ភ្នំពេញ ៖ លោកជាពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កងកម្លាំងនគរបាល នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន នាពេលកន្លងមកក្នុងបុព្វហេតុជាតិមាតុភូមិ រក្សាសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់របៀបរៀបរយ និងផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានស្នាដៃការងារ និងសមិទ្ធផលជាច្រើននាពេលកន្លងមកនេះ។
លោកអភិបាលខណ្ឌឫស្សីកែវបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ផែនអន្តោប្រវេសន៍ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២៩រូបកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០១៩ នៅសាលាខណ្ឌឫស្សីកែវ ដែលមានមន្ត្រីនិងកងកម្លាំងពាក់ព័ន្ធចូលរួមជាច្រើនរូប។
លោក អភិបាលបន្តថា ថ្ងៃនេះខ្ញុំសូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗជាច្រើនដែលកម្លាំងអធិការនគរបាលខណ្ឌសម្រេចបានរហូតមកដល់ពេលនេះ ហើយខ្ញុំក៏សូមយកឱកាសនេះសំដែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ កងកម្លាំង នៃអធិការខណ្ឌ បន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទទួលបាននូវសមិទ្ធផលថ្មីៗ ជូនមាតុភូមិរបស់យើង។
លោកជាពិសី បានថ្លែងទៀតថា ជាការពិតសមិទ្ធផលទាំងនេះ ប្រាកដជាមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បាននាំមកនូវឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈកាលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា ហើយដែលសន្តិភាព និងស្ថិរភាពនយោបាយនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
លោកអភិបាលខណ្ឌឫស្សីកែវសង្កត់ធ្ងន់ទៀតថា ទន្ទឹមនឹងសមិទ្ធផលនានាដែលសម្រេចបានជាច្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវទាមទារឲ្យអធិការខណ្ឌ ត្រូវអនុវត្តមានដូចខាងក្រោមៈ ១ ការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវតូចធំក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។ ២ការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារឆែកអាវុធជាតិផ្ទុះ គ្រឿងស្រវឹង និងសារធាតុញៀន។ ៣ តាមដានសភាពការណ៍របស់សកម្មជនក្រៅច្បាប់ (អតីតគណបក្សសង្គ្រោះជាតិ) នៅក្នុងមូលដ្ឋានខណ្ឌ។ ៤ ការងារចុះកិច្ចសន្យាជាមួយម្ចាស់ក្លឹបកំសាន្ត និងទីតាំងអាជីវកម្មក្នុងវិស័យ ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដើម្បីលុបបំបាត់ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀន។ ៥ ការគ្រប់គ្រងជនបរទេសជាដើម។
លោក ជា ពិសី នាឱកាសនោះក៏បានជំរុញឲ្យកងកម្លាំងនគរបាល បន្តទិសដៅអនុវត្តក្នុងរយៈពេល ០៣ខែ ខាងមុខ ១- ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ និងមានវិធានការចំពោះជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌ ពិសេសជនអន្តោប្រវេសន៍ដែលរស់នៅតាមច្រាំងទន្លេ និងលើផ្ទៃទឹកទន្លេ ។
២ ត្រូវយកចិត្តទុកដាក់ទីតាំងបៀហ្គាឌិន និងទីតាំងក្លឹបកំសាន្ត អាចបង្កសម្លេងរំខានដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់នោះឲ្យគោរពតាមបទដ្ឋានបច្ចេកទេស ជៀសវាងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញនោះ។
៣ ត្រូវមានវិធានការចំពោះរថយន្តធុនធំដឹកទំនិញនៅឃ្លាំងក្នុងមូលដ្ឋានខណ្ឌ ព្រោះរថយន្តទាំងនេះបានបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍ ធ្វើឲ្យខូចផ្លូវជាដើម។ ៤ ត្រូវយកចិត្តទុកដាក់ពិនិត្យណែនាំការសាងសង់ រោងការ រោងបុណ្យនានា និងរោងពិធីផ្សេងៗនៅលើផ្លូវសាធារណៈក្នុងមូលដ្ឋានដោយអនុញ្ញាតឲ្យរៀបចំសាងសង់នៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវមួយចំហៀង។ មិនអនុញ្ញាតឲ្យរៀបចំសាងសង់រោងបិទផ្លូវសាធារណៈឡើយ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ និងការរិះគន់ពីមហាជន។
ជាមួយគ្នានោះ លោកអភិបាលក៏បានដាស់តឿនមន្ត្រីនគរបាលខណ្ឌបន្តទិសដៅអនុវត្តក្នុងរយៈវែងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments