Ad Code

សំណុំរឿង​ ទំនាស់​ដីធ្លី ម្តាយ​ និង​កូនបង្កើត​ត្រកូល​ស៊ិន រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដូចជា​មិន​ចប់​សោះ



​ព្រះសីហនុ​ ៖​ រហូតមកដល់​ពេលនេះ ទំនាស់​ដណ្ដើម កេរ​មរតក ​រវាង​ លោក ស៊ិន វិសាល កូនប្រុស បង្កើត (​សព​) ​លោក ស៊ិន សុង ជាមួយនឹង​ម្តាយបង្កើត របស់​ខ្លួន គឺ​ លោក​ជំទាវ ឡុង សា​ខន​ លើ​ទីតាំង​ដីធ្លី​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​លេខ​០៥ សង្កាត់​លេខ​០៤​ ក្រុងព្រះសីហនុ (​ហៅ​តំបន់ ភ្នំ​៩៦) បាន​អូសបន្លាយ រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដូចជា​ ដោះស្រាយ មិន​ចេញ​សោះ ដោយ​ក្នុងនោះ​លោក ស៊ិន វិសាល បញ្ជាក់​ថា គាត់​មិន​ចង់បាន​អ្វី​ក្រៅពី​ដីធ្លី ដែល​បន្សល់​ទុក​ពី ខ្មោច លោក ស៊ិន​សុង ជា​ឪពុក​របស់​គាត់​នោះ​ទេ ប៉ុន្តែ​សម្រាប់ លោកស្រី ឡុង សាខន វិញ​កន្លងមក ក៏​ធ្លាប់ បាន​បញ្ជាក់​ផង​ដែរ​ថា ដីធ្លី ដែល លោក ស៊ីន​វិសាល ទាមទារ​នោះ​មួយ​ចំនួន ត្រូវបាន​ធ្វើការ​បែងចែក​ឲ្យ​ប្អូនៗ និង​មួយចំនួនទៀត បាន​លក់​ឲ្យ​អ្នក​ផ្សេង ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​អស់​ទៅ​ហើយ ដូចនេះ ដីធ្លី​ដែល​លោក ​ស៊ិន​ វិសាល ធ្វើការ​ប្តឹង​ទាមទារ​នោះ​មិន​គ្រប់​ចំនួន​តាម​ការ​ចង់បាន​នោះ​ឡើយ​។​

ផ្តើមចេញពី​មួល​ហេតុ​បែបនេះ ក៏បាន​កើត​ជា​ទំនាស់​ប្តឹង​ផ្តល់ បែកផ្សែង​ និង​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ យ៉ាង​ខ្លាំងក្លា​មិន​ចាញ់ ការ​ធ្វើ​សង្គ្រាម​នៅ​លើ​សមភូមិ​នោះ​ឡើយ។​

ក្រោយ​មក លោក ស៊ិន វិសាល បាន​ដាក់ពាក្យ​បណ្ដឹង​ម្តាយ​បង្កើត​របស់​ខ្លួន​ទាមទារ​យក​ដី​នោះ​វិញ ទាំងអស់ ដោយ​មិន​ខ្វល់​ថា ​ដី​ដែល​ជា​ទ្រព្យ​បន្សល់ទុក​ពី​ឪពុក​ខ្លួន នោះ ម្តាយ​ធ្វើការ​បែងចែក​ឲ្យ​ទៅ​អ្នកណា ឬ​លក់ ឲ្យ​អ្នកណា​នោះទេ គឺ​ត្រូវតែ​ប្តឹង​យក​វិញ​ទាំងអស់។​ ចំណែកឯ​ប្រព័ន្ធ​តុលាការ​កន្លង​មក​ក៏បាន​ព្យាយាម​ធ្វើ​កិច្ចការ​នេះ​ច្រើន​ផងដែរ​ ក្នុង​គោលបំណង​បញ្ចប់​បញ្ហា ទំនាស់ ហើយ លទ្ធ​ផល​ចុង​ក្រោយ​បាន​ត្រឹម​ចេញ​ដីកា​រក្សា​ការពារ លើ​ទីតាំង​ដី​ទំនាស់ តាម​ការ​ស្នើ​សុំ​របស់​ភាគី​ លោក ស៊ិន វិសាល តែប៉ុណ្ណោះ ដើម្បី​បន្ត​នីតិ​វិធី។​

ក្នុងពេល​ចុះ​អនុវត្ត​ ដីកា​រក្សា​ការពារ របស់​សាលា​ឧទ្ធរណ៍​ដែល មាន​ម្ចាស់បំណុល លោក ស៊ិន វិសាល និង កូនបំណុល លោក ស្រី ឡុង សា​ខន (​ម្តាយ បង្កើត ) លេខ ១២/​ចុះ ថ្ងៃទី​០៦-​ខែ​មិនា ឆ្នាំ -២០១៨ ដឹកនាំ​ដោយ លោក គួ​ន ចន្ថា ចៅក្រម​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ នា​ព្រឹក ថ្ងៃ​២២​ ខែ មករា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មី​នេះ ក៏​ស្រាប់តែ​មានការ​ផ្ទុះឡើង​នៅ​ករណី​ថ្មី​មួយទៀត បានកើត​ឡើង ខណៈ​ពេល លោក ស៊ិន វិសាល បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ ទៅធ្វើ​ការ ឈូស ឆាយ​របង​ថ្ម និង​ផ្ទះ កម្មករ​យាម​ដី របស់ លោក លី ទៀ​ស្រេង ដែលជា​ភាគី មិនមាន​ការ​ពាក់ព័ន្ធ​អ្វី​សោះ​នោះ បណ្តាល​ឲ្យ​ខូចខាត យ៉ាង​ដំណំ ជាហេតុ​ធ្វើ​ឲ្យ លោក លី​ទៀ ស្រេង ខឹង​យ៉ាង​ខ្លាំង​ក៏បាន​ស្ទុះ​ទៅ​ឃាត់ និង​បាន​យក​ដប​សាំង ដេញ​គប់​គ្រឿងចក្រ និង​ភាគី​ លោក ស៊ិន វិសាល ក្នុង​គោលបំណង ការពារ ទ្រព្យសម្បត្តិ​របស់​ខ្លួន។

ព្រឹត្តិការ​បែបនេះ ត្រូវបាន លោក ស៊ិន វិសាល ធ្វើការ​ចោទប្រកាន់ លោក លី​ទៀ ស្រេង ថា ​មាន​ចេតនា ប៉ុនប៉ង​ដុត សម្លាប់​ខ្លួន ទាំង​រស់ និង​បាន​ដាក់​ពាក្យបណ្ដឹង លោក ​លី ទៀ​ស្រេង ផង​ដែរ។​
​ ​
ដោយឡែក​ សម្រាប់ ​លោក លី ទៀ ស្រេង បាន អះអាង​ថា ដីកា​រក្សា​ការពារ ខាងលើនេះ មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​លោក​ទេ ចុះ​ហេតុ​អី យក​គ្រឿងចក្រ មក​ឈូស​បំផ្លាញ ផ្ទះ​ និង​ដី​ជា​កម្មសិទ្ធិ ស្រប​ច្បាប់​របស់​លោក​ទៅវិញ​។

ជាមួយគ្នានេះ លោក លី ទៀស្រេង ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដី​នេះ លោក​បាន​ទិញ​ពី​លោកស្រី ជំទាវ ឡុង​ សា​ខន ហើយ​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ មក​ឈ្មោះ​របស់​លោក​ស្របច្បាប់​អស់​ហើយ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង លោក ស៊ិន ​វិសាល នោះឡើយ​។​ ​​បញ្ហា​នេះ លោក​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​លោក ស៊ិន វិសាល វិញ​ផងដែរ លើ​បទល្មើស​ចំនួន​២ គឺ​ទី​០១-បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រប​ស់​គាត់ ខណៈ​ពេល​ទីតាំង​ដី​របស់គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ និង បទល្មើស​ទី​០២-អំពី ​បទ មនុស្សឃាត​ដោយ​ចេតនា​មក​លើ​រូបគាត់ និង​ក្រុម​កម្មករ​របស់​គាត់។​

ដោយឡែក លោក គួ​ន ចន្ថា ចៅក្រម​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​របស់​សាលា​ឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ បានធ្វើការ​បដិសេធ​​ថា សម្រាប់​រូបលោក ពុំបាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​មក​វាយកម្ទេច​លំនៅដ្ឋាន​របស់ លោក ​លី​ ទា​ស្រេង ​នេះ​ទេ​ គឺ​លោក​ត្រឹមតែ​អាន​ដីកា​រក្សា​ការពារ​របស់​សាលា​ឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ តែ​ប៉ុណ្ណោះ ឯ រឿង​អ្វី​ផ្សេង​ លោក​ពុំ​ទទួលខុសត្រូវ​ឡើយ ឯ រឿងរ៉ាវ​ផ្សេងៗ ​ដែល​ភាគី​ទាំងពីរ​កើត​ទុក្ខ មិន​សុខចិត្ត​អ្វី​ អាច​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​បាន​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu