លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានថ្លែងបន្តទៀតថា សិក្ខាសាលាដ៏មានតម្លៃនេះបានរៀបចំឡើងតាមស្មារតីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីផ្សព្វផ្សាយ និងជម្រាបជូនសាធារណជន ជាពិសេស អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន និងគ្រឹះស្ថានហិរញ្ញវត្ថុឲ្យបានដឹងច្បាស់ថា បច្ចុប្បន្នមានអង្គការមិនមែនរដ្ឋាភិបាល សមាគមសប្បុរសធម៌ ឬជាសប្បុរសជនមួយចំនួន ដែលបានធ្វើការឲ្យខ្ចីប្រាក់ តាមជនបទ និងទីប្រជុំជន ហើយតែងតែចាត់ខ្លួនឯងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកបញ្ជាក់ទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបមានចំនួន៣៩ ក្នុងនោះគ្រឹះស្ថានចំនួន៧ ត្រូវបានអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជន និងប្រតិបត្តិការឥណទានជនបទ ដែលចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា មានចំនួន៣៨។ ឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទឹកប្រាក់សរុប២ពាន់លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ដល់អតិថិជន១,៨០លាននាក់ ក្នុងនោះស្ត្រីមានចំនួន៨១%។ ទន្ទឹមនោះ ប្រាក់បញ្ញើសរុបមានចំនួនប្រមាណ៩០០លានដុល្លារអាមេរិក ដែលទទួលបានពីអតិថិជនជាង១លាននាក់។ បន្ថែមពីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកំពុងធ្វើប្រតិបត្តិការទូទាំង២៥ខេត្ត-ក្រុង ដោយមានបណ្ដាញតំបន់ប្រតិបត្តិការ នៅថ្នាក់ស្រុកចំនួន២.៣៣៨ ថ្នាក់ឃុំចំនួន១៦.១៧៣ និងថ្នាក់ភូមិចំនួន១០០.៣៤២។
លោកបានបន្ថែមថា ក្រៅពីសេវាឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មានសេវាមួយចំនួនទៀតដូចជា សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ និងសេវាធានារ៉ាប់រងខ្នាតតូចជាដើម។ សេវាទាំងអស់នេះត្រូវបានផ្តល់ឲ្យអតិថិជន ក្នុងគោលបំណងជួយសម្រួល និងបង្កើនស្ថានភាពហិរញ្ញវត្ថុគ្រួសារ ក៏ដូចជាអាជីវកម្មរបស់គាត់ឲ្យកាន់តែប្រសើរឡើង។
បច្ចុប្បន្ន ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៣៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន៤ បានផ្តល់សេវាកម្មម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិសរុបចំនួន១៨៩ម៉ាស៊ីន ក្នុងនោះគ្រឹះស្ថានប្រាសាក់មាន៨១ម៉ាស៊ីន គ្រឹះស្ថានហត្ថាកសិករមាន៧២ម៉ាស៊ីន គ្រឹះស្ថានអេអឹមខេមាន ២៥ម៉ាស៊ីន និងគ្រឹះស្ថានស្ថាបនាមាន១១ម៉ាស៊ីន។
លោកបានថ្លែងទៀតថា “ទោះបីជាអត្រាការប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការថយចុះជាបន្តបន្ទាប់ក៏ដោយ ក៏ធនាគារជាតិនៃកម្ពុជានៅមានការបារម្ភពីអត្រាការប្រាក់ខ្ពស់ ដែលបណ្ដាលឲ្យកូនបំណុលជំពាក់បំណុលរើខ្លួនមិនរួច ហិនហោចទ្រព្យសម្បត្តិ និងចំណាកស្រុក។ មូលហេតុចម្បង នៃអត្រាការប្រាក់កម្ចី នៅតែមានកម្រិតខ្ពស់នេះ គឺបណ្ដាលមកពីសកម្មភាព ប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាល សមាគម និងឈ្មួញឲ្យខ្ចីចងការប្រាក់ក្រៅប្រព័ន្ធ ដែលមិនស្ថិតក្រោមការត្រួតពិនិត្យ និងមិនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីស្វែងរកប្រាក់ចំណេញ តាមរយៈការធ្វើប្រតិបត្តិការ មីក្រូឥណទានជនបទ។ បានកំណត់យកអត្រាការប្រាក់កម្ចីខ្ពស់ និងការគណនារបៀបសង ជារបៀបកេងចំណេញ ពីប្រជាពលរដ្ឋ ជាមួយនឹងការផ្តល់ភាពងាយស្រួលក្នុងការទទួលបានប្រាក់កម្ចី និងមិនបានវិភាគលទ្ធភាពសងរបស់អតិថិជនឲ្យបានត្រឹមត្រូវ។ ភាពងាយស្រួលនេះបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ទទួលបានប្រាក់កម្ចីពីប្រភពច្រើន ហើយជាលទ្ធផល នឹងធ្វើឱ្យពួកគាត់ជាប់បន្ទុកបំណុលវន្ត.ក និងគ្មានលទ្ធភាពសងបំណុលវិញ ហើយទ្រព្យបញ្ចាំរួមមាន ដីធ្លី ផ្ទះសម្បែង ដីស្រែរបស់ពួកគាត់ត្រូវបានសមាគម ឈ្មួញ ឬអង្គការស្វែងរកប្រាក់ចំណេញទាំងនោះរឹបអូស”។
លោកបានថ្លែងទៀតថា ដើម្បីទប់ស្កាត់បញ្ហាដែលបានកើតឡើងនេះ ក៏ដូចជាក្នុងគោលបំណង ដើម្បីជួយការពារប្រជាពលរដ្ឋឲ្យជៀសផុតពីការកេងប្រវ័ញ្ចពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល សមាគម និងឈ្មួញឲ្យខ្ចីចងការប្រាក់ មិនស្របច្បាប់ទាំងនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីបំភ្លឺមតិសាធារណៈជ្រាបថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ពុំមែនជារបស់រដ្ឋទេ ព្រមទាំងថ្កោលទោសចំពោះអង្គការមិនមែនរដ្ឋាភិបាល សមាគម និងឈ្មួញឱ្យខ្ចីចងការប្រាក់ទាំងនោះឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកេងប្រវ័ញ្ចនេះ។ ក្នុងករណីដែលចង់បន្តសកម្មភាពឱ្យខ្ចីប្រាក់ អង្គការមិនមែនរដ្ឋាភិបាល សមាគម ឬបុគ្គលទាំងនោះ ត្រូវតែធ្វើឡើងក្នុងក្របខណ្ឌច្បាប់ ដោយត្រូវចូលខ្លួនមកសុំចុះបញ្ជី ឬអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិ នៃកម្ពុជា នឹងពិនិត្យគុណវុឌ្ឍិច្បាស់លាស់ ត្រឹមត្រូវ ព្រមទាំងចុះត្រួតពិនិត្យដល់ទីកន្លែងជាមុន ដើម្បីជាមូលដ្ឋាន ក្នុងការសម្រេចផ្ដល់ មិនផ្តល់អាជ្ញាប័ណ្ណ ឬចុះបញ្ជី នៅធនាគារជាតិ នៃកម្ពុជា៕
លោក ជា ចាន់តូ បញ្ជាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលស្របច្បាប់នៅកម្ពុជា
0 Comments