ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ជូន​មន្ត្រី​នគរបាល​ជាតិ ផែន​អន្តោប្រវេសន៍ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២៩​រូប​ កាលពី​ថ្ងៃទី​២២ ​ខែមករា​ ឆ្នាំ​២០១៩ លោក​ ជា​ ពិសី​ អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ថ្លែង​ដោយ​ជំរុញ​ឲ្យ​អធិការ​ខណ្ឌ​ឫស្សីកែវ​ ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ក្លឹប​កម្សាន្ត និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ និង​ការលុបបំបាត់​ការប្រើប្រាស់ ការ​ជួញដូរ និង​ការ​ចែក​ចាយ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ។​

លោក​អភិបាលខណ្ឌ បន្តថា បើ​ពិនិត្យឃើញ​ក្លឹប​កម្សាន្ត អាជីវ​កម្មដ្ឋាន និង​ទីតាំង​សប្បាយ​ណា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​ចាត់​វិធានការ​ និង​រាយការណ៍​ជូន​យោបល់​មក​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដើម្បី​បិទ​អាជីវកម្ម​នោះ​តែម្តង។​

លោក​លើកឡើង​ទៀតថា អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព តាម​ក្លឹប​កម្សាន្ត និង​អាជីវ​កម្មដ្ឋាន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការងារ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​មន្ត្រី ក្រោម​ឱវាទ និង​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​របស់​មន្ត្រី។​

ជាមួយគ្នា​នោះ ត្រូវ​ព្យាយាម​បណ្ដុះបណ្ដាល​ការងារ​ដល់​មន្ត្រី​វ័យក្មេង​នៅ​អម​ជា​មួយ​នឹង​មន្ត្រី​ចាស់ ដើម្បី​ឲ្យ​ជួយ​ការងារ និង​ចែករំលែក​បទពិសោធន៍ (​មនុស្ស​ចាស់​ជាឃ្លាំង​ចំណេះដឹង​) និង​ត្រូវ​ពង្រឹង​យក​ចិត្តទុកដាក់​លើ​ការរក្សាសន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ឲ្យ​កាន់​តែ​ល្អប្រសើរ​ជាង​មុន។​

លោក ជា ​ពិសី ក៏បាន​ជំរុញ​ផងដែរ ឲ្យ​អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ ត្រូវ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​ឲ្យ​បាន​ល្អប្រសើរ​ជាង​មុន និង​ត្រូវ​រៀបចំ​ក្រុមការងារ​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​រួមមាន ការផ្តល់​អត្តសញ្ញាណប័ណ្ណ សៀវភៅ​
​គ្រួសារ សៀវភៅ​ស្នាក់នៅ ជាដើម និង​ជំរុញ​ការគ្រប់គ្រង​ស្ថិតិប្រជាជន​ស្នាក់នៅ​អចិន្ត្រៃយ៍ មិន​អចិន្ត្រៃយ៍ ជន​អន្តោប្រវេសន៍ នៅក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ ជាពិសេស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​នូវ​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បាន​ល្អ។​
លោក​អភិបាល​ ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ចំពោះ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ការងារ​ ឆែក​អាវុធ​ជាតិ​ផ្ទុះ គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន ត្រូវធ្វើ​ជាប្រចាំ និង​មានការ​បត់​បែន​តាម​សភាពការណ៍​ជាក់ស្ដែង៕



Source: Kampuchea Thmey Daily