឹង​ពី​សុខទុក្ខ​រោគ​ភ័យ​របស់​ប្រជាពលរដ្ឋ​បាន​ដិតដល់​បំផុត​។ ជាពិសេស​ទៅទៀត ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​បាន​កសាង​សាលាសំណាក់​ដ​ល់​ទៅ​១២១​កន្លែង​នៅតាម​ផ្លូវ​សំខាន់ៗ​ក្នុងប្រទេស​ទុកអោយ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​យប់​ថ្ងៃ​បាន​ឈប់សម្រាក ឬ​សំចត​យក​កម្លាំង​។ មិនតែប៉ុណ្ណោះ​ព្រះអង្គ​បាន​កសាង​ផ្លូវ​និង​សង់ស្ពាន​ទុកអោយ​ជា​ប្រយោជន៍​ជាតិ​បន្ដ​មកទល់​និង​បច្ចុប្បន្ននេះ​ដូចជា​ស្ពាន​កំពង់ក្តី​ជាដើម​។ លើស ពីនេះ​ទៅទៀត គឺ​ការជីក​ស្រះ​និង​កសាង​ប្រព័ន្ធ​ប្រើប្រាស់​ទឹក ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការកសាង​ខឿ​ង​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ការងារ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដ៏​សំខាន់បំផុត​។​

សមិទ្ធផល​ដែល​ក្រៅពី​សំណង់​ប្រាង្គ​ប្រាសាទ នេះហើយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់ថា វា​ជា​ភស្តុតាង​យ៉ាងច្បាស់​ក្នុងការ​បញ្ជាក់ថា ពិតជា​ព្រះ រាជតម្រិះ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ក្នុងការ​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​មែន ហើយក៏​សក្តិសម​នឹង​ទឹក​ព្រះទ័យ​របស់​ព្រះអង្គ​ដែល​បាន​បញ្ជាក់ថា "​ទុក្ខព្រួយ​របស់​ប្រជារាស្ត្រ​ជា​ទុក្ខព្រួយ​របស់​ព្រះអង្គ​ពិតប្រាកដ​"

ឥន្ទ្រី​យ៍​ខ្មៅ​


Post a Comment

0 Comments

Close Menu