តាកែវ ៖ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តតាកែវ បានធ្វើការចាប់ឃាត់រថយន្តយីឌុប ដែលកំពុងធ្វើសកម្មភាពដឹកឈើតាមបណ្ដោយផ្លូវជាតិលេខ៣ ចុះមកក្នុងខេត្តដើម្បីពិនិត្យឯកសារ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
ហេតុការណ៍មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើចាប់រថយន្តដឹកឈើនេះ អនុវត្តឡើងនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលត្រូវបានគេបង្ហើបថា ដឹកមកពីខេត្តពោធិ៍សាត់យកមកស្តុកទុកនៅដេបូឈើក្នុងខេត្តតាកែវ។ ក្រោយពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើចាប់រថយន្តនេះបានភ្លាមៗ អ្នកបើករថយន្តបានបង្ហាញឯកសារសម្រាប់នាំឈើចូលក្នុងដេបូដែលមានការចុះហត្ថលេខាអនុញ្ញាតត្រឹមត្រូវពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ តែត្រូវបានផុតកំណត់ប្រើប្រាស់។ ចំណែកលោក ស៊ឹម ឡាប៉ាំង នាយខណ្ឌរដ្ឋព្រៃឈើខេត្តតាកែវបានប្រាប់ឲ្យដឹងថា ការចាប់រថយន្តដឹកឈើនេះ គឺធ្វើឡើងក្រោយពីមន្ត្រីលោកបានរកឃើញពីភាពមិនប្រក្រតីនៃការនាំឈើចូលដោយមិនមានឯកសារច្បាស់លាស់ត្រឹមត្រូវ ពោលគឺម្ចាស់ឈើបានបញ្ហាញ ឯកសារសម្រាប់នាំឈើចូលដេបូក្នុងឆ្នាំ២០១៨ ដែលនេះគឺជាឯកសារផុតកំណត់ប្រើប្រាស់ ថែមទាំងមានលាយឈើប្រណិតមកជាមួយផងដែរ។
លោកនាយខណ្ឌបន្តថា ចំពោះចំណាត់ការផ្លូវច្បាប់ ឈើនេះនឹងត្រូវរឹបអូសរក្សាទុកធ្វើការដេញថ្លៃយកថវិកាចូលរដ្ឋ ចំណែករថយន្តត្រូវបានអនុញ្ញាតឲ្យម្ចាស់ចូលខ្លួនមកបំពេញសំណុំបែបបទនិងដោះស្រាយយកទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments