អ្នកប្រដាល់យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ និង ម៉ន សាម៉េត អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធពួកគេពីរនាក់នេះ បានកក់កៅអីទុករួចហើយ សម្រាប់ការប្រកួតនៅក្នុងជុំទី៣ ដែលជាវគ្គ៨នាក់ចុងក្រោយ នៃពានរង្វាន់ជើងឯកTV5 Knock Out Seriesទម្ងន់៥៧គ.ក្រ ក្រោយពីពួកគេទាំងពីរ បានវាយឈ្នះលើដៃគូ ក្នុងការប្រកួតជម្រុះជុំទី២ កាលពីយប់ថ្ងៃសៅរ៍ ទី០៥ ខែមករាឆ្នាំ២០១៩ នៅលើសង្វៀន TV5 ព្រែកកំពឹស។
យុគ យក្សផ្លែ គេវាយឈ្នះ សេន កុសល អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរ ដោយពិន្ទុមិនឯកឆន្ទ ៤ទល់១ ពោលគឺក្នុងចៅក្រម៥រូប មាន៤រូបបានផ្តល់ពិន្ទុឲ្យយក្សផ្លែឈ្នះ និង១រូបផ្តល់ឲ្យ សេនកុសលឈ្នះ។ សេន កុសល គេវាយចាញ់យក្សផ្លែដាច់ពីរទឹកទៅហើយ ដោយត្រូវយក្សផ្លែវាយត្រូវមុខពេញៗ និងដួលលើរេញញឹកញាប់ទៀតផង។
សេន កុសល គេគ្រាន់តែមានប្រៀបបន្តិចត្រង់អាជ្ញាកណ្ដាលព្រមានកាត់ពិន្ទុយុគ យក្សផ្លែនៅពេលដែលយក្សផ្លែវាយបំពានលើរូបគេនៅក្នុងទឹកទី២នោះ។ តែកុសល ក៏ត្រូវអាជ្ញាកណ្ដាលរាប់៨ផងដែរ មុនពេលព្រមានយុគ យក្សផ្លែ ដែលទាត់ត្រូវប្រដាប់ការពារពងរបស់កុសលនោះ។
ទោះជាយ៉ាងណា សេន កុសល គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតដណ្តើមកំពូលជើងឯកTV5 Knock Out Series ទម្ងន់៥៧គ.ក្រត្រឹមជុំទី២នេះ។ ឯ យុគ យក្សផ្លែ គេត្រូវបន្តការប្រកួតនៅជុំទី៣ទៀត។
ចំណែក ម៉ន សាម៉េត គេបានយកឈ្នះសិស្សប្អូនរួមគ្រូ រឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី២ ក្នុងការប្រកួតជម្រុះជុំទី២នេះដែរ។
រឿន សុខលី ត្រូវសិស្សច្បងម៉ន សាម៉េត វាយមិនសំចៃដៃនោះទេ ដែលធ្វើឲ្យ សុខលី ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តង ហើយនិងដួលមួយលើកទៀត អាជ្ញាកណ្ដាលក៏បញ្ឈប់សុខលី លែងឲ្យប្រកួតតែម្តង។ ដូច្នេះ រឿន សុខលី គេត្រូវជ្រុះធ្លាក់ត្រឹមនេះ ឯ ម៉ន សាម៉េត គេនៅបន្តការប្រកួតនៅក្នុងជុំទី៣បន្តទៀត។
គួរបញ្ជាក់ថា ការប្រកួតជម្រុះចម្រាញ់រកកីឡាករដែលខ្លាំងនោះ នឹងធ្វើជា៤ជុំ ដោយក្នុងចំណោម៣២នាក់ ក្នុងជុំទី១ចម្រាញ់ទុក១៦នាក់ ជុំទី២ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងជុំ ទី៣ ដែលជាការប្រកួតវគ្គ៨នាក់ចុងក្រោយគឺជម្រុះចោល៤រូប ទុក៤រូប សម្រាប់ទៅប្រកួត នៅជុំទី៤ ដែលជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពានរង្វាន់ជើងឯកTV5 Knock Out Series ទម្ងន់៥៧គ.ក្រ។
ចំពោះ ការប្រកួតជាលក្ខណៈអន្តរជាតិជាតិ ដែលជាការជួបគ្នារវាង ម៉ន ព្រហ្មម៉ាញ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ជាមួយអ្នកប្រដាល់មកពីប្រទេសថៃឈ្មោះកង បូរី (Kang Bori) ដោយប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូក្រាមនោះ គឺជ័យជំនះ បានទៅលើកង បូរី។
ម៉ន ព្រហ្មម៉ាញ ត្រូវអ្នកប្រដាល់ កង បូរី ធាក់ចំចុងដង្ហើមមួយជើងពេញ ដែលធ្វើឲ្យ ម៉ន ព្រហ្មម៉ាញ ដួលចុកននាលលើរេញ ហើយត្រូវអាជ្ញាកណ្ដាលរាប់ដល់១០ បញ្ឈប់ការប្រកួតរបស់ ម៉ន ព្រហ្មម៉ាញ តែម្តង។
ចំណែក ឡុង បេនលឿន អ្នកប្រដាល់ ក្លិបសាលវ័ន្តកីឡា បានវាយផ្តួលយកឈ្នះភួង ណាំហង អ្នកប្រដាល់ ក្លិបរស្មីកុមារកំព្រា ក្នុងទឹកទី២ ប៉ុណ្ណោះ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments