កំពង់ឆ្នាំង ៖ ឈើអារជាង១០០ម៉ែត្រគូប ជាគ្រឿងសម្រាប់ធ្វើផ្ទះ ត្រូវបានក្រុមជាងយោធា នៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង កំពុងឈូសដាប់ដំឡើងជាគ្រោង សម្រាប់សាងសង់ផ្ទះ ជូនយុទ្ធជនសោធននិវត្តន៍ អតីតយុទ្ធជន ជនពិការ និងជនបាត់បង់នីតិសម្បទា ក្រីក្រគ្មានទីជម្រកស្នាក់នៅសមរម្យ។ ប៉ុន្តែរឿងនេះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅបានពោលថា ៖ គឺបានតែឈើទេ ដោយនៅខ្វះទ្វារ បង្អួច ជណ្ដើរ ស័ង្កសី និងជើងតាងទៀត ដោយលោក សូមអំពាវនាវដល់សប្បុរសជននានា មេត្តាជួយឧបត្ថម្ភ ក្នុងការងារមនុស្សធម៌ខាងលើនេះជូនអតីតយុទ្ធជនដោយអនុគ្រោះផងចុះ។
លោកឧត្ដមសេនីយ៍ទោ ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២២មករានេះបានឲ្យដឹងថា ឈើសម្រាប់សង់ផ្ទះ ដែលក្រុមទាហានជាងកំពុងដាប់ ឈូស និងធ្វើជាគ្រោងខាងលើនេះ គឺជាឈើសម្រាប់សង់ផ្ទះជូនអតីតយុទ្ធជន ជនពិការ ជនបាត់បង់នីតិសម្បទា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សោធននិវត្តន៍ ដែលក្រីក្រ គ្មានជម្រកស្នាក់នៅបានសមរម្យ។
លោកបានបញ្ជាក់ថា ឈើទាំងនេះសរុបមាន ចំនួន១៦០ម៉ែត្រគូប ដែលបានមកការជួយឧបត្ថម្ភ ពីឯកឧត្ដមនាយកឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ដែលសប្បុរសជននានាបានជួយឧបត្ថម្ភ តាមសំណើស្នើសុំរបស់លោកសម្រាប់ជួយដល់សាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ។ ដោយឈើទាំងនេះ នឹងត្រូវសាងសង់ផ្ទះបានចំនួន២៥ខ្នង និងក្នុង១ខ្នង មានទំហំ៥គុណ និង៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ក្រាលក្តារ។
លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ពេលនេះ យើងបានឈើគ្រប់ហើយ ប៉ុន្តែយើងនៅខ្វះទ្វារ បង្អួច ជណ្ដើរ ស័ង្កសី និងជើងតាងទៀត ដែលតាមការប៉ាន់ស្មានបូកទាំងថ្លៃឈ្នួលជាងផង ក្នុងផ្ទះមួយខ្នងៗ ត្រូវចំណាយថវិកា៣លានរៀល គឺ២៥ខ្នង ស្នើនឹង៧៥លានរៀលទៀត ទើបគ្រប់គ្រាន់។
ចំពោះបញ្ហានេះ លោកមេបញ្ជាការ សូមសំណូមពរដល់ ឯកឧត្ដម លោកជំទាវ និងសប្បុរសជននានា នៅទីជិតឆ្ងាយ សូមមេត្តាជួយឧបត្ថម្ភដល់អតីតយុទ្ធជនក្រីក្រ ដែលខ្វះទីជម្រកស្នាក់នៅ ដោយសេចក្ដីអនុគ្រោះផងចុះ។
លោក ធន់ ធឿន ជាមេបញ្ជាការបានឲ្យដឹងទៀតថា ជំហានដំបូងយើងគ្រោងបាន១០ខ្នងផ្ទះ យើងនឹងទៅដំឡើងជូនអតីតយុទ្ធជនក្រីក្រតែម្ដង ហើយយើងនឹងបន្តធ្វើថែមទៀត រហូតអស់ឈើ។
ចំណែកការយកទៅតំឡើងផ្ទះវិញ គឺធ្វើជូនតែអតីតយុទ្ធជនក្រីក្រគ្មានជម្រកស្នាក់នៅពិតប្រាកដ គឺមិនបានគ្រប់គ្នានោះទេ។ ចំពោះការសង់ផ្ទះជូនអតីតយុទ្ធជននេះ មិនមែនជាគោលរបបរបស់រដ្ឋទេ គឺលោកជាអ្នកផ្តើមគំនិត ហើយបានស្នើសុំឈើ ឯកឧត្ដម គន់ គីម និងមានការជួយសម្រួលពីមេបញ្ជាការជួរមុខក្នុងខេត្តព្រះវិហារ ទើបបានដឹកឈើពីទីនោះមក សម្រាប់សង់ផ្ទះជូនអតីតយុទ្ធជន។
អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ពិតជាមោទនភាពណាស់ ដែលមានលោកមេបញ្ជាការល្អបែបនេះ និងបើនៅតាមបណ្តាខេត្តនានា មានលោមេបញ្ជាការធ្វើបានបែបនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធកម្ពុជា ពិតជាអបអរសារ និងពេញចិត្តពេញថ្លើមយ៉ាងពិតប្រាកដ៕
Source: Kampuchea Thmey Daily
0 Comments