ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹក ល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ ខ្លួនបានជាក់ស្ដែង ខណៈដែលបុរសម្នាក់នេះ ធ្វើសកម្មភាពលួចម៉ូតូគេ បានសម្រេច តែដោយរត់មិនរួច ទើបត្រូវប៉ូលិសចាប់បានវាយខ្នោះតែម្ដង។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦និង៤០នាទី នៅចំណុចស្ថានីយចាក់ប្រេងសាំងកាល់តិច ផ្លូវម៉ៅសេទុង ក្រុមទី០៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោយពីបានប្រព្រឹត្តនៅចំណុចមុខផ្ទះជួល លេខ២៨ ផ្លូវ លេខ២៣៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ងំ កាលីម ហៅ កាលីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឆ្លងកាត់ការធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះមានភាពវិជ្ជមាន។
ចំពោះវត្ថុតាងចាប់យករួមមាន ម៉ូតូមួយគ្រឿង ម៉ាក Suzuki Smash ស៊េរី2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2973 ដែល មានលេខតួ និងលេខ ម៉ាស៊ីន: 602688។
ជនរងគ្រោះ ឈ្មោះ អ៊ុក បូរិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ២៨ ផ្លូវលេខ៣២៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ អ៊ុក បូរិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ បានយកម៉ូតូម៉ាក Suzuki Smash ស៊េរី2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2973 របស់ខ្លួនមកចាក់ទុកនៅខាងមុខផ្ទះលេខ២៨ ផ្លូវលេខ២៣៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជនរងគ្រោះមិនបានដកកូនសោម៉ូតូចេញពី ក ម៉ូតូទេ ហើយជនរងគ្រោះ ក៏បានចូលទៅក្នុងផ្ទះ ក្រោយមក ប្រហែល១០នាទី ជនសង្ស័យ បានដើរមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានចេញពីបន្ទប់ទឹកវិញឃើញបាត់ម៉ូតូ ជនរងគ្រោះ រួមនឹងកូនប្រុស ឈ្មោះ សួន វ៉ាន់សុខ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បានជិះតាមរកមកដល់នៅចំណុចស្ថានីយចាក់ប្រេងសាំងកាល់តិច ផ្លូវម៉ៅសេទុង ក្រុមទី០៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃើញម៉ូតូរបស់ខ្លួនកំពុងតែជិះដោយជនសង្ស័យ ទើបជនរងគ្រោះស្រែកចោរៗ ហើយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងសាឡាង និងប៉ុស្តិ៍ទឹកល្អក់ទី៣ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរូបនេះបាន រួមនឹងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ )យកមកប្រគល់ឲ្យសមត្ថកិច្ច អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments