Ad Code

តម្លៃ​នៃ​ការអត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក

ក្នុង​លោក​នេះ មនុស្ស​មិនអាច​រស់នៅ​ឯកោ​បានទេ គឺ​មនុស្ស​និង​មនុស្ស​តែងមាន​ការប្រាស្រ័យ​ទាក់ទង​គ្នា ទោះ​តិច​ឬ​ច្រើន​ដោយ​មិន ចៀស​រួច​នោះទេ​។ យ៉ាងនេះ​ហើយ​ទើប​មេរៀន​សីលធម៌​របស់​សិស្ស​ក៏ដូចជា​បទពិសោធន៍​ក្នុងសង្គម​មនុស្ស​ដែរ គឺ​មានតែ​ការអត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​នោះទេ ទើប​ជាត​ម្លៃ​នៃ​ការរស់នៅ​ឬ​ហៅថា ជាការ​រួមរស់​ជាមួយគ្នា​ដ៏​សុខសាន្ត​នោះ​។​

ជាធម្មតា មនុស្ស​និង​មនុស្ស​តែងមាន​ចំណុច​ខ្វះខាត​និង​មានការ​ឆ្គាំឆ្គង​ដោយ​ប្រការ​ណាមួយ​ជាមិនខាន​។ ម្នាក់ៗ​តែង​ឃើញ​មានការ​ខ្វះខាត​ឬ​ជា​រឿង​ដែល​មិន​ពេញចិត្ត​រៀងខ្លួនៗ មានន័យថា អ្វីដែល​នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ចិត្ត​ឬអ្វី​ដែល​ខុស​នឹង​ចិត្ត​របស់ខ្លួន​នោះ តែងមាន​ជាមិនខាន​។ ទាំង​ពាក្យសំដី​និង​ទាំង​កាយវិការ​សកម្មភាព​ព្រមទាំង​សម្ភារៈប្រើប្រាស់ វា​ជា​ប្រភព​នៃ​ការមិន​ពេញចិត្ត​ផង និង​ក៏មាន​ការពេញចិត្ត​ផង​។ តែ​អ្វីដែល​បណ្ដាលឲ្យ​មានទំនាស់​វិបត្តិ​នោះ គឺ​បញ្ហា​ដែលជា​កំហុសឆ្គង​ឬ​ការប៉ះពាល់​ដល់​គេ និង​នាំឲ្យ​រំខាន​ដល់​គេ​។ ក្នុងនោះ​ក៏មាន​ការបោះ​ពាក្យសំដី​រោលរាល​បង្ក​នូវ​ការ​បង្អាប់បន្តុះ​ឬ​បន្ទាបបន្ថោក​ឲ្យ​អាប់ឱន​កិត្តិយស ដោយ​អ​ចេតនា​ខ្លះ និង​ដោយ​ចេតនា​ផង​នោះ ដែល​វា​ជា​ប្រភព​នៃ​ការ​អាក់អន់ចិត្ត​រហូត​ដល់​មានការ​ឆ្លងឆ្លើយ​បង្ក​នូវ​ទំនាស់​រវាង​គ្នា​នឹង​គ្នា​ទៀតផង​។​

ដោយឡែក ចំពោះ​សិស្ស​ដែល​ឋិត​ក្នុងស្ថានភាព​នៃ​ការសិក្សា​ជាមួយគ្នា ក៏​ដូច​ពាក្យចាស់​ពោលថា "​ចាន​ក្នុង​រាវ​លែង​អី​មានការ​រណ្តំ​គ្នា​"​។ បានសេចក្តីថា ទាំង​ពាក្យសំដី​និង​ទាំង​សកម្មភាព​នានា​ដែលជា​ការរស់នៅ​ស្មើភាព​គ្នា និង​មានការ​លេងសើច​ផង​ទៅវិញទៅមក​នោះ លែង​អី​នឹង​មានការ​ឆ្គាំឆ្គង​ឬ​មានការ​ប៉ះពាល់​គ្នា​ដោយ​ចៀស​មិន​ផុត​នោះឡើយ​។

ពាក្យចាស់​បានធ្វើ​ការអប់រំ​ថា បើ​សម្លឹងមើល​អ្នកដទៃ ត្រូវ​សម្លឹងមើល​អំពើ​ល្អ​របស់គេ ឬ​មុននឹង​ខឹង​ទៅលើ​បុគ្គល​ណា​ម្នាក់ ចូរ​យើង​គិត សញ្ជឹង​រំពឹង​មើលថា តើ​បុគ្គល​នោះ​មាន​ធ្វើអំពើ​ល្អ​មក​យើង​យ៉ាងណាខ្លះ​? នៅពេលដែល​យើង រកឃើញ​អំពី​ចំណុច​ល្អ​របស់គេ​មកលើ​យើង​នោះ ប្រាកដជា​អ្វី​ដែលជា​កំហឹង​ក្នុង​ខ្លួន​របស់​យើង​នោះ​នឹងត្រូវ​ថយចុះ​កំដៅ​ពិតប្រាកដ​។ ទន្ទឹមនេះដែរ លោក​បាន​បញ្ជាក់ថា បើ​យើង មើល​ពី​កំហុស​នោះ គួរ​សម្លឹងមើល​ខ្លួនឯង​វិញ ដោយ​មិនត្រូវ​អនុគ្រោះ​ឲ្យ​ខ្លួន​យើង​នោះទេ គឺ​ត្រូវតែ​រឹតបន្ដឹង​ខ្លួនឯង​ថែមទៀត​។​

ចំពោះ​ការរួមរស់​នៃ​ការសិក្សា​របស់​សិស្ស គឺ បញ្ហាសំខាន់​សិស្ស​ត្រូវ​ចងសម្ព័ន្ធ​មិត្ត​រវាង​គ្នា​នឹង​គ្នា​ឲ្យបាន​ច្រើន​ដូច​ពាក្យចាស់​ពោលថា "​ឲ្យ​បង្កើន​មិត្ត​និង​ត្រូវ​បន្ថយ​សត្រូវ​។ ជាពិសេស បើ​ការ​លើស​សល់​ឬ​ការប៉ះទង្គិច​គ្នា​បន្ដិចបន្ដួច​នោះ តែង​កើតមានឡើង​ជាធម្មតា​ក្នុង​សមូហភាព​សិស្ស ប៉ុន្តែ​អ្វីដែល​ជាការ​សំខាន់​និង​មាន​ប្រយោជន៍​របស់​សិស្ស​នោះ គឺ​ការអត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​។ ត្បិត​មនុស្ស​តែង​ត្រូវការ​ពឹងពាក់​គ្នា​ទៅវិញទៅមក​ជា​រឿង​ធម្មតា​។ ជាក់ស្តែង សិស្ស​ត្រូវ​ធ្វើការ​ជា​ក្រុម​ជាមួយគ្នា ហើយ​អ្វីដែល​មិនអាច​ចៀសផុត​នោះ គឺ​សិស្ស​និង​សិស្ស​តែងមាន​វប្បធម៌​នៃ​ការចែករំលែក​បទពិសោធ​ន៍​គ្នា ឬ​ហៅថា ជាការ​សាមគ្គី​ក្នុង​ការរៀន​តាមរយៈ​សិស្ស​ជួយ​សិស្ស​។​

ជា​ប្រការ​ល្អ គឺ​សិស្ស​ទាំងអស់​ដែល​បានមក​រៀន​ជួបជុំគ្នា​ក្រោម​ដំបូល​នៃ​អគារសិក្សា​តែមួយ នេះ តែងមាន​ទម្លាប់​មកពី​ប្រភព​នៃ​គ្រួសារ​រៀងៗ​ខ្លួន​នោះ វា​មិន​ដូចគ្នា​ទេ​។ កាលណា​គេ​ឃើញ​ឥរិយាបថ​ឬ​សណ្ដាប់ធ្នាប់​របស់​កូនចៅ​ថា យ៉ាងណាៗ​នោះ វា​អាច​បង្ហាញ​ឲ្យដឹង​អំពី​ឫសគល់ គឺ​សំដៅ​ទៅលើ​ទម្លាប់​មាតាបិតា​របស់​សិស្ស​ពិត​ប្រាកដ​។​

ប៉ុន្តែ​អាកប្បកិរិយា​នៃ​មនុស្ស​(​សិស្ស​)​ម្នាក់ៗ ដែល​ខុសៗ​គ្នា​នេះ គឺ​សិស្ស​និង​សិស្ស​ធ្លាប់បាន​ស្គាល់​ចិត្តថ្លើម​និង​អត្តចរិត​កិរិយាមារយាទ ព្រម ទាំង​សកម្មភាព​គ្នា​រួចជាស្រេច​ទៅហើយ​ដែល​បណ្ដាលឲ្យ​សិស្ស​និង​សិស្ស​តែងមាន​ការ​អធ្យាស្រ័យ​ឬ​ជាការ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រួមរស់​និង​ធ្វើការ​ជាមួយគ្នា​ដ៏​រលូន​ល្អ​ដែល​មិនអាច​រំលង​បាន​ប្រៀប​ដូច​អណ្ដាត​និង​ធ្មេញ​យ៉ាង​នោះដែរ​៕

លី ហាក់​សេង​

Post a Comment

0 Comments

Close Menu