កំពង់ចាម ៖ ក្រុមហ៊ុនកៅស៊ូបឹងកេត ដែលមានទីតាំងនៅភូមិ បឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រារព្ធពិធីវេចខ្ចប់ចេកអំបូងលឿង ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្យារអន្តរជាតិ ជាលើកដំបូង របស់ខ្លួន កាលពីទី២០ ខែមករា ឆ្នាំ២០១៩ ក្រោមការអញ្ជើញចូលរួមពី ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមនិង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរបាយការណ៍របស់លោកនាយកក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានចុះទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ ដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង ៥០០ហិតតា ក្នុងនោះផ្ទៃដី ១០០ហត កំពុងធ្វើការប្រមូលផលនិងវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន ហើយអនាគតគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១,៥០០ហិត តា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន។
មានមតិស្វាគមន៍ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករក្រុមហ៊ុនជាង ១ ០០០នាក់ ក្នុងនាមលោក ហ៊ុន ណេង និងក្នុងនាមខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ វាយតម្លៃខ្ពស់ និងអបអរសាទរចំពោះក្រុមហ៊ុនក្នុងស្រុកដែលបានជឿជាក់ ទុកចិត្ត លើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ជាពិសេសគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាប់យកភាគីចិនធ្វើជាដៃគូវិនិយោគដំណាំចេកដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ទីផ្សារចិនទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
លោក បានបន្តថា សមិទ្ធផលនាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តគំនិតស្មារតីទទួលខុសត្រូវរបស់ក្រុមហ៊ុនផ្ទាល់ ដោយទទួលបានកិច្ចសហការយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងស្តីពីការជំរុញផលិតកម្មក្នុងស្រុក បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយៈការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មពី A ដល់ Z ។
នាឱកាសនេះ លោក រដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេស ជាពិសេស ការងារភូតគាមអនាម័យ ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលចេកឆ្លើយតបតាមស្តង់ដារទីផ្សារ៕
Source: Kampuchea Thmey Daily
0 Comments