ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នេះបានរៀបចំមិទ្ទិញប្រារព្ធខួបលើកទី៣៦ នៃទិវាជ័យជំនះ៧មករា នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីដ៏មហោឡារិកនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា ប្រជាពលរដ្ឋ សិស្សនិស្សិត ចូលរួមរាប់ម៉ឺននាក់។
នៅក្នុងអង្គមិទ្ទិញនេះមានពិធីអបអរសាទរដោយរបាំ និងចម្រៀងជាច្រើនបទទាក់ទងទៅនឹងអត្ថន័យនៃថ្ងៃជ័យជំនះ៧មករាដើម្បីអបអរសាទរទិវានេះ ដែលប្រជាជនកម្ពុជាគ្រប់រូបចាត់ទុកថាជាថ្ងៃកំណើតទី២របស់ខ្លួន។
អង្គមិទ្ទិញទាំងមូលក៏បានត្រងត្រាប់ស្ដាប់នូវសន្ទរកថាដ៏មានអត្ថន័យដែលអានដោយសម្ដេចអគ្គមហាពញាចក្រីហេង សំរិនលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំការតស៊ូរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ក្នុងថ្ងៃ៧មករា ឆ្នាំ១៩៧៩។

0 Comments