ព្រះសីហនុ ៖ សាកសពកម្មករទូកនេសាទសមុទ្រម្នាក់ ត្រូវគេប្រទះឃើញស្លាប់អណ្តែតលើផ្ទៃទឹកនៅព្រឹកថ្ងៃទី២២មករានេះ បន្ទាប់ពីជនរងគ្រោះនេះបានធ្លាក់ពីលើទូក ខណៈពេលកំពុងនេសាទនៅចំណុចកោះពីរ(ជិតកោះតាង) កាលពីម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២១ មករា ឆ្នាំ២០១៩។
សមត្ថកិច្ចដែលបានចូលរួមពិនិត្យសព បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាំ ធៀត( ហៅឡុង)ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករទូក រស់នៅភូមិ សំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ពាក់ព័ន្ធនិងករណីធ្លាក់ទឹកលង់ស្លាប់នេះ បើយោងតាមការសាកសួរព័ត៌មានពីក្រុមគ្រួសារសពនិងកម្មករទូកនេសាទជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះនេះ គាត់ធ្លាប់មានជំងឺឆ្កួតជ្រូក ហើយនៅថ្ងៃកើតហេតុ ខណៈពេលកំពុងតែនេសាទ ស្រាប់តែជនរងគ្រោះ ប្រកាច់ធ្លាក់ទឹកលិចបាត់តែម្តង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ឆ្លងតាមការពិនិត្យនិងការធ្វើកោសល្យវិច័យលើខ្លួនសព សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹកពិតប្រាកដមែន ព្រោះសពប៉ោងពោះធំ ដែលបញ្ជាក់ថា មុនស្លាប់ជនរងគ្រោះបានផឹកទឹកច្រើន។ ដោយឡែកនៅលើដងខ្លួនសាកសពមិនមានស្លាកស្នាមណាមួយដែលសង្ស័យថា អាចមានការពាក់ព័ន្ធនិងការធ្វើទារុណកម្មបណ្តាលឲ្យមានស្នាមរបួសនោះទេ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទូកនេសាទ មានឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្រុម៨ភូមិ៣ សង្កាត់លេខ៣ ក្រុង/ ខេត្តព្រះសីហនុ។ សពក្រោយពេលក្រុមសមត្ថកិច្ចជំនាញពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
Source: Kampuchea Thmey Daily
0 Comments