Ad Code

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​៖ ​យើង​មាន​វិទ្យុ​ស្ទើរ​គ្រប់​​កន្លែង ប៉ុន្តែ​ការផ្សាយ​ព័ត៌មាន​មិន​ផ្តោត​ការ​យកចិត្តទុកដាក់​ថា​តើ​ប្រជាជន​គាត់​ចង់​ដឹង​អ្វីខ្លះ​

ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​បង្ហាញ​ពី​ចំណុចខ្សោយ​របស់​យើង​ថា យើង​មាន​វិទ្យុ​ស្ទើរ​គ្រប់កន្លែង ប៉ុន្តែ​ការផ្សាយ​របស់​យើង​ហាក់ដូច​មិនសូវ​បាន​លទ្ធផល​ល្អ គឺ​ដោយសារ​យើង​មិន​អាច​ក្ដាប់​បាន​ថា​តើ​ប្រជាជន​គាត់​ចង់​ដឹង​អ្វីខ្លះ យើង​ផ្សាយ​តែ​ព័ត៌មាន​ពិធីការ ផ្សាយ​តែ​រឿង​អ្នកធំ ចៅហ្វាយខេត្ត​ចុះ​ធ្វើ​នេះ ចុះ​ធ្វើ​នោះ ប៉ុន្តែ​អ្វី​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​យើង​ដោះ​មិន​ចេញ។

ក្នុង​ពិធី​ប្រគល់​ត្រា​ចូលកាន់​តំណែង​របស់លោក ផុស សុវណ្ណ អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ជំនួស​លោក ប៊ុត បូ​វុ​ធ ដែល​ត្រូវ​ចូលនិវត្តន៍ នា​រសៀល​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៥ នៅ​ទីស្ដីការក្រសួង លោក រដ្ឋមន្ត្រី​ថ្លែងថា ក្នុង​ការជំរុញ​ការផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឲ្យ​កាន់តែ​សកម្ម ដែល​បច្ចុប្បន្ន ការផ្សាយ​ព័ត៌មាន​កំពុង​ស្ថិតក្នុង​ស្ថានភាព​មួយ​រង់ចាំ​ព្រនង់​ច្រើនជាង​ការវាយលុក ដូច្នេះ​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ប្រើ​យុទ្ធសាស្ត្រ​ខ្យង (​រឿងព្រេង​ខ្មែរ​ខ្យង និង​ទន្សាយ​) ដើម្បី​ឲ្យ​ការផ្សាយ​ព័ត៌មាន​កាន់​តែមាន​ប្រសិទ្ធភាព​នោះ​។​

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា កន្លងមក​ព័ត៌មាន​យើង​បញ្ជូន​ព័ត៌មាន​មក​តែ​ភ្នំពេញ ប៉ុន្តែ​យើង​មិន​បញ្ជូន​ទៅ​ខេត្ត​គ្នាឯង ដូច្នេះ​យើង​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​តូច គឺ​យុទ្ធសាស្ត្រ​ខ្យង ព្រោះថា​សត្វ​ខ្យង​ស្រែក​បណ្ដាក់​គ្នា​ទើប​ឈ្នះ​ទន្សាយ ដូច្នេះ​យើង​ក៏​ដូចគ្នា​ដែរ​មធ្យោបាយ​យើង​តិច ប៉ុន្តែ​បើ​យើង​ចេះ​បណ្ដាក់​គ្នា​ យើង​អាច​បញ្ចូល​សំឡេង​ហ្នឹង​បាន។ ចំណុចខ្សោយ​យើង​មួយទៀត យើង​មាន​វិទ្យុ​ស្ទើរ​គ្រប់កន្លែង ប៉ុន្តែ​ការផ្សាយ​របស់​យើង​ហាក់​ដូច​មិនសូវ​បាន​លទ្ធផល​ល្អ គឺ​ដោយសារ​យើង​មិន​អាច​ក្ដាប់បាន​ថា​តើ​ប្រជាជន​គាត់​ចង់ដឹង​អ្វីខ្លះ យើង​ផ្សាយ​តែ​ព័ត៌មាន ពិធីការ ផ្សាយ​តែ​រឿង​អ្នកធំ ចៅហ្វាយខេត្ត​ចុះ​ធ្វើ​នេះ ចុះ​ធ្វើ​នោះ ប៉ុន្តែ អ្វី​ដែល​ជា​កង្វល់​របស់​គាត់​យើង​ដោះ​មិន​ចេញ​។

លោក​រដ្ឋមន្ត្រី​បន្តថា នៅ​ដើមឆ្នាំ​ថ្មី​នេះ​វិទ្យុ​AM​នឹង​ចាប់ដំណើរការ ដែល មាន​កម្លាំង​៦០០​គីឡូវ៉ាត់ គ្រប់គ្រាន់​សម្រាប់​ការផ្សាយ​ហើយ សង្ឃឹមថា​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​ទៀត​ទូរទស្សន៍​ឌីជីថល យើង​អាច​បំបែក​៣ កា​ណា​ល់​បាន ដូច្នេះ​អ្នកដឹកនាំ​ត្រូវ​ចេះ​គ្រប់គ្រង​ព័ត៌មាន គ្រប់គ្រង​បុគ្គលិក រក្សា​សាមគ្គី​ផ្ទៃក្នុង​ជា​ការ​ចាំបាច់​បំផុត។

លោក ខៀវ កាញារីទ្ធ បន្ថែមថា យើង​នឹង​ខិតខំ​រួមគ្នា ហើយ​ត្រូវ​យល់ថា ការងារ​ព័ត៌មាន​ជា​ការងារ​សមូហភាព វា​មិន​អាច​ដាច់​ដោយឡែកៗ​បានទេ យើង​ម្នាក់ឯង​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ គឺ​ទៅ​មិន​រួច​ទេ ដូច្នេះ​ត្រូវ​យល់​ពី​ស្មារតី​សមូហភាព​នេះ​ជា​ការ​សំខាន់​ណាស់ ក្នុង​ការជំរុញ​ឲ្យ​ការងារ​ព័ត៌មាន​របស់​យើង​បាន​ទទួល​ជោគជ័យ​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ពី​ឆ្នាំ​២០១៥​នេះ​ទៅ​យើង​ធ្វើការ​ផ្លាស់ប្ដូរ​ការផ្សាយ​របស់​យើង​ឲ្យ​កាន់តែ​រស់​រវើក​ថែមទៀត៕

Post a Comment

0 Comments

Close Menu