ការប្រកួតជ្រើសរើសជើងឯកកុមារតូយ៉ូតាកម្ពុជា (Toyota Junior Cup) សម្រាប់ឆ្នាំ២០១៨ បានរកឃើញក្រុមឈានដល់ការប្រកួតវគ្គ១២ក្រុមចុងក្រោយហើយ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះក្រុមទាំង២៤ក្រុម ចំនួន ២ថ្ងៃកាលពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ ២០១៩ ថ្មីៗនេះនៅទីលានសាលា AUPP ក្នុងរាជធានីភ្នំពេញ ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិចុងសប្ដាហ៍នេះ។
គណៈកម្មការប្រកួតបានស្វែងរកឃើញក្រុមដែលមានឈ្មោះឡើងទៅជុំបន្តទាំង១២ក្រុមមានដូចជាសាលាឫស្សីកែវ, សាលា AIS, សាលា Westline, ទួលស្វាយព្រៃ, សាលាចតុមុខ និង សាលា Janesana,ព្រែកព្នៅ, សាលា មជ្ឈមណ្ឌល AI, សាលាព្រះនរោត្តម, សាលាទួលស្លែង សាលាសំពៅមាស និងសាលា Northline។ ក្រុមទាំងអស់ត្រូវធ្វើការប្រកួតដណ្តើមជើងឯកនៅថ្ងៃទី២៧ ខែមករា នៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។
សូមរំលឹកថា ពានរង្វាន់បាល់ទាត់កម្រិតកុមារខាងលើនេះ គឺកើតចេញពីការសហការរវាងក្រុមហ៊ុន Toyota Cambodia ជាមួយស្ថាប័នកីឡា GFA Soriya ដៃគូឧបត្ថម្ភនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី៣នៅកម្ពុជា។ ចំពោះក្រុមយុវជនមកពីសាលារៀនសុវណ្ណភូមិ ជាម្ចាស់ជើងឯកពានរង្វាន់Toyota Cambodia Junior Cup កាលពីឆ្នាំ២០១៧ កន្លងទៅ។
យោងតាមតំណាងរបស់ GFA Soriya បានបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតពានរង្វាន់ជើងឯកកុមារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយបង្កើនប្រសិទ្ធភាពនៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការបណ្តុះបណ្តាលកុមារ និងថ្នាលយុវជនដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពូកគាត់សម្រេចគោលបំណងដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត៕
Source: Kampuchea Thmey Daily
0 Comments